បញ្ហា​សំរាម​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១០​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត​រស់​នៅ​ភូមិ​សន្ទូច ភូមិ​ត្រោកកើត និង​ភូមិ​អន្លង់ព្រុស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​ពី​បញ្ហា​សំរាម​ស្អុយ​រលួយ និង​ផ្សែង​ហុយ​ពី​ការ​ដុត​សំរាម​នោះ បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស និង​បរិស្ថាន។ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​​រក​ទីតាំង​ចាក់​សំរាម​ថ្មី​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​បច្ចុប្បន្ន ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ហើយ។

សំរាម និង​កាកសំណល់​ប្លាស្ទិក​ប្រមូល​ចេញ​ពី​ផ្សារ​លើ ផ្សារ​ក្រោម និង​ពី​តាម​ផ្ទះ​ក្នុង​ក្រុង​កំពង់ឆ្នាំង សរុប​ជាង ១០​តោន​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​ដឹក​ទៅ​ចោល​ក្បែរ​សាលា​ឃុំ​ស្រែថ្មី ឋិត​នៅ​ភាគ​ខាង​លិច ក្រុង​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ។ ក្រុម​ពលរដ្ឋ​មាន​ផ្ទះ​នៅ​ក្បែរ​នោះ ចង់​ឲ្យ​អាជ្ញាធរ​ប្ដូរ​ទីតាំង​ចាក់​សំរាម​ឲ្យ​បាន​ឆាប់ ខណៈ​ពួកគាត់​ធុញ​ទ្រាន់​នឹង​សត្វ​រុយ​កើត​ច្រើន​ចេញ​ពី​សំរាម និង​ក្លិន​ស្អុយ​អសោច។

ស្ត្រី​វ័យ​ជាង ៤០​ឆ្នាំ​ម្នាក់​ គឺ​អ្នកស្រី លាស់ សុគន្ធី មាន​ប្រសាសន៍​ថា អស់​រយៈ​ពេល​ជិត ១​ឆ្នាំ​ហើយ ដែល​គ្រួសារ​គាត់ និង​អ្នក​ភូមិ​សន្ទូច​ផ្សេង​ទៀត​លំបាក​ទ្រាំ​នឹង​បញ្ហា​សំរាម​នេះ​​ ហើយ​បាន​ប្ដឹង​ផ្ទាល់​មាត់​ទៅ​មេ​ភូមិ និង​មេ​ឃុំ​ដែរ​ តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​សោះ។

អ្នកស្រី​ថា ត្បិត​បច្ចុប្បន្ន​មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​កើត​ជំងឺ​អាសន្នរោគ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ ​ដោយសារ​គំនរ​សំរាម​នេះ ប៉ុន្តែ​ថ្ងៃ​អនាគត​អាច​នឹង​កើត​ជំងឺ​ទាំង​នេះ៖ «មាន​បញ្ហា​ប៉ះពាល់​ច្រើន​ណាស់​លោក​ពូ! ព្រោះ​ទី​មួយ ខ្ញុំ​ត្រូវ​ប្រើ​ថ្នាំ​មូស​រាល់​ថ្ងៃ ហើយ​ថ្នាំ​មូល​មាន​ជាតិ​ពុល ហើយ​កូន​ខ្ញុំ ក្មួយ​ខ្ញុំ​តូចតាច ដល់​ពេល​ត្រូវ​អា​ហ្នឹង (ថ្នាំ​មូស) យូរ​អាច​ខូច​សុខភាព ហើយ​រុយ បាញ់​ថ្នាំ​ម្ដងៗ​ស្ទើរ​មួយ​កញ្ច្រែង»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​មាន​ផ្ទះ​រស់​នៅ​ចម្ងាយ​ជាង ៣០​ម៉ែត្រ​ពី​គំនរ​សំរាម បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា ឡាន​ឆ្នៃ ឬ​ក្របីយន្ត និង​ឡាន​បែន​ចំណុះ ៥​តោន ចំនួន ៤​គ្រឿង​​ បាន​ដឹក​សំរាម​កាត់​តាម​មុខ​ផ្ទះ​អ្នក​ភូមិ​ដែល​ថ្ងៃ​ខ្លះ​ធ្លាក់​សំណល់​ស្អុយ​រលួយ​រប៉ាត់រប៉ាយ​ពេញ​មុខ​ផ្ទះ​ទៀត​ផង។

លោក​បារម្ភ​ថា នៅ​រដូវ​ភ្លៀង​ធ្លាក់​សំរាម​សើម​ដុត​មិន​ឆេះ ហើយ​សត្វ​រុយ​អាច​កើត​មាន​កាន់​តែ​ច្រើន​ឡើង៖ «លំបាក​រុយ​វា​ច្រើន ហើយ​ក្លិន​ស្អុយ ពេល​យើង​ហូប​បាយ​​ហូប​អត់​កើត​ទេ ចាប់​ផ្ដើម​ហូប​អង្គុយ​បក់​តែ​រុយ។ ណា​មួយ​ពេល​ខ្យល់​ខ្លាំង​អី​ហុយ​ប៉ើង​សំរាម​ពេញ​ផ្លូវ។ គ្រាន់​តែ​ចង់​ឲ្យ​គេ​ប្ដូរ​ពី​កន្លែង​ហ្នឹង​ទៅ ហើយ​ឲ្យ​ទៅ​ចាក់​កន្លែង​ផ្សេង»

បច្ចុប្បន្ន​នៅ​ក្រុង​កំពង់ឆ្នាំង មិន​ទាន់​មាន​ក្រុមហ៊ុន​ច្បាស់លាស់​ណា​មួយ​ម៉ៅការ​ប្រមូល​សំរាម​នោះ​ទេ គឺ​មាន​តែ​ឈ្មួញ​តូចតាច ឬ​អ្នក​ដេញ​ភាស៊ី​ផ្សារ​ប៉ុណ្ណោះ ដែល​ជា​អ្នក​ប្រមូល​សំរាម​ចេញ​ពី​ក្រុង​នេះ។អ្នក​ម៉ៅការ​ទាំង​នេះ បាន​ដឹក​សំរាម​ទៅ​ចាក់​ចោល​រប៉ាត់រប៉ាយ​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល ១​ហិកតារ ត្រង់​ចំណុច​ប្រសព្វគ្នា​រវាង​ភូមិ​សន្ទូច និង​ភូមិ​ត្រោកកើត នៃ​ឃុំ​ស្រែថ្មី បណ្ដោះ​អាសន្ន ដោយ​រង់ចាំ​អាជ្ញាធរ​រក​ទីតាំង​ចាក់​សំរាម​ថ្មី​បាន។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្រែថ្មី លោក នូ ឃៀន មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​រស់​នៅ​ភូមិ​សន្ទូច ពីរ ឬ​បី​គ្រួសារ​ប៉ុណ្ណោះ​ដែល​ប៉ះពាល់​ខ្លាំង ចំណែក​អ្នក​ភូមិ​ត្រោកកើត គ្រាន់​តែ​មាន​ដី​ស្រែ​នៅ​ក្បែរៗ​នោះ។ លោក​ថា សម្រាប់​អាជ្ញាធរ​ឃុំ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ ក្រៅ​ពី​សម្រួល​ឲ្យ​មាន​ទីតាំង​ចាក់​សំរាម និង​សុំ​អធ្យាស្រ័យ​ពី​ពលរដ្ឋ​តាម​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត៖ «តាម​ព័ត៌មាន​ដែល​ខ្ញុំ​ដឹង​ថា រក​ដី​នៅ​ខាង​ជើង​វត្ត​ព្រះរាម ចំនួន ១០​ហិកតារ សម្រាប់​ចាក់​សំរាម ដល់​អ៊ីចឹង​រក​អត់​ទាន់​បាន គឺ​ខេត្ត​ឲ្យ​សម្រួល​អា​ហ្នឹង​នែក! ដើម្បី​ចាក់​បណ្ដោះ​អាសន្ន​សិន​ទម្រាំ​រក​កន្លែង​នោះ​បាន»

ប្រភព​ពី​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) គ្រោង​បញ្ចេញ​ទឹក​ប្រាក់​ចំនួន ២៧​លាន​ដុល្លារ ដើម្បី​ជួយ​អភិវឌ្ឍន៍​ក្រុង​កំពង់ឆ្នាំង លើ​ទំនប់​ទឹក អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ និង​ទីតាំង​ចាក់​សំរាម។ ទីតាំង​ចាក់​សំរាម​នេះ អាច​ចំណាយ​ទឹក​ប្រាក់​ចំនួន ១,២​លាន​ដុល្លារ ហើយ​គម្រោង​បាន​សិក្សា​តាំង​ពី​ឆ្នាំ​២០១១ មក តែ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ទេ។

ប្រធាន​ការិយាល័យ​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន និង​អប់រំ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង លោក កែវ ធីម ថ្លែង​ថា អាជ្ញាធរ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គ្រោង​បង្កើត​ទីតាំង​ចាក់​សំរាម​ទំហំ ១០​ហិកតារ​នៅ​តំបន់​ភ្នំ​តូច នៃ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ ប្រសិន​បើ​មាន​ការ​អភិវឌ្ឍ​មែន​នោះ​ភាគី​អាជ្ញាធរ​ខេត្ត​ត្រូវ​ការ​ដី​ទំហំ ៨​ហិកតារ​ទៀត បន្ថែម​លើ​ដី​ចំនួន​ពីរ​ហិកតារ​ដែល​ខ្លួន​មាន​ស្រាប់។

លោក កែវ ធីម មិន​ប្រាកដ​ក្នុង​ចិត្ត​ថា គម្រោង​អាច​នឹង​ដើរ​ក្នុង​ពេល​ឆាប់ៗ​ទេ ដោយសារ​ដី​នៅ​តំបន់​នោះ គឺ​ជា​កម្មសិទ្ធិ​ឯកជន ដូច្នេះ​អាជ្ញាធរ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត​ដើម្បី​ទិញ​ដី​បន្ថែម​ឲ្យ​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​អភិវឌ្ឍ។ យ៉ាងណា​នៅ​ចំពោះ​មុខ លោក​ថា នឹង​ចុះ​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេកទេស​លើ​ទីតាំង​ចាក់​សំរាម​សព្វ​ថ្ងៃ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សុខភាព​មនុស្ស​ឲ្យ​នៅ​តិច។

លោក កែវ ធីម៖ «យើង​បាន​ហាម​គាត​មិន​ឲ្យ​ដុត កាល​ណា​ដុត​វា​មាន​បញ្ហា​ប៉ះពាល់​បរិយាកាស​ផង ហើយ​ប៉ះពាល់​ទឹក ដី និង​ខ្យល់។ ប៉ុន្តែ​ដោយសារ​ថា ខាង​ក្រុង​ហើយ​និង​អ្នក​ដែល​ដឹក​សំរាម​ទៅ​ថា បើ​សិន​ជា​បង​មិន​ឲ្យ​ចាក់​នៅ​ត្រង់​ហ្នឹង​ខ្ញុំ​អត់​មាន​ទីតាំង​ចាក់​ទេ អ៊ីចឹង​សំរាម​កាន់​តែ​រាយប៉ាយ។ យើង​ក៏​បាន​ឯកភាព​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ទីរ​ថា ឲ្យ​គាត់​ចាក់ ប៉ុន្តែ​ឲ្យ​គាត់​ជីក​ជា​រណ្ដៅ ៤​ម៉ែត្រ​ការ៉េ ពេល​ចាក់​ពេញ​ហើយ​ត្រូវ​លប់ ហើយ​ជីក​មួយ​រណ្ដៅ​ទៀត យើង​អត់​ឲ្យ​គាត់​ចាក់​ជា​ចំហ​ទេ»

បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង មាន​ទីតាំង​ចាក់​សំរាម​ចំនួន ៥​កន្លែង ប៉ុន្តែ​ទីតាំង​ទាំង​នោះ​មាន​ទំហំ​តូចៗ គឺ​ទំហំ​ចន្លោះ​ពី ៤ ទៅ ៦​អារ។ ការ​គ្រប់គ្រង​សំណល់​រឹង និង​រាវ​ក្នុង​ក្រុង​នៅ​មាន​បញ្ហា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។