យុវវ័យ​បម្រើការ​នៅ​កន្លែង​កម្សាន្ត​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍

ទោះ​បី​ប្រទេស​កម្ពុជា បាន​កាត់​បន្ថយ​អត្រា​​ឆ្លង​មេរោគ​អេដស៍ (HIV) ពី​ចំនួន​ខ្ពស់​ប្រហែល ២​ភាគរយ នៅ​ឆ្នាំ​១៩៩៨ មក​ត្រឹម​ប្រហែល ០.៨​ភាគរយ នៅ​ឆ្នាំ​២០១១ ក៏​ដោយ ក៏​បច្ចុប្បន្ន​បញ្ហា​ឆ្លង​មេរោគ​ដ៏​សាហាវ​មួយ​នេះ​នៅ​តែ​ប្រឈម​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ។

0:00 / 0:00

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ប្រឈម​នេះ​ស្ថិត​ក្នុង​ចំណោម​អ្នក​បម្រើ​ការងារ​កម្សាន្ត ឬ​នារី​បម្រើ​ស្រាបៀ អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ​ផ្ទាល់ ក្រុម​បុរស​ស្រឡាញ់​បុរស។

របាយការណ៍​​ស្រាវជ្រាវ​មាន​ចំណង​ជើង​ថា «ការ​ពិនិត្យ​អំពី​បទពិសោធន៍​ជីវិត និង​ការ​ប្រឈម​មេរោគ​អេដស៍​របស់​ក្រុម​យុវវ័យ​បម្រើ​ការងារ​នៅ​កន្លែង​សេវា​កម្សាន្ត» ដែល​ក្រុម​មន្ត្រី​សុខាភិបាល​ពិភាក្សា​គ្នា​ក្នុង​សិក្ខាសាលា​នៅ​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន​បង្ហាញ​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មី​កំពុង​ឆ្លង​ចំពោះ​ក្រុម​មនុស្ស​វ័យ​ក្មេង។

ការ​ស្រាវជ្រាវ​ដែល​រៀប​ចំឡើង​ដោយ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ ៣៦០ ហៅ​កាត់​ភាសា​អង់គ្លេស​ថា អិន.ជី.អូ អេហ្វ.អេច្ឆ.អាយ (NGO FHI) សហការ​ជាមួយ​អង្គការ​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ ឬ​ហៅ​ថា យូនីសេហ្វ (UNICEF) បាន​សម្រេច​ជ្រើសរើស​យក​ក្រុង ៤ ដើម្បី​សិក្សា គឺ​ទីក្រុង​ភ្នំពេញ សៀមរាប ព្រះសីហនុ និង​ប៉ោយប៉ែត។ ការ​ជ្រើស​យក​ក្រុង​ទាំង ៤ នេះ ដោយ​ហេតុ​ថា ក្រុង​ទាំង​នោះ​មាន​ចំនួន​អ្នក​បម្រើ​ការ​ក្នុង​កន្លែង​សេវា​កម្សាន្ត​ច្រើន​ជាង​គេ។

មនុស្ស ៨២​នាក់ ត្រូវ​បាន​ក្រុម​ការងារ​សាកសួរ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ ក្នុង​នោះ​មាន​ស្ត្រី ៤៥​នាក់ បុរស ២៤​នាក់ និង​អ្នក​ភេទ​ទី​បី ១៣​នាក់។ ក៏​ប៉ុន្តែ​មាន​តែ​មនុស្ស​ចំនួន ៧៧​នាក់​ទេ​ដែល​ត្រូវ​បាន​សម្ភាស​ស៊ី​ជម្រៅ។ ជា​លទ្ធផល​ក្រុម​មនុស្ស​វ័យ​ក្មេង​គេ​មិន​សូវ​យល់​ដឹង​អំពី​ការ​អប់រំ​បង្ការ​មេរោគ​អេដស៍ ខណៈ​ក្រុម​បុរស​បម្រើ​ការងារ​ក្នុង​កន្លែង​សេវា​កម្សាន្ត​មាន​កម្រិត​យល់​ដឹង​គ្រោះថ្នាក់ អេច្ឆ.អាយ.វី ខ្ពស់។

ចំពោះ​ការ​ចម្លង​ថ្មី​លើ​ក្រុម​មនុស្ស​វ័យ​ក្មេង មិន​ត្រឹម​តែ​ឆ្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​ឆ្លង​ទូទាំង​ពិភព​លោក​តែ​ម្ដង ដែល​របាយការណ៍​នេះ បង្ហាញ​អត្រា​ឆ្លង​មាន​ប្រហែល ៤០​ភាគរយ​លើ​សកលលោក។ ចំពោះ​ក្រុម​មនុស្ស​វ័យ​ក្មេង​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​កំណត់​អាយុ​ចាប់​ពី ១៥​ឆ្នាំ ដល់ ២៤​ឆ្នាំ។

ចំពោះ​អត្រា​ឆ្លង​ថ្មី​ចំពោះ​ក្រុម​មនុស្ស​វ័យ​ក្មេង​នេះ អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ទា ផល្លា មាន​ប្រសាសន៍​ថា បើ​ចែក​ជា​ភាគរយ​នៃ​តួលេខ​នេះ ប្រទេស​កម្ពុជា​មាន​អត្រា​ឆ្លង​ថ្មី​លើ​មនុស្ស​ទូទៅ​ប្រហែល ១.២០០​នាក់ និង​ក្រុម​មនុស្ស​វ័យ​ក្មេង​មាន​អត្រា​ឆ្លង​ប្រហែល ៤០០ ទៅ ៥០០​នាក់ ក្នុង​មួយ​ឆ្នាំៗ គិត​ពី​ឆ្នាំ​២០១២-​២០១៣៖ «យើង​អាច​ថា ក្នុង​​បច្ចុប្បន្ន​គឺ​កម្រិត​ឆ្លង​ថ្មី គឺ ១.២០០​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​ស្លាប់​ប្រហែល​ជិត ២​ពាន់​ក្នុង​មួយ​ឆ្នាំ គឺ​បើ​គិត​ជា​នាក់ ក្នុង​ឆ្នាំ​ឆ្លង​ថ្មី ៣​នាក់ ហើយ​ស្លាប់ ៣​នាក់​ក្នុង​មួយ​ថ្ងៃ»

ទោះ​យ៉ាង​ណា លោក​ថា​ចំនួន​អត្រា​ឆ្លង​នេះ បាន​ថយ​ចុះ​ច្រើន​ប្រៀបធៀប​ឆ្នាំ​មុនៗ។

កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​១៩៩៦ ដល់ ១៩៩៨ គឺ​មាន​ចំនួន ១,៧​ភាគរយ​នៃ​ក្រុម​មនុស្ស​អាយុ​ពី ១៥ ដល់ ៤៩​ឆ្នាំ។

របាយការណ៍​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បង្ហាញ​ថា មនុស្ស​ជិត ៨​ម៉ឺន​នាក់​ឆ្លង​មេរោគ​អេដស៍ ក្នុង​នោះ​មាន​កុមារ​ប្រហែល ៥.៣០០​នាក់។ មេរោគ​អេដស៍​បាន​សម្លាប់​មនុស្ស​ប្រហែល ២.៣០០​នាក់​នៅ​ឆ្នាំ​២០១២។

លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព ប្រធាន​អង្គការ​ខាណា (Khana) មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ភាគ​ច្រើន​រស់​នៅ​វេទនា​គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់​ធ្វើ​ដើម​ទុន​បង្កើត​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ និង​អន្តរជាតិ​ផ្ដាច់​ប្រាក់​ជំនួយ​ផ្នែក អេច្ឆ.អាយ.វី អេដស៍ បន្ទាប់​ពី​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា​លែង​ប្រឈម​នឹង​មេរោគ​អេដស៍​ជំងឺ​អេដស៍​រួច​មក។

លោក​ថា សព្វថ្ងៃ​មាន​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​ប្រហែល ៤​ម៉ឺន​នាក់ ក្នុង​នោះ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ផង។ លោក​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​សព្វថ្ងៃ​កំពុង​ប្រឹង​ជួយ​ខ្លួន​ឯង ដោយ​នាំ​គ្នា​បង្កើត​សមាគម​សន្សំ​ប្រាក់​យក​ដើម​ទុន​រកស៊ី។

ក្រៅ​ពី​នេះ​លោក អ៊ុំ សុភាព ​បញ្ជាក់​ថា កន្លែង​បម្រើ​សេវា​កម្សាន្ត​តាម​ហាង​នានា ​អាច​ជួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​បាន​បង្គួរ ដោយ​លោក​ថា តាម​រយៈ​ការងារ​បម្រើ​សេវា​កម្សាន្ត​នេះ អ្នក​ផ្ទុក​ចំណាយ​តែ​កម្លាំង មិន​ចាំ​បាច់​ឲ្យ​ពួកគាត់​ចំណាយ​ដើម​ទុន​អាច​​រក​ប្រាក់​ចិញ្ចឹម​ជីវិត​បាន​ដែរ។

ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​សម្បូរ​ទៅ​ដោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា និង​ស្រាបៀ​ច្រើន​ប្រភេទ និង​សម្បូរ​​ហាង​ស្រា ​រង្គសាល​កម្សាន្ត​ ដែល​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​ក្រុម​បុរស​នាំ​គ្នា​ទៅ​លេង​កម្សាន្ត ឬ​រក​ដៃគូ​រួម​ភេទ អាច​ប្រឈម​ឆ្លង​មេរោគ​អេដស៍​ខ្លាំង។

លោក ទា ផល្លា រំលឹក​ថា បុរស​ដែល​ចូល​ចិត្ត​ដើរ​លេង​មាន​ដៃគូ​ស្នេហា​ច្រើន​នៅ​ខាង​ក្រៅ គួរ​បែរ​មក​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​ប្រពន្ធ​កូន​ក្នុង​ផ្ទះ​វិញ ដើម្បី​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​ផង និង​ដើម្បី​សង្គម​ថ្លៃ​ថ្នូរ​ផង៖ «យើង​និយាយ​តែ​ពី​រឿង​ដើរ​លេង​ខាង​ក្រៅ ក៏​ប៉ុន្តែ​យើង​អត់​បាន​ជួយ​ជំរុញ​ថា ធ្វើ​ម៉េច​ឲ្យ​ស្រឡាញ់​កូន​ស្រឡាញ់​គ្រួសារ។ យើង​ឮ​តែ​ពាក្យ​ថា​ ថើប​អូន​មក ប៉ុន្តែ​អត់​ដែល​ឮ​ថា​ថើប​កូន​មក...»

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​​ដើម្បី​​ធ្វើ​ជា​ឯកសារ​សម្រាប់​អ្នក​ធ្វើ​គោលនយោបាយ និង​​ជា​ព័ត៌មាន​សម្រាប់​អង្គការ​នានា​ដែល​ធ្វើការ​ពាក់ព័ន្ធ អេច្ឆ.អាយ.វី អេដស៍ ដើម្បី​រួមគ្នា​ចាត់​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ទៅ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។