អ្នកភូមិស្រាងខ្ពស់ និងភូមិខ្វិត នៃឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារធូលីដីហុយ និងសំឡេងរំខានចេញពីការដ្ឋានកិនថ្មមួយនៅក្បែរភូមិ។ ក្រុមពលរដ្ឋ និងអាជ្ញាធរភូមិឲ្យដឹងថា រយៈពេលបីឆ្នាំ ដែលក្រុមហ៊ុនធ្វើអាជីវកម្មម្ចាស់ក្រុមហ៊ុនមិនសូវគោរពបទដ្ឋានបច្ចេកទេសកិនថ្ម និងផលប៉ះពាល់ចំពោះពលរដ្ឋនោះឡើយ។
អ្នកភូមិចំនួន ៣០គ្រួសារ ដែលប៉ះពាល់ផ្ទាល់ពីកម្ទេចថ្ម និងធូលីហុយពេលម៉ាស៊ីនកិនថ្មដំណើរការ ឬឡានចេញចូលដឹកថ្មនៅក្នុងការដ្ឋានកាត់តាមភូមិ ស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះបន្ទាន់។
អ្នកភូមិខ្វិត ម្នាក់រស់នៅក្នុងផ្ទះជាប់ផ្លូវដឹកជញ្ជូនថ្ម ឋិតនៅចម្ងាយប្រមាណ ៣០០ម៉ែត្រពីការដ្ឋានកិនថ្មភ្នំតារាជតារូង គឺលោក អ៊ុត សំអ៊ន មានប្រសាសន៍នៅថ្ងៃទី១៨ ខែមីនា ថា ពលរដ្ឋទ្រាំរស់នៅជាមួយធូលីដីលាយថ្មហុយទ្រលោមជាច្រើនឆ្នាំហើយ។ លោកថា អាជ្ញាធរមានសមត្ថកិច្ច គួរជំរុញឲ្យម្ចាស់ក្រុមហ៊ុនស្រោចទឹកតាមផ្លូវ ឬធ្វើផ្លូវក្រាលកៅស៊ូចូលការដ្ឋានប្រវែងជាង ១ពាន់ម៉ែត្រ ដើម្បីកាត់បន្ថយការហុយ។
អាជ្ញាធរភូមិខ្វិតម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា អ្នកភូមិជាច្រើនត្អូញត្អែរពីបញ្ហានេះ ហើយលោកធ្លាប់រាយការណ៍ទៅអាជ្ញាធរថ្នាក់លើ ប៉ុន្តែមិនឃើញមានចំណាត់ការអ្វីទេ។ លោកថា អ្នកភូមិក្រេវក្រោធ និងជេរពេញៗមាត់ចំពោះតៃកុងឡានដែលចូលដឹកថ្មកាត់ភូមិបើកលឿនៗ បណ្ដាលឲ្យហុយខ្លាំងបន្ថែមលើការហុយចេញពីម៉ាស៊ីនកិនថ្មដែលកិនមិនដាក់ទឹកនោះទៀត៖ «គាត់ (ពលរដ្ឋ) ត្អូញត្អែរណាស់ ប៉ុន្តែគាត់រាយការណ៍ទៅតាមលំដាប់លំដោយ ទៅផ្នែកវិទ្យុអីផ្សេងៗ ហើយខ្ញុំថែមទៅទៀតក៏មិនសូវឃើញមានលទ្ធផល។ បើមកអ៊ីចឹងទៅបានតែមួយភ្លែត ខាងផ្នែកសមត្ថកិច្ចគេទៅវិញបាត់សកម្មភាពនៅដដែល ហើយបើហុយជាងគេគឺខាងម៉ាស៊ីនកិនហ្មង»។
ឆ្លើយតបបញ្ហានេះតំណាងក្រុមហ៊ុនកិនថ្មនៅភ្នំតារាជតារូង ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ការពិតសកម្មភាពកិនថ្ម ទើបដំណើរការប្រហែល ១សប្ដាហ៍នេះទេ បន្ទាប់ផ្អាកអាជីវកម្ម ១ឆ្នាំដោយសារលក់ថ្មមិនសូវដាច់។ ក្នុង១ថ្ងៃមានឡាន ឬគោយន្ត១គ្រឿង ទៅពីរគ្រឿងប៉ុណ្ណោះបានចូលទិញថ្ម ហើយពេលខ្លះបីថ្ងៃជាប់គ្នាគ្មានឡានចូលទិញថ្មដឹកកាត់ភូមិមួយគ្រឿងក៏គ្មានដែរ។
លោកថា បើមានឡានចូលដឹកថ្មចាប់ពី ៥គ្រឿង ឡើងទៅនោះ ខាងក្រុមហ៊ុននឹងស្រោចទឹកផ្លូវដោយមានឡានទឹកប្រចាំការស្រាប់ ខណៈម៉ាស៊ីនកិនថ្មមានបាញ់ទឹកពេលកិនមិនឲ្យហុយ៖ «ឃើញខ្ញុំស្លូតចេះតែរករឿងខ្ញុំ ដល់គេអ្នកធំមានហ៊ានជាមួយគេណា! ប្រជាជនហ្នឹងអ៊ីចឹងណា ដល់ឡានរត់លឿនហុយដីចូលច្រមុះយ៉ាងម៉េចក៏អត់ហ៊ានមាត់ដែរ អាផ្លូវខាងលិចនោះ។ ខ្ញុំនេះលក់មួយថ្ងៃមួយគោយន្តពីរគោយន្ត ជួនកាលរកតែមួយដុល្លារក៏គ្មានដែរ យកមកទិញត្រីឲ្យតៃកុងស៊ីអត់បានផង ហេតុអីក៏ចងកម្មជាមួយខ្ញុំម្ល៉េះ»។
តំណាងក្រុមហ៊ុនចោទថា មានពលរដ្ឋ និងអាជ្ញាធរភូមិខ្លះខូច ហើយបង្កបញ្ហាដល់ក្រុមហ៊ុន ខណៈក្រុមហ៊ុនខិតខំបញ្ចៀសផលប៉ះពាល់ និងសម្រួលដល់ការអភិវឌ្ឍក្នុងមូលដ្ឋានរហូតមក។ លោកថា នៅដើមឆ្នាំ២០១៧ ក្រុមហ៊ុននឹងស្ថាបនាផ្លូវដឹកជញ្ជូនថ្មនេះ ឲ្យទៅជាផ្លូវក្រាលកៅស៊ូ ដើម្បីកាត់បន្ថយការហុយផង និងងាយស្រួលដល់ការធ្វើចរាចរណ៍របស់អ្នកភូមិផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
