គ្រូពេទ្យ​ជប៉ុន​អប់រំ​អំពី​​​សុខភាព​និង​ចំណី​អាហារ

0:00 / 0:00

ក្រុម​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ស្លាប់​ដោយ​ជំងឺ​ដែល​មិន​បង្ក​ដោយ​មេរោគ រួម​មាន​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​មហារីក ជាដើម។ ដើម្បី​ការពារ​ជំងឺ​ទាំង​នោះ វេជ្ជបណ្ឌិត​ជប៉ុន ណែនាំ​ពី​ការ​ថែទាំ​សុខភាព និង​ការ​ទទួល​ទាន​អាហារ​ឲ្យ​ត្រូវ​តាម​បច្ចេកទេស​ ដោយ​ជ្រើសរើស​អាហារ​គ្មាន​សារធាតុគីមី។

គ្រូពេទ្យ​មន្ទីរ​ព្យាបាល គីតាហារ៉ា ជប៉ុន (Kitahara Japan Clinic) អប់រំ​ពី​សុខភាព​និង​ចំណី​អាហារ នៅ​ថ្ងៃ​២៨ ខែ​កុម្ភៈ ថា មនុស្ស​​គ្រប់​រូប​គួរ​ស្វែង​យល់​នូវ​អ្វី​ដែល​គួរ និង​មិន​គួរ​បរិភោគ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ។

គិលានុបដ្ឋាយិកា​ជប៉ុន នៃ​មន្ទីរពេទ្យ គីតាហារ៉ា កញ្ញា អាគីម៉ីនីស៊ូតា ថ្លែង​ថា ជំងឺ​អាច​កើត​ឡើង​ចេញ​ពី​របៀប​រស់​នៅ​ដែល​ពាក់ព័ន្ធ​ខ្លាំង​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ មាន​ដូចជា ទម្លាប់​ទទួល​ទាន​អាហារ​​មិន​សមស្រប​ផង ការ​ជក់​បារី​ផង មិន​ធ្វើ​លំ​ហាត់ប្រាណ​ផង និង​សភាព​តានតឹង​ក្នុង​ខ្លួន​ផង។

កញ្ញា​បន្ត​ថា ការ​លើស​សម្ពាធ​ឈាម លើស​សារធាតុ​ខ្លាញ់​ធាត់ និង​ទឹក​នោម​ផ្អែម ជំងឺ ៤​ប្រភេទ​នេះ​ ​បើ​មនុស្ស​ណា​ម្នាក់​មាន​ជំងឺ​លើស​ពី​២ ក្នុង​ចំណោម​ជំងឺ ៤​មុខ​នេះ អាច​បង្ខំ​អ្នក​ជំងឺ​ឆាប់​ស្លាប់។

​ដើម្បី​បន្ថយ​បញ្ហា​កើត​ឡើង​នោះ មនុស្ស​ម្នាក់ៗ​ត្រូវ​ទទួល​ទាន​ដុំ​បាយ​ដែល​អាច​ក្ដាប់​ពេញ ១​ដៃ ក្នុង​១​ពេល។ បើ​ទទួល​ទាន​សរសៃ​មី​ត្រូវ​ទទួល​ទាន​តែ​មួយ​ដុំ បើ​ទទួល​ទាន​បន្លែ​ស្រស់​ក្តី និង​ឆ្អិន​ក្តី ត្រូវ​ឲ្យ​បាន ៣៥០​ក្រាម​ក្នុង​១​ថ្ងៃ និង​ត្រូវ​ពិសា​ទឹក ២​លីត្រ​ក្នុង​១​ថ្ងៃ៖ «សូម​ឲ្យ​លោក​អ្នក​ទាំង​អស់​គ្នា​បរិភោគ​អាហារ​មធ្យម កុំ​ឲ្យ​បរិភោគ​ឆ្អែត​ខ្លាំង​ពេក។ បរិភោគ​បន្លែ​ឲ្យ​បាន​ច្រើន សារ៉ាយ សណ្ដែក ហើយ​និង​របស់​របរ​ដែល​ធ្វើ​ពី​សណ្ដែក។ បើសិនជា​ចង់​ពិសា​សាច់ គួរ​ជ្រើសរើស​សាច់​ត្រី កាត់​បន្ថយ​ការ​ប្រើប្រាស់​អំបិល ស្ករ ហើយ​និង​ខ្លាញ់»

​បន្ថែម​លើ​នោះ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរពេទ្យ គីតាហារ៉ា ជប៉ុន វេជ្ជបណ្ឌិត ហេង ថាយលី ថ្លែង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បច្ចុប្បន្ន​ស្លាប់​ភាគ​ច្រើន ដោយសារ​តែ​ជំងឺ​ដែល​មិន​បង្ក​ដោយ​មេរោគ។

លោក​ពន្យល់​ថា ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​មហារីក​ជា​ដើម មិន​មាន​មេរោគ​បង្ក​ទេ តែ​វា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នៅ​វ័យ​ក្មេង៖ «អ្នក​កើត​ជំងឺ​បេះ​ដូច​មាន​មូលហេតុ​អី​ខ្លះ? មូលហេតុ​មួយ​​​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត គឺ​ការ​បរិភោគ​អាហារ​ដែល​ប្រកប​ទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើន ហើយ​ខ្លាញ់​ហ្នឹង​នៅ​ឯ​ណា​ខ្លះ? មាន​ខ្លាញ់​សត្វ ខ្លាញ់​នៅ​ក្នុង​សាច់។ ប្រយ័ត្ន​ច្រឡំ អាង​ឲ្យ​តែ​ពពួក​រុក្ខជាតិ​សុទ្ធ​តែ​មាន​សុវត្ថិភាព​ទាំង​អស់ ហ្នឹង​ប្រយ័ត្ន​ច្រឡំ ខ្ទិះដូង​គឺ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​បំផុត ប្រយ័ត្ន​គេច​មិន​ញ៉ាំ​ខ្លាញ់ ស្រាប់តែ​ទៅ​ញ៉ាំ​ខ្ទិះដូង អា​ហ្នឹង​លើស​ដើម​ហើយ»

​នៅ​ក្នុង​ការ​ស្វែង​យល់​ពី​សុខភាព និង​ចំណី​អាហារ​នោះ លោកស្រី សេង សុមាក់ អ្នក​ចូល​រួម​ស្តាប់​​​ការ​ពន្យល់​របស់​គ្រូពេទ្យ​ជប៉ុន ឲ្យ​ដឹង​ថា គាត់​មិន​ដែល​ចាប់​អារម្មណ៍​ពី​ការ​ថែទាំ​សុខភាព​ដោយ​ការ​​​ជ្រើសរើស​អាហារ​នោះ​ទេ គាត់​តែងតែ​ថែទាំ​សុខភាព​ដោយ​ហាត់​កីឡា ហើយ​ទទួល​ទាន​អាហារ​តាម​ចិត្ត​ចង់ គាត់​មិន​បាន​គិត​ថា ក្នុង​១​ថ្ងៃ ត្រូវ​ទទួល​ទាន​បន្លែ​ប៉ុន្មាន បាយ​ប៉ុន្មាន សាច់​ប៉ុន្មាន ខ្លាញ់​ប៉ុន្មាន​នោះ​ទេ៖ «ធម្មតា​ចាស់ៗ​ដូច​ម៉ាក់​ខ្ញុំ​អ៊ីចឹង គាត់​មាន​ជំងឺ​លើស​ឈាម ហើយ​ដល់​ពេល​ខ្ញុំ មក​ស្តាប់​អ៊ីចឹង ខ្ញុំ​ដឹង​ព័ត៌មាន​ខ្លះ ពេល​ខ្ញុំ​ទៅ​វិញ ខ្ញុំ​អាច​ប្រាប់​គាត់ កុំ​ពិសា​អំបិល​ច្រើន​ពេក គេ​កំណត់ ឲ្យ​ញ៉ាំ​មួយ​ថ្ងៃ​ប៉ុណ្ណេះៗ អ៊ីចឹង​យើង​អាច​ប្រាប់​គាត់​បាន​ហើយ ដូច​ការ​ញ៉ាំ​ទឹក​អី​យ៉ាង​ម៉េចៗ អ៊ីចឹង​ជំងឺ​លើស​ឈាម​គាត់​ហ្នឹង​អាច​កាត់បន្ថយ អាច​ថែ​អាយុ​គាត់​បាន​វែង»

​លោក អ៊ឹង សុធារ៉ា មន្ត្រី​សហករណ៍​សរីរាង្គ​ខ្មែរ​ពន្យល់​ថា ការ​សម្គាល់​បន្លែ​មិន​ប្រើ​ជី​គីមី ឬ​បន្លែ​សរីរាង្គ ជា​បន្លែ​ដែល​ដាក់​លក់​មិន​សូវ​ទាក់ទាញ​អ្នក​ទិញ។ ត្រូវ​សំគាល់​បន្លែ​លើ​ការ​ដឹក​ជញ្ជូន បើ​ដឹក​ផ្លូវ​ឆ្ងាយ ឆាប់​ស្លោក ឬ​ស្វិត ស្លឹក​បន្លែ​មាន​ដង្កូវ​ស៊ី​ច្រើន ពណ៌​បន្លែ​ចាស់ និង​ផ្លែ​ខ្វៀន​ខ្វង់ មិន​មាន​ទំហំ​ប៉ុនៗ​គ្នា សុទ្ធ​តែ​ជា​បន្លែ​ដែល​មិន​ប្រើ​ជី​គីមី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។