ពលរដ្ឋដែលរកឃើញថាមានមេរោគអេដស៍ នៅឃុំរកា ខេត្តបាត់ដំបង កើនឡើងដល់ចំនួន ១៩០នាក់ហើយ គិតត្រឹមថ្ងៃទី២៦ ធ្នូ។ បញ្ហានេះ បានជំរុញឲ្យប្រធាន និងអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការទី៨នៃរដ្ឋសភា និងអ្នកតំណាងរាស្ត្រខេត្តបាត់ដំបង ជាច្រើននាក់ផ្សេងទៀត បានដឹកនាំក្រុមគ្រូពេទ្យជំនាញផ្នែកជំងឺអេដស៍ និងចិត្តសាស្ត្រ ចុះអប់រំផ្លូវចិត្តដល់អ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ធ្នូ។ ការចុះអប់រំនេះ ដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកជំងឺ កុំឲ្យពួកគាត់គិតរវើរវាយចំពោះអ្វីដែលជួបប្រទះនោះ។
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ឈាង វុន និងអ្នកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាសមាជិកសភាតំណាងរាស្ត្រខេត្តសៀមរាប គណបក្សសង្គ្រោះជាតិ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានដឹកនាំគ្រូពេទ្យជំនាញទាំងនោះចុះទៅអប់រំប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយបែងចែកប្រជាពលរដ្ឋជាក្រុមតូចៗប្រមាណពី ៨ ទៅ ៣០នាក់ក្នុងមួយក្រុម។
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ទទួលបន្ទុកសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី២៧ ធ្នូ ថា ការទៅអប់រំនេះរួមមានការណែនាំពន្យល់ពីការថែរក្សាសុខភាព និងកុំឲ្យពួកគាត់ភ័យតក់ស្លុតនឹងជំងឺដែលកើតឡើងក្នុងក្រុមគ្រួសារ។ អ្នកស្រីបន្តថា ហេតុដែលដឹកនាំមន្ត្រីជំនាញចុះទៅអប់រំប្រជាពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍ នៅឃុំរកា នេះ ក្នុងគោលបំណងដើម្បីកុំឲ្យពួកគាត់ព្រួយបារម្ភពីការរស់នៅប្រចាំថ្ងៃ និងកុំឲ្យអ្នកដទៃរើសអើងអ្នកកើតជំងឺអេដស៍ ជាដើម៖ «អ៊ីចឹងទេវិធានការដំបូង យើងធ្វើការលើកទឹកចិត្តទៅលើផ្នែកស្មារតីចិត្តសាស្ត្រ ពន្យល់ណែនាំដល់ពួកគាត់ ពីព្រោះពួកគាត់បាក់ទឹកចិត្តក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចនេះបានជាយើងនាំយករបស់របរមួយចំនួន ទៅចែកជូនដល់ពួកគាត់នោះ»។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋម្នាក់រស់នៅភូមិរកា ដែលសមាជិកក្រុមគ្រួសារមានមេរោគអេដស៍ចំនួន ៥នាក់ ដែលបានចូលរួមស្ដាប់ការពន្យល់ពីមន្ត្រីជំនាញដែរនោះ ថ្លែងថា ការអប់រំនេះជាវិធីមួយធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេមានក្ដីសង្ឃឹមឡើងវិញ បន្ទាប់ពីទៅពិនិត្យឈាមឃើញមានមេរោគអេដស៍ ហើយរវើរវាយធ្វើអ្វីមិនកើតអស់ជាច្រើនថ្ងៃមកនោះ។ ទោះយ៉ាងនេះក្ដី លោកថា មន្ត្រីពាក់ព័ន្ធគួរចុះអប់រំផ្ដល់កម្លាំងចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ឲ្យបានច្រើនបន្ថែមទៀត ដើម្បីកុំឲ្យពួកគេរស់នៅដោយឯកោគ្មានទីពឹងនោះ៖ «បាទ! បានពួកគាត់មកសួរសុខទុក្ខណែនាំពន្យល់ដល់ប្រជាពលរដ្ឋអ៊ីចឹង ពួកយើងខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់ ធ្វើឲ្យពួកគាត់យើងខ្ញុំមិនភ័យព្រួយពីការកើតជំងឺនេះខ្លាំង ដូចពេលមុននោះទេ»។
ទោះយ៉ាងនេះក្ដី អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធនឹងបន្តសកម្មភាពបែបនេះ ចុះអប់រំដល់ប្រជាពលរដ្ឋនៅឃុំរកា នៅពេលក្រោយទៀត។ អ្នកស្រីបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា មានចំនួន ៣ភូមិ រួមមាន ភូមិរកា ភូមិកំពេញស្ងែ និងភូមិតាហែន ស្រុកសង្កែ ខេត្តបាត់ដំបង ហើយនៅក្នុងនោះ ភូមិរកា កើតច្រើនជាងគេ។ អ្នកស្រីឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៦ ធ្នូ អ្នកដែលមានមេរោគអេដស៍នៅឃុំរកា កើនឡើងដល់ចំនួន ១៩០នាក់ហើយ៖ «លទ្ធផលជាបឋមមានចំនួន ១៨៩នាក់ ក្នុងនោះនៅមានកូនស្រីអាយុ ២៩ឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ទៀតដែលគាត់ជោះឈាមមុនគេ ហើយមិនទាន់បានបញ្ចូលក្នុងបញ្ជីទេ។ ដូច្នោះរួមទាំងអស់ គឺ ១៩០នាក់»។
យ៉ាងណាក៏ដោយ ចំនួននេះអាចនឹងកើនឡើងទៀត ដោយសារប្រជាពលរដ្ឋនៅតែបន្តទៅធ្វើតេស្ដឈាមរកមេរោគអេដស៍ជាបន្តបន្ទាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
