សង្គម​ស៊ីវិល​បង្កើត​ការ​ប្រកួត​វីដេអូ​ខ្លីៗ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង

0:00 / 0:00

គ្រឿង​ស្រវឹង គឺ​ជា​មូលហេតុ​ទី​៣ ដែល​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ប្រមាណ​ជាង ២,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ពិភពលោក និង​បង្ក​អោយ​មាន​ជំងឺ​ប្រមាណ ២០០​មុខ ដូចជា ជំងឺ​ក្រិន​ថ្លើម ស្ទះ​សរសៃឈាម ដំបៅ​ក្រពះ​ជាដើម។ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​បង្កើត​វីដេអូ​ឃ្លិប​ខ្លី ក្រោម​ប្រធានបទ “ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​លើ​យុវជន”។

អ្នក​សិក្សា​រក​ឃើញ​ថា គ្រឿង​ស្រវឹង​គឺ​ជា​ដើម​ចង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ការ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បញ្ហា​សង្គម​ជា​ច្រើន​ផ្សេង​ទៀត។

ប្រធាន​ផ្នែក​ថ្នាំ​ជក់ និង​គ្រឿង​ស្រវឹង​នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត រ៉ាយ រ៉ានី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង គឺ​មិន​ត្រឹមតែ​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ គឺ​បង្ក​អោយ​មាន​ផល​ប៉ះពាល់​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង។ រយៈពេល​ខ្លី គឺ​អ្នក​ប្រើប្រាស់​មាន​អាការៈ​ឈឺ​ក្បាល ស្រវឹង វង្វេងវង្វាន់ ជាដើម ហើយ​រយៈពេល​វែង គឺ​អាច​មាន​ជំងឺ​លើស​ឈាម មហារីក និង​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត។

តំណាង​អង្គការ​សុខភាព​ពិភពលោក លោក ចេមន៍ រ៉ារីក (James Rarick) បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ការ​បង្កើត​វីដេអូ​ខ្លី ស្ដីពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​លើ​យុវជន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា នៅ​សណ្ឋាគារ Intercontinental ថា លោក​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​កំណើន​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​របស់​យុវជន​កម្ពុជា មាន​ការ​កើន​ឡើង ជាពិសេស​តាម​ការ​ស្រាវជ្រាវ​បាន​អោយ​ដឹង​ថា យុវជន​វ័យ​ពី ១៣ ទៅ ១៧​ឆ្នាំ បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​ការ​ប្រើប្រាស់​នេះ​មាន​ចំនួន​រហូត​ដល់​ទៅ ៣១% នៃ​ចំនួន​យុវជន​វ័យ​នេះ៖ «យើង​ដឹង​ហើយ​ថា យុវវ័យ​គឺ​ជា​វ័យ​ដែល​ដំណើរការ​ខួរ​ក្បាល​វិវត្តន៍​ល្អ អ៊ីចឹង​កាល​ណា​បើ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​យុវវ័យ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ចិត្ត រាងកាយ និង​អាច​ឈាន​ដល់​ប្រព្រឹត្ត​ដល់​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ភេទ​ជាដើម ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង»

​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា ចាប់​ផ្ដើម​ប្រើប្រាស់​គ្រឿង​ស្រវឹង ចាប់​ពី​អាយុ ៨ ដល់ ៣៥​ឆ្នាំ មាន ៩៤​ភាគរយ។ ការ​ស្រាវជ្រាវ​នេះ បាន​អោយ​ដឹង​ថា ពលរដ្ឋ​កម្ពុជា ៩៦​ភាគរយ ចង់​ស្នើ​សុំ​អោយ​រដ្ឋាភិបាល និង​អង្គនីតិប្បញ្ញត្តិ បង្កើត​នូវ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ដោយ​មាន​ដាក់​បញ្ចូល​នូវ​វិធានការ ៤​សំខាន់ៗ រួម​មាន ការ​ដំឡើង​ពន្ធ​ផលិតផល​គ្រឿង​ស្រវឹង ការ​រឹត​បន្តឹង ឬ​ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ការ​កំណត់​អាយុ​នៃ​អ្នក​ប្រើប្រាស់ ឬ​ទិញ​គ្រឿង​ស្រវឹង និង​ការ​កម្រិត​ពី​ភាព​ងាយ​រក​បាន​នូវ​គ្រឿង​ស្រវឹង។

ប្រធាន​គម្រោង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា កញ្ញា ម៉ក់ ទេវិន្ទ បាន​បញ្ជាក់​ដែរ​ថា អង្គការ​កញ្ញា​គ្រោង​នឹង​មាន​សកម្មភាព​ជាមួយ​យុវជន​បន្ត​ទៀត ដើម្បី​ជំរុញ​អោយ​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​វិធានការ ៤ នេះ ទៅ​ក្នុង​ច្បាប់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង៖ «គម្រោង​យើង​ដែល​យើង​ធ្វើ​ត​ទៅ​ទៀត​ហ្នឹង គឺ​ចង់​បម្រុង​អោយ​មាន​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ហើយ​ជាពិសេស គឺ​យើង​ត្រូវ​ការ​ការ​គាំទ្រ​ពី​យុវជន ដូច្នេះ​យើង​នឹង​បន្ត​ស្វែង​រក​សំឡេង ការ​គាំទ្រ​ពី​យុវជន​ជា​បន្ថែម​ទៀត ដើម្បី​អោយ​គាត់​គាំទ្រ​ទៅ​រដ្ឋាភិបាល​អោយ​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង»

របាយការណ៍​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង​នៅ​កម្ពុជា បាន​សម្លាប់​ប្រជាជន​កម្ពុជា ២.០០០​នាក់ និង​របួស​ជា​ច្រើន​នាក់ រួម​ទាំង​បណ្ដាល​អោយ​ខាតបង់​ទ្រព្យសម្បត្តិ​ជាង ៤៤​លាន​ដុល្លារ នៅ​ឆ្នាំ​២០១១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។