ជប៉ុន​ផ្ដល់​ជំនួយ​ជាង​៩​ម៉ឺន​ដុល្លារ​សម្រាប់​ព្យាបាល​ត្រចៀក​ពលរដ្ឋ​ខ្មែរ

ភារធារី​នៃ​ស្ថានទូត​ជប៉ុន នៅ​ប្រទេស​កម្ពុជា តំណាង​ឲ្យ​រាជ​រដ្ឋាភិបាល​ជប៉ុន លោក ហ៊ីហ្គួជី យូស៊ីហ៊ីរ៉ូ (Higuchi Yoshihiro) នៅ​ថ្ងៃ​ទី១ ខែ​មីនា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ព្យាបាល​ត្រចៀក គឺ​លោក គ្លីន វូហ្គេន (Glyn Vaughan) មក​ពី​អង្គការ​សុខភាព​ត្រចៀក​នៅ​ប្រទេស​កម្ពុជា។

0:00 / 0:00

កិច្ច​ព្រមព្រៀង​នោះ គឺ​រាជ​រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​ជាង ៩១.៤២៩​ដុល្លារ​អាមេរិក។

រាជ​រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​មួយ​ចំនួន​ដល់​កម្ពុជា ដើម្បី​បំពាក់​ឧបករណ៍​ទំនើបៗ​នៅ​គ្លីនិក​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ព្យាបាល​ត្រចៀក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​កុមារ​ខ្មែរ​ជាច្រើន​ពាន់​នាក់ ដែល​មាន​ជំងឺ​ត្រចៀក ឬ​ស្តាប់​មិនឮ។ សេវាកម្ម​នៃ​ការ​ព្យាបាល​នោះ គឺ​មិន​យក​កម្រៃ​អ្វី​ឡើយ។

ការ​សិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ២.០០០​នាក់ មាន​ជំងឺ​ត្រចៀក​ស្តាប់​មិន​ឮ ប៉ុន្តែ​គេ​មិន​ទាន់​មាន​ឧបករណ៍​ទំនើបៗ​ដើម្បី​ស្វែង​រក​រោគ​វិនិច្ឆ័យ និង​ព្យាបាល​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​រហូត​ដល់​ពេល​នេះ។

លោក ហ៊ីហ្គួជី យូស៊ីហ៊ីរ៉ូ បាន​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ជំនួយ​នេះ គឺ​បំពាក់​ឧបករណ៍​បញ្ចាំង​ភ្លើង​ហ្វា និង​សង់​បន្ទប់​ពិសោធន៍​ស្តាប់​សំឡេង និង​ឧបករណ៍​ទំនើបៗ​ដទៃ​ទៀត ដើម្បី​ព្យាបាល​ជំងឺ​ត្រចៀក។

លោក ហ៊ីហ្គួជី យូស៊ីហ៊ីរ៉ូ ៖ «ខ្ញុំ​សង្ឃឹម​ថា គម្រោង​ដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​បាន​អនុវត្តន៍​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព ព្រម​ទាំង​ថែទាំ​យ៉ាង​ត្រឹមត្រូវ​ដោយ​ដៃគូ​របស់​យើង គឺ​អង្គការ​សុខភាព​ត្រចៀក​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នក​ជំងឺ​ជាច្រើន​នៅ​ថ្ងៃ​អនាគត អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ។ ចុង​ក្រោយ​នេះ ខ្ញុំ​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ជួយ​ពង្រឹង​ជា​បន្ត​ទៀត នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា»

ជាមួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ព្យាបាល​ត្រចៀក​នៃ​អង្គការ​សុខភាព​ត្រចៀក នៅ​រាជធានី​ភ្នំពេញ លោក គ្លីន វូហ្គេន បាន​មាន​ប្រសាសន៍​ថា ឧបករណ៍​ទំនើប​ដែល​នឹង​បំពាក់​ខាង​មុខ​នេះ គឺ​មាន​សមត្ថភាព​ស្វែង​រក​រោគ​សញ្ញា​ជំងឺ​ជាក់លាក់​ចំពោះ​កុមារ និង​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​នាក់ ដែល​មាន​ជំងឺ​ត្រចៀក ឬ​ថ្លង់​ជាដើម។

លោក​បាន​បន្ត​ថា នៅ​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​តែ​អភិវឌ្ឍន៍​នោះ ប្រជាពលរដ្ឋ និង​កុមារ​ខ្មែរ បាន​ទទួល​សេវា​ថែទាំ​សុខភាព​នៅ​កម្រិត​ខ្សោយ ប៉ុន្តែ​យើង​ប្រឹងប្រែង​ដើម្បី​កំណត់​ថា សេវា​ថែទាំ​សុខភាព​មួយ​ចំនួន ត្រូវ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

អង្គការ​សុខភាព​ត្រចៀក​នៅ​ប្រទេស​កម្ពុជា នេះ ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត លោក គ្លីន វូហ្គេន បាន​ដំណើរ​ការ​នៅ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៣ កន្លង​មក។

ការ​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​ជាង ៩ម៉ឺន ១ពាន់​ដុល្លារ​អាមេរិក នៅ​ពេល​នេះ គឺ​ចំ​ថ្ងៃ​គម្រប់​ខួប ៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។