មន្ត្រី​​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​បន្ត​ចុះ​អប់រំ​កុមារ​នៅ​តាម​សាលា​អំពី​សុវត្ថិភាព​ចំណី​អាហារ

0:00 / 0:00

មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ បន្ត​បើក​យុទ្ធនាការ​ចុះ​អប់រំ​កុមារ​តូចៗ នៅ​តាម​សាលា​មួយ​ចំនួន​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​គុណភាព​នៃ​ការ​ជ្រើស​យក​នំ​ចំណី ឬ​ភេសជ្ជៈ​គ្រប់​ប្រភេទ​ដែល​មាន​គុណភាព​មក​ទទួលទាន។ មន្ត្រី​ទាំង​នេះ ក៏​អំពាវនាវ​ដល់​គ្រូបង្រៀន និង​អាណាព្យាបាល​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចូលរួម​ពិនិត្យ និង​ផ្សព្វផ្សាយ​បន្ត​ដល់​កុមារ​តូចៗ នៅ​ផ្ទះ​ត្រូវ​ពិនិត្យ​មើល​នំចំណី​ផ្សេងៗ ឲ្យ​មាន​ស្លាក​សញ្ញា និង​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ជ្រើស​យក​ទៅ​ទទួល​ទាន។

អនុ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ជា ប៉ិច ដែល​ដឹកនាំ​ក្រុម​ការងារ​ស្ថាប័ន​នេះ ចុះ​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​តូចៗ និង​គ្រូបង្រៀន​នៅ​សាលា​បឋមសិក្សា ទំនប់​រលក​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អង្គា ទី​២៦ ខែ​មេសា ដើម្បី​ជ្រើសរើស​នំ​ចំណី​ណា​ដែល​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ។

លោក​រំពឹង​ថា តាម​រយៈ​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល ចុះ​អប់រំ​ដល់​កុមារ​តូចៗ នៅ​តាម​សាលា​នឹង​អាច​ជួយ​ឲ្យ​កុមារ​តូចៗ បន្ត​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដល់​កុមារ​ផ្សេង​ទៀត​ដែល​នៅ​តាម​ផ្ទះ​ដែរ។

លោក ជា ប៉ិច បន្ថែម​ថា ទំនិញ​គ្រប់​ប្រភេទ​មុខ​ដែល​វេច​ខ្ចប់​មិន​បាន​ល្អ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ គ្មាន​ចុះ​ទីតាំង​ផលិត ឬ​ក្រុមហ៊ុន​ឲ្យ​បាន​ត្រឹមត្រូវ និង​ហួស​កាលកំណត់​ប្រើប្រាស់​ជាដើម ត្រូវ​ហាម​ដាច់ខាត​មិន​ឲ្យ​យក​មក​ប្រើប្រាស់ ឬ​ទទួលទាន​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ «ខ្ញុំ​បាន​ពន្យល់​ណែនាំ​ដល់​សិស្សានុសិស្ស​ទាំង​អស់​អំពី​លក្ខខណ្ឌ ដែល​ត្រូវ​ជ្រើសរើស​ចំណី​អាហារ​មក​ទទួលទាន​មាន​ដូចជា សំបក​វេច​ខ្ចប់​ហួស​កាលបរិច្ឆេទ សំបក​ប៉ោង ឬ​ក្រពឹត​ជាដើម គឺ​មិន​ត្រូវ​យក​មក​ទទួលទាន​ទេ»

កុមារ​តូចៗ រៀន​នៅ​សាលាបឋមសិក្សា​ទំនប់​រលក​ថ្មី មាន​ចំនួន​ជិត ៨០០​នាក់ ដែល​ចូលរួម​ស្ដាប់​ការ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល។ ពួកគេ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​អំពី​ការ​អប់រំ​ទាក់ទង​ការ​ជ្រើស​យក​នំ​ចំណី ដប ឬ​កំប៉ុង​ក្រពឹត និង​គ្រឿង​អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ហួស​គុណភាព​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​លើស​ថ្ងៃ​ប្រើប្រាស់​ជាដើម។

នាយក​រង​សាលាបឋមសិក្សា​ទំនប់រលកថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក ខៀវ សុខា បាន​ស្វាគមន៍​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ដែល​ជ្រើស​យក​សាលា​នេះ ផ្ដល់​ការ​អប់រំ​ដល់​កុមារ​តូចៗ ឲ្យ​បាន​យល់​ដឹង​ពី​ការ​ជ្រើស​យក​នំ​ចំណី និង​អាហារ​ហូប​ចុក​ឲ្យ​មាន​គុណភាព​ដើម្បី​រក្សា​សុខភាព។ លោក​អំពាវនាវ​ដល់​អាណាព្យាបាល ពិសេស​លោកគ្រូ​អ្នកគ្រូ​នៅ​ទូទាំង​ប្រទេស ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ដើម្បី​សុខភាព​កុមារ និង​ប្រជាពលរដ្ឋ​ទូទៅ​រស់​នៅ​មាន​សុខភាព​ល្អ។

លោក ខៀវ សុខា ក៏​ស្នើ​ដល់​មន្ត្រី​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ត្រូវ​បន្ត​ការងារ​ចុះ​អប់រំ​អំពី​សុខភាព​ចំណី​អាហារ​នេះ ឲ្យ​បាន​ទូលំទូលាយ និង​ជា​ប្រចាំ ជូន​ដល់​កុមារ​តូចៗ នៅ​តាម​សាលា​នានា ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ៖ «ខ្ញុំ​ចង់​សំណូមពរ​ដល់​មន្ត្រី​ស្ថាប័ន​កាំកុងត្រូល បើ​មាន​ពេលវេលា ត្រូវ​ចុះ​មក​បើក​សិក្ខាសាលា​ពេញ​មួយ​ថ្ងៃ​ដល់​កុមារ ឬ​គ្រូបង្រៀន ឲ្យ​បាន​យល់ដឹង​ស៊ី​ជម្រៅ​អំពី​ការ​ត្រូវ​ជ្រើស​យក​អាហារ ដែល​វេច​ខ្ចប់​បាន​ត្រឹមត្រូវ ដើម្បី​យក​មក​ប្រើប្រាស់​ឲ្យ​មាន​សុវត្ថិភាព»

អនុ​ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​អាណាព្យាបាល ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ណា​មួយ​សង្ស័យ​ពុល​ចំណីអាហារ ឬក៏​ទីតាំង​ស្លក់​គ្រឿង​ហូបចុក​ដែល​លើស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​វេច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន​មក​កាន់​ស្ថាប័ន​កាំកុងត្រូល​ឈាន​ដល់​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដល់​ទី​តាំង​ទាំង​នោះ​ឲ្យ​បាន​ទាន់​ពេល​វេលា។

​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​សកម្មភាព​របស់​មន្ត្រី​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដោយ​ចាត់​ទុក​ថា សកម្មភាព​ចុះ​អប់រំ​អំពី​ការ​ជ្រើស​យក​ចំណី​អាហារ​ដល់​កុមារ​តូចៗ នៅ​តាម​សាលា​នានា ហើយ​សំណូមពរ​ឲ្យ​ធ្វើ​សកម្មភាព​នេះ​ឲ្យ​បាន​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។