នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បិទ​សិប្បកម្ម​ផលិត​ទឹកកក​នៅ​គីឡូម៉ែត្រ​លេខ​៦

សិប្បកម្ម​ផលិត​ទឹកកក​មាន​ឈ្មោះ​ថា អម្រឹត មាន​ទីតាំង​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​បិទ​ជា​ស្ថាពរ​ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ ១០​យប់ ថ្ងៃ​ទី១០ ខែ​ឧសភា បន្ទាប់​ពី​សិប្បកម្ម​មួយ​នេះ​បែក​ធ្លាយ​ជាតិ​ពុល​ម្យ៉ាង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ជិត ១០០​នាក់ នៅ​ជិត​ខាង​សិប្បកម្ម​នេះ​ពុល​ដួល​សន្លប់។

0:00 / 0:00

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែល​ទើប​ឡើង​ទទួល​តំណែង​ថ្មីៗ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​សិប្បកម្ម​ផលិត​ទឹកកក​មាន​ទីតាំង​ក្នុង​ភូមិ​ស្ពានខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ជា​បន្ទាន់ បន្ទាប់​ពី​សិប្បកម្ម​នេះ​បាន​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ខាង​ពុល។

លោក ប៉ា សុជាតិវង្ស ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទី​កន្លែង​កើត​ហេតុ មាន​ប្រសាសន៍​ថា សិប្បកម្ម​ផលិត​ទឹកកក​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ត្រូវ​បិទ​ជា​ស្ថាពរ និង​ត្រូវ​ប្ដូរ​ទៅ​កាន់​ទីតាំង​ថ្មី។

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត ដែល​បាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​សម្ដេចឪ និង​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​អម្រឹត បាន​ឲ្យ​ដឹង​ថា សិប្បកម្ម​ផលិត​ទឹកកក​បង្ក​បញ្ហា​បណ្ដាល​ឲ្យ​ពលរដ្ឋ​ពុល​សារធាតុ​ផ្សំ​រហូត​ដល់​ជិត ១០០​នាក់ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា មក​ម្ល៉េះ។ ហើយ​បញ្ហា​នេះ លោក​បាន​ចេញ​លិខិត​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​បង្ក​ហេតុ ផ្អាក​សកម្មភាព​ជា​បណ្ដោះ​អាសន្ន ប៉ុន្តែ​ត្រូវ​ម្ចាស់​សិប្បកម្ម​មួយ​នេះ​មិន​អនុវត្ត​តាម​ទេ រហូត​មាន​បទ​បញ្ជា​ពី​ប្រមុខ​ដឹកនាំ។

លោក​ឲ្យ​ដឹង​ថា សិប្បកម្ម​ផលិត​ទឹកកក​មាន​ឈ្មោះ​អម្រឹត ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ទ្វារ​រោងចក្រ និង​ត្រូវ​ប្ដូរ​ទៅ​កាន់​ទីតាំង​ថ្មី​នៅ​វេលា​ម៉ោង​ប្រមាណ ១០​យប់ ថ្ងៃ​ទី១០ ខែ​ឧសភា។

ដោយសារ​ពុល​ជាតិ​ឧស្ម័ន​សាយ​ភាយ​ពី​សិប្បកម្ម​នោះ មាន​ប្រជាពលរដ្ឋ​ជិត ១០០​នាក់ ជា​ពិសេស​ស្ត្រី​កូន​ខ្ចី និង​កុមារ​ធ្លាក់ ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​សម្ដេច​តា ឬ​មន្ទីរពេទ្យ​សម្ដេចឪ នៅ​ក្បែរ​នោះ។

គ្រូពេទ្យ​ប្រចាំ​ការ​នៅ​មន្ទីរពេទ្យ​សម្ដេចឪ ឬ​សម្ដេច​តា ដែល​បាន​ជួយ​សង្គ្រោះ​អ្នក​ជំងឺ មាន​ប្រសាសន៍​ថា អាការៈ​របស់​អ្នក​ជំងឺ គឺ​វិល​មុខ ក្អួត​ចង្អោរ ល្ហិតល្ហៃ​ដៃ​ជើង និង​ថប់​ដង្ហើម។ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ជំងឺ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុ​ជីវិត​នៅ​ឡើយ​ទេ ព្រោះ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា។

ប្រជាពលរដ្ឋ និង​អ្នក​ជំងឺ បាន​សាទរ​ចំពោះ​បទ​បញ្ជា​បិទ​សិប្បកម្ម​ផលិត​ទឹកកក​អម្រឹត ដែល​បង្ក​ភាព​ក្តៅ​ក្រហាយ​ដល់​ប្រជាពលរដ្ឋ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ តាំង​ពី​ឆ្នាំ​២០១១។ ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ បាន​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​លេខ​៥ ផង ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​មាន​វិធាន​ការ​បិទ​សិប្បកម្ម​ផលិត​ទឹកកក​មួយ​នេះ។

កូន​ប្រុស​លោក តុង សេង អភិបាល​រង​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ម្ចាស់​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​បង្ក​ហេតុ បាន​សន្យា​ថា នឹង​ប្ដូរ​ទីតាំង​ផលិត​ទឹកកក​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ផ្សេង​ភ្លាមៗ បន្ទាប់​ពី​មាន​បទ​បញ្ជា​ប្រមុខ​ដឹកនាំ ដែល​ខុស​ពី​ពេល​មុន​មិន​ស្តាប់​សំណូមពរ​អាជ្ញាធរ​នោះ។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា រាល់​អ្នក​ជំងឺ​ទាំងអស់​ដែល​បាន​បញ្ជូន និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ មិន​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ​យក​លុយ​ទេ គឺ​សាលា​រាជធានី​ជា​អ្នក​ធានា​រ៉ាប់រង​ទាំង​ស្រុង។ ហើយ​ថា ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​អម្រឹត នឹង​អាច​ប្រឈម​មុខ​ច្បាប់ បើ​រក​ឃើញ​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។