របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បង្ហាញថា តម្រូវការពលកម្មមានសមត្ថភាព កំពុងចោទជាបញ្ហានៅក្នុងប្រទេសកម្ពុជា ខណៈកម្រិតស្តង់ដារសមត្ថភាពនៃការអប់រំ និងសុខភាពរបស់ពលករកម្ពុជា នៅមិនទាន់មានចំនួនគ្រប់គ្រាន់តាមតម្រូវការនៅឡើយ។ របាយការណ៍ដែលទើបចេញផ្សាយថ្មីៗនេះ ដាក់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា វិនិយោគបែបយុទ្ធសាស្ត្រទៅលើវិស័យអប់រំ និងសុខភាពបន្ថែមទៀតដើម្បីបង្កើតកម្លាំងពលកម្មដែលមានសមត្ថភាព។
របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០១៥ (Human Development Report/HDR 2015) របស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បង្ហាញថា ការលើកស្ទួយការអប់រំ និងជំនាញ អាចជួយសម្រួលដល់ដំណើរការអន្តរកម្មចាំបាច់នៃទីផ្សារការងារ។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ រកឃើញថា ភាពមានការងារ និងគុណភាពការងារគឺជាគន្លឹះសម្រាប់ការអភិវឌ្ឍមនុស្ស ហើយដើម្បីធានាថា កម្លាំងពលកម្មដែលមានសមត្ថភាពអាចបំពេញតម្រូវការទីផ្សារបាន លុះត្រាតែរដ្ឋាភិបាលចាំបាច់វិនិយោគបែបយុទ្ធសាស្ត្រទៅលើវិស័យអប់រំ និងការថែទាំសុខភាពបន្ថែមទៀត។
នៅក្នុងសន្ទស្សន៍នៃការអភិវឌ្ឍមនុស្សឆ្នាំ២០១៥ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់១៤៣ ក្នុងចំណោមប្រទេសសរុប ១៨៨ ដែលត្រូវបានវាយតម្លៃពីការអភិវឌ្ឍផ្នែកសុខភាព ការអប់រំ និងស្តង់ដារនៃការរស់នៅ។ របាយការណ៍នេះចាត់កម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍមនុស្សកម្រិតមធ្យម។
នៅក្រោមមូលបទ "ការងារសម្រាប់ការអភិវឌ្ឍមនុស្ស" របាយការណ៍កម្រាស់ ២៨៨ទំព័រនេះ ចាត់ទុកថា ការងារគឺជាស្នូលនៃការអភិវឌ្ឍមនុស្សដែលជាគន្លឹះដែលមិនគ្រាន់តែដើម្បីសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺដើម្បីឲ្យជីវិតមនុស្សរស់នៅមានសុភមង្គលផងដែរ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានជាតិប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ លោក ជា ចាន់ទុំ ឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើសេចក្ដីព្រាងគោលនយោបាយជាតិប្រជាជន២០១៦–២០៣០។ លោក ចាន់ ទុំ បញ្ជាក់ឲ្យដឹងថា គោលនយោបាយថ្មីនេះនឹងឆ្លើយតបទៅនឹងអនុសាសន៍របស់ UNDP ដែលនឹងផ្ដោតសំខាន់ទៅលើការបង្កើនគុណភាពនៃវិស័យអប់រំ និងសុខភាពប្រជាជន ពិសេសសុខភាពយុវវ័យ៖ «សព្វថ្ងៃនេះ រដ្ឋាភិបាលកំពុងតែរៀបចំគោលនយោបាយប្រជាជន។ កំពុងតែធ្វើហ្នឹង ក្នុងនោះយើងក៏បានផ្ដោតលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កម្មករពលករ។ យើងបណ្ដុះបណ្ដាលគាត់ឲ្យចេះអ្វីហៅថា skill set ដើម្បីឲ្យគាត់អាចទៅធ្វើនៅក្នុងស្រុក ឬក្រៅស្រុក បានប្រាក់កម្រៃខ្ពស់។ ក្នុងនោះ យើងក៏បានគិតគូរដល់វិស័យសុខាភិបាលដែរ ដោយកែលំអសេវាផ្សេងៗ ពិសេសទាក់ទងនឹងសុខភាពបន្តពូជរបស់យុវជនយុវនារី»។
របាយការណ៍នេះចង្អុលបង្ហាញថា គោលនយោបាយរបស់រដ្ឋាភិបាលគួរផ្ដល់ឱកាសស្មើៗគ្នាសម្រាប់ប្រជាជន ដោយផ្ដល់កម្រៃសមរម្យ និងសិទ្ធិដល់ពលករ។ របាយការណ៍បានរំលេចឲ្យដឹងថា ការពង្រឹងគុណភាពផ្នែកសុខភាព និងការអប់រំ ជាពិសេសដល់កុមារវានឹងជួយលើកទឹកចិត្តឲ្យប្រជាជនទទួលបានជំនាញកាន់តែច្រើនថែមទៀត ដើម្បីងាយស្រួលទាញយកឱកាសការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
