អ្នក​កាសែត​រៀន​ពី​ពាក្យ​ប្រើ​ក្នុង​ព័ត៌មាន​មេរោគ​អេដស៍​ជំងឺ​អេដស៍

អ្នក​យក​ព័ត៌មាន​មក​ពី​ស្ថាប័ន​នានា ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី និង​ព័ត៌មាន​អនឡាញ (Online) បាន​ចូល​រួម​វគ្គ​សិក្ខាសាលា​ស្ដីពី​ភាព​ជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​កាត់​បន្ថយ​ការ​រើសអើង និង​មាក់ងាយ​ចំពោះ​ក្រុម​អ្នក​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ជំងឺ​អេដស៍ (HIV/AIDS)។

0:00 / 0:00

វគ្គ​សិក្សា​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ជំរុញ​ឲ្យ​បណ្ដាញ​ព័ត៌មាន​ទាំងអស់​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ និង​បង្ការ​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ផង និង​ឲ្យ​អ្នក​យក​ព័ត៌មាន​ចេះ​ប្រើ​ពាក្យពេចន៍​ត្រឹមត្រូវ ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន ទាក់ទង​ព័ត៌មាន​មេរោគ​អេដស៍ ជំងឺ​អេដស៍ និង​យែនឌ័រ (Gender) ចៀសវាង​កុំ​ឲ្យ​មាន​ពាក្យ​រើសអើង។

មន្ត្រី​សុខាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ទាក់ទង​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍ បាន​ប្រកាស​ថា បណ្ដាញ​ព័ត៌មាន​មាន​តួនាទី​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ជួយ​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍ និង​កាត់​បន្ថយ​ការ​រើសអើង ចំពោះ​ក្រុម​ដែល​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ជំងឺ​អេដស៍។

នៅ​ក្នុង​សិក្ខាសាលា​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) រាជធានី​ភ្នំពេញ រយៈពេល​ពីរ​ថ្ងៃ ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ តុលា ឧបត្ថម្ភ​ដោយ​សហគមន៍​អឺរ៉ុប (The European Union) យូណេស្កូ (UNESCO) អង្គការ​ខាណា (KHANA) គឺ​ក្រុម​អ្នក​សារព័ត៌មាន​ជិត ៤០​នាក់ ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​ក្រុម​អ្នក​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ជំងឺ​អេដស៍ មាន​ក្រុម​អង្គការ​ធ្វើ​ការ​ប្រយុទ្ធ​ជំងឺ​អេដស៍ ក្រុម​បុរស​ស្រឡាញ់​បុរស ក្រុម​បុរស​ធ្វើ​ជា​ស្ត្រី​ដែល​គេ​ហៅ​ថា "ស្រី​ស្រស់" ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​សិក្សា​ស្វែង​យល់​អំពី​ជីវិត និង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។

ក្រុម​ដែល​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ជំងឺ​អេដស៍ បាន​រិះគន់​បណ្ដាញ​សារព័ត៌មាន​ខ្លះ​ថា បាន​ប្រើ​ពាក្យពេចន៍ និង​កាយ​វិការ​មិន​សមរម្យ​ទៅ​លើ​ពួក​គាត់ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន ដូច​ជា​ហៅ​ពួក​គាត់​ថា អ្នក​កើត​អេដស៍ មិន​ហៅ​ថា "អ្នក​ផ្ទុក​មេរោគ​អេដស៍" ហៅ​បុរស​ស្រឡាញ់​បុរស​ថា "ពួក​ខ្ទើយ" ហៅ​ប្រុស​តែង​ខ្លួន​ជា​ស្រី​ថា "ស៊ីម​ពីរ" ដែល​មាន​ន័យ​ថា មាន​ចិត្ត​សាវ៉ា ស្រឡាញ់​ស្រី​ផង ស្រឡាញ់​ប្រុស​គ្នា​ឯង​ផង ហើយ​ពួក​គេ​សុំ​ឲ្យ​ហៅ​ថា "ស្រី​ស្រស់" វិញ ទើប​មិន​មាន​ន័យ​ថា​រើសអើង ឬ​មាក់ងាយ​ពួក​គាត់។

ស្រី​ស្រស់ ពេជ សុខជា អាយុ ៤៦​ឆ្នាំ ប្រុស​តែង​ខ្លួន​ជា​ស្រី ដែល​បាន​ចូល​រួម​សិក្ខាសាលា​នោះ បាន​បញ្ជាក់​ថា គាត់​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ហៅ​គាត់​ថា "ស្រី​ស្រស់" ជំនួស​ពាក្យ​ថា "ស៊ីម​ពីរ" រួម​ទាំង​អ្នក​សារព័ត៌មាន​ផង ព្រោះ​ថា អ្នក​សារព័ត៌មាន​ជា​គំរូ​ជា​អ្នក​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​អប់រំ​សង្គម កុំ​ឲ្យ​រើសអើង​ពួក​គាត់៖ «ពាក្យ​ស៊ីម​ពីរ​ហ្នឹង ដូច​ថា យើង​សាវ៉ា ឃើញ​ប្រុស​មិន​បាន​រក​ហេ​កុប។ តែ​មិន​មែន​ទាំងអស់​ទេ ជួន​កាល អ្នក​ខ្លះ​នៅ​តាម​ទូរទស្សន៍​ធ្វើ​ចរិត​ង៉ិកង៉ក់ ដូច​ថា​និយាយ​មើល​ងាយ​ពួក​ខ្ញុំ​អ៊ីចឹង»

ចំណែក លោក ផល សុផាត ក្រុម​បុរស​ស្រឡាញ់​បុរស ក៏​ទាស់​ចិត្ត​ចំពោះ​ការ​ប្រើ​ពាក្យពេចន៍​របស់​បណ្ដាញ​សារព័ត៌មាន​ខ្លះ​ដែរ ដែល​លោក​ថា ហាក់​មាក់ងាយ និង​រើសអើង​ពួក​គាត់៖ «ឧទាហរណ៍ ប្រសិន​ជា​គាត់​អត់​បាន​ដឹង​គាត់​ចុះ​ពាក្យ​ថា​ខ្ទើយ ពាក្យ​ខ្ទើយ​នេះ ក្នុង​កម្មវិធី​អេដស៍​យើង យើង​ប្រើ​ជំនួស​បុរស​ស្រឡាញ់​បុរស​វិញ។ បុរស​ស្រឡាញ់​បុរស​ហ្នឹង យើង​សំដៅ​លើ​តែ​បុរស​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទូទៅ ហើយ​បុរស​តែង​ខ្លួន​ធ្វើ​ជា​ស្រី​នោះ ភាគ​ច្រើន​គេ​តែង​ហៅ​ថា ស៊ីម​ពីរ ឬ​ហៅ​ថា ចរិយា ឬ​ក៏​ហៅ​ថា ភេទ​ទី​បី ទាំងអស់​ហ្នឹង​គាត់​អត់​សប្បាយ​ចិត្ត​ទេ»

អ្នក​យក​សារព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ លោក ម៉េង សុខអាន ដែល​បាន​ចូល​រួម​សិក្ខាសាលា​នោះ បញ្ជាក់​ថា លោក​ធ្លាប់​ចូល​វគ្គ​សិក្សា​ស្រដៀង​គ្នា​នេះ​ច្រើន​ដង​មក​ហើយ ហើយ​លើក​នេះ លោក​បាន​រៀន​ពាក្យ​ថ្មីៗ​ថែម​ទៀត ក្នុង​ការ​ធ្វើ​សេចក្ដី​រាយការណ៍​អំពី អេច្ឆ.អាយ.វី អេដស៍​របស់​លោក។

ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ថ្ងៃ​ទី​១៨ តុលា អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក​វេជ្ជបណ្ឌិត តែង គន្ធី បញ្ជាក់​ថា ឥទ្ធិពល​នៃ​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន អាច​ជា​យាន​ចម្លង​សារ​អប់រំ​ទៅ​កាន់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់ អ្នក​អាន មាន​ការ​ប្រែប្រួល​គំនិត និង​អកប្បកិរិយា​បាន។ លោក​ថា សិក្ខាសាលា​លើក​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន និង​ក្រុម​ងាយ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ជំងឺ​អេដស៍ បាន​យល់​ចិត្ត​ថ្លើម​គ្នា​ច្រើន។

អ្នក​យក​ព័ត៌មាន​ខ្លះ បាន​ត្អូញត្អែរ​ថា ប្រធាន​បទ អេច្ឆ.អាយ.វី អេដស៍ គឺ​ជា​ប្រធាន​បទ​មួយ​ដែល​អ្នក​អាន​អ្នក​ស្ដាប់​មិន​សូវ​ចាប់​អារម្មណ៍ ហើយ​ប្រធាន​ក្រុម​ព័ត៌មាន ឬ​ចាងហ្វាង​អង្គភាព​សារព័ត៌មាន ក៏​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ដែរ ព្រោះ​ថា អត្រា​ឆ្លង និង​គ្រោះថ្នាក់​ដោយសារ​មេរោគ អេច្ឆ.អាយ.វី អេដស៍ នៅ​កម្ពុជា បាន​ធូរ​ស្រាល​ជាង​មុន​ហើយ។

ក៏ប៉ុន្តែ មន្ត្រី​ពិគ្រោះ​យោបល់​សម្រាប់​វគ្គ​បណ្ដុះ​បណ្ដាល​នេះ គឺ​លោក ឆាយ សុផល គិត​ថា អេច្ឆ.អាយ.វី អេដស៍ នៅ​តែ​ជា​ប្រធាន​បទ​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន ព្រោះ​ថា នៅ​មាន​រឿង អេច្ឆ.អាយ.វី អេដស៍ ជាច្រើន​ទៀត ដែល​អ្នក​យក​ព័ត៌មាន​មើល​រំលង។

លោក​វេជ្ជបណ្ឌិត តែង គន្ធី ឲ្យ​ដឹង​ថា កម្ពុជា សព្វថ្ងៃ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍ ប្រហែល ៧​ម៉ឺន ១​ពាន់​នាក់ ហើយ​ក្រុម​ដែល​ប្រឈម​ឆ្លង​អេដស៍​ខ្លាំង​ជាង​គេ គឺ​ក្រុម​បុរស​ស្រឡាញ់​បុរស ក្រុម​ចាក់​គ្រឿង​ញៀន​ចូល​សរសៃ​ឈាម ក្រុម​នារី​បម្រើ​សេវា​កម្សាន្ត និង​ក្រុម​បុរស​ចូល​ចិត្ត​ដើរ​លេង​ពេល​យប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។