ស្របពេលដែលសេវាថែទាំសុខភាពនៅប្រទេសកម្ពុជា នៅមិនទាន់មានកម្រិតខ្ពស់នៅឡើយ ធ្វើឱ្យក្រុមហ៊ុនសេវាសុខភាពជប៉ុន បណ្ដាក់ទុនសាងសង់មន្ទីរពេទ្យឯកជនលំដាប់ពិភពលោកមួយ នៅភ្នំពេញ។
ក្រុមហ៊ុនសេវាសុខភាព សាន់រ៉ាយ (Sunrise Healthcare Service Co., Ltd.) របស់ជប៉ុន ចាប់ផ្ដើមសង់មន្ទីរពេទ្យទំនើបថ្មីមួយនៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ទីប្រឹក្សាក្រុមហ៊ុនសេវាសុខភាព សាន់រ៉ាយ និងជាតំណាងមន្ទីរពេទ្យ គីតាហារា អន្តរជាតិ គឺលោកវេជ្ជបណ្ឌិត គីតាហារា ហ្ស៊ីហ្គេមី (Kitahara Shigemi) មានប្រសាសន៍ថា ការសង់មន្ទីរពេទ្យនេះ គឺដើម្បីគាំពារជីវិត និងសុខភាពរបស់ពលរដ្ឋក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត គីតាហារា ហ្ស៊ីហ្គេមី ឱ្យដឹងថា លោកមានយុទ្ធសាស្ត្រ ៣ ឆ្ពោះទៅកាន់គោលដៅរបស់យើង គឺទី១ ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា គ្រប់រូប អាចចូលទៅប្រើប្រាស់សេវាសុខាភិបាលសង្គ្រោះបន្ទាន់នៅមូលដ្ឋានសុខាភិបាលដ៏ល្អមួយ។ ទី២ ការពារប្រជាជនពីជំងឺ និងទប់ស្កាត់ការរាតត្បាតរបស់ជំងឺ និងទី៣ ផ្ដល់ការអប់រំដល់បុគ្គលិកសុខាភិបាលកម្ពុជា។
លោក គីតាហារា ថ្លែងបន្តថា ដើម្បីសម្រេចបានយុទ្ធសាស្ត្រទាំងបីនេះ ចាំបាច់ត្រូវធានាឱ្យហេដ្ឋារចនាសម្ព័ន្ធមានស្ថិរភាព ដូចជា ប្រព័ន្ធអគ្គិសនី ការផ្គត់ផ្គង់ចំណីអាហារប្រកបដោយអនាម័យ និងសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ។ ម្យ៉ាងទៀត ដើម្បីធានាឱ្យពលរដ្ឋកម្ពុជា ដែលខ្វះថវិកាអាចចូលទៅប្រើប្រាស់សេវាសុខាភិបាលមូលដ្ឋាននោះបាន ចាំបាច់គឺត្រូវបង្កើតប្រព័ន្ធធានារ៉ាប់រងមួយដែលសមស្រប។
ឯកអគ្គរាជទូតវិសាមញ្ញ និងសមត្ថភាពជប៉ុន ប្រចាំកម្ពុជា លោក គូម៉ាម៉ារូ យូជី (Kumamaru Yuji) ថ្លែងថា នៅក្នុងកិច្ចគាំទ្រចំពោះការលើកស្ទួយវិស័យសុខាភិបាលកម្ពុជា រាជរដ្ឋាភិបាលជប៉ុនកន្លងមក បានសាងសង់មជ្ឈមណ្ឌលគាំពារមាតានិងទារក ដោយជំនួយឥតសំណង និងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ លោកថ្លែងថា ការសាងសង់មន្ទីរពេទ្យជប៉ុន ថ្មីនេះ គឺជាមន្ទីរពេទ្យឯកជនទ្រង់ទ្រាយធំបំផុតរបស់ប្រទេសជប៉ុន នៅកម្ពុជា។
លោក គូម៉ាម៉ារូ យូជី បញ្ជាក់ថា ការបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យនេះ គឺជាសមិទ្ធផលដែលលើកឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា កាលពីឆ្នាំមុននេះ។ ពេលនោះ ស៊ីនហ្សូ អាបេ ចង់បង់បង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់តាមបច្ចេកវិទ្យាជប៉ុន មួយនៅកម្ពុជា។ លោកបន្តថា មន្ទីរពេទ្យនេះនឹងមានបំពាក់បរិក្ខារពេទ្យទំនើបបំផុតរបស់ជប៉ុន អមជាមួយបុគ្គលិកវេជ្ជសាស្ត្រមានវិជ្ជាជីវៈខ្ពស់ ដែលនឹងផ្ដល់សេវាសុខាភិបាលខ្ពស់។
លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាទរចំពោះការសាងសង់មន្ទីរពេទ្យជប៉ុន ដែលមានបច្ចេកវិទ្យាលំដាប់ពិភពលោកនេះ។ មន្ទីរពេទ្យទំនើបដែលនឹងលេចចេញជារូបរាងខាងមុខនេះ នឹងមានបំពាក់បរិក្ខារផ្នែកវេជ្ជសាស្ត្រឈានមុខគេសម្រាប់បម្រើឱ្យការពិនិត្យជំងឺ ការវះកាត់ដោយប្រើម៉ាស៊ីន MRI ម៉ាស៊ីន CT Scan សរសៃឈាម (Angiography) ដោយប្រើកាំរស្មីអ៊ិច។
មន្ទីរពេទ្យជប៉ុនថ្មីនេះ មានកម្ពស់ ៤ជាន់ ដែលផ្ទៃក្រឡាប្រមាណ ៤.៥០០ម៉ែត្រក្រឡា ឬជិតកន្លះហិកតារ ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមគម្រោង មន្ទីរពេទ្យជប៉ុននេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០១៦ ខាងមុខ។ នៅដំណាក់ដំបូងនឹងមានគ្រែសម្រាកព្យាបាលចំនួន ៥០ ហើយនៅពេលបន្ទាប់កនឹងពង្រីកដល់ ២០០គ្រែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
