អ្នក​ភូមិ​ក្រាំងឡង​ខេត្ត​កំពង់ស្ពឺ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

0:00 / 0:00

ការ​ខ្វះខាត​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ ក្លាយ​ជា​កង្វល់​ចម្បង​របស់​ពលរដ្ឋ​នៅ​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០០​គ្រួសារ លើក​ឡើង​ថា ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​នេះ ព្រោះ​ប្រជាជន​គ្មាន​អណ្ដូង​ទឹក និង​គ្មាន​ស្រះ​ទឹក​ត្រឹមត្រូវ ដែល​អ្នក​ជំនាញ​សុខភាព​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ពី​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត​នោះ។ ទន្ទឹម​នឹង​នេះ​ដែរ អាជ្ញាធរ និង​រដ្ឋាភិបាល មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់​ឡើយ។ អភិបាល​ខេត្ត​កំពង់ស្ពឺ សន្យា​ថា​នឹង​ជួយ​ដោះស្រាយ​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ទាំង​នោះ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​សម្បុរ​ស្រអែម សក់​ត្រឹម​ក អម​នឹង​អាវ​ស​ពាក់​លើ​ខ្លួន រៀបរាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ពី​ជីវិត​ប្រចាំ​ថ្ងៃ ដែល​ខ្វះខាត​ទឹក​ស្អាត​ក្នុង​ការ​ប្រើប្រាស់។ សព្វថ្ងៃ គ្រួសារ​របស់​គាត់​មាន​សុទ្ធតែ​ស្រីៗ ហើយ​មាន​តែ​រូប​គាត់​ទេ​ដែល​ជា​អ្នក​រែក​ទឹក​សម្រាប់​ប្រើ​ប្រចាំ​ថ្ងៃ។

លោកស្រី សោភា ទឹក​មុខ​ប្រែ​ស្រពោន​នៅ​ពេល​និយាយ​ពី​ការ​ស្នើសុំ​អណ្ដូង​ទឹក និង​ស្រះ​ទឹក​ពី​រដ្ឋាភិបាល។ មុខ​ប្រែ​ស្រពោន ព្រោះ​គាត់​និយាយ​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​ខ្វល់ខ្វាយ​បញ្ហា​អត់​ទឹក​នៅ​ក្នុង​ភូមិ​របស់​គាត់​នោះ​ទេ។ ការ​ខ្វះ​អណ្ដូង​ទឹក និង​ស្រះ​ទឹក​ប្រើប្រាស់​នេះ គឺ​ស្ថិត​នៅ​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត លោកស្រី ឡេង និយាយ​ថា សព្វថ្ងៃ គាត់ និង​អ្នក​ភូមិ​ដទៃ​ទៀត ទិញ​ទឹក​គេ​យក​មក​ប្រើប្រាស់​ក្នុង​មួយ​ឡាន​ពី ៥ ទៅ ៧​ម៉ឺន​រៀល ដោយ​មួយ​ឡាន​ប្រើ​បាន​ពី ៣ ទៅ ៤​ថ្ងៃ​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា កង្វះ​ទឹក​ប្រើប្រាស់​នេះ ដោយសារ​ក្នុង​ភូមិ​របស់​គាត់​មិន​មាន​អណ្ដូង​ទឹក និង​មិន​មាន​ស្រះ​សម្រាប់​ទុក​ទឹក​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់៖ «អូន! ទឹក​ប្រើប្រាស់​ហ្នឹង​ពិបាក​មែន​ទែន ពិសេស​សត្វ​គោ​អត់​មាន​ទឹក​ផឹក​ទេ។ ក្មេងក្មាង​ក៏​ពិបាក​ដែរ​រឿង​អត់​ទឹក​នោះ គេ​ដឹក​លក់​ប្រហែង ១០ ទៅ ៣០​គីឡូ​ហើយ​មើល​ទៅ។ អូន! តើ​តែ​អណ្ដូង​ទឹក​មួយ​កាត់​ជ្រុង​នោះ ខូច​បាត់​ទៅ»

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ភូមិ​ក៏​មាន​ស្រះ​ដែរ ដោយ​ស្រះ​ខ្លះ​អត់​ទឹក​សូម្បី​មួយ​ដំណក់ និង​ខ្លះ​ទៀត​មាន​ទឹក​តិចតួច​មិន​អាច​ប្រើ​ការ​បាន ព្រោះ​ល្អក់​វ៉ល់ មើល​មិន​យល់ ទទួល​ទាន​មិន​កើត។

អនុប្រធាន​ភូមិ​ក្រាំងឡង លោក ធូ តុប មាន​ប្រសាសន៍​ថា នៅ​ភូមិ​ក្រាំងឡង មាន​ប្រជាជន​ជិត ៤០០​នាក់។ លោក​បន្ត​ថា កន្លង​មក​អ្នក​ភូមិ​ក៏​ធ្លាប់​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ប្រើប្រាស់​នេះ​ដែរ ប៉ុន្តែ​លទ្ធផល​បាន​ត្រឹម​ពាំនាំ តែ​មិន​មាន​ដំណោះស្រាយ​នោះ​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​ទី​នេះ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។ ម្ល៉ោះ​ហើយ សូម​រដ្ឋាភិបាល​គោរព​តាម​ការ​សន្យា​របស់​ខ្លួន ដែល​ឃោសនា​នៅ​ពេល​បោះ​ឆ្នោត ថា​នឹង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «ទី​មួយ​ខ្វះ​ជីវភាព​ផង ស្រុក​រាំង​ស្ងួត ទឹក​ហ្នឹង​មួយ​ថ្ងៃ​ងូត​តែ​ម្តង​ទេ។ យ៉ាប់​បំផុត​នោះ គឺ​សត្វ​ពាហនៈ​គោ​ក្របី។ ទឹក​ល្អក់​កករ​ចេះ​តែ​ផឹក​ឲ្យ​រស់ៗ​ទៅ។ សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មែន​នោះ ខ្ញុំ​អរ​ណាស់»

ស្រះ​ទឹក​នៅ​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥
ស្រះ​ទឹក​នៅ​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥ (RFA/Sireymuny)

ឆ្លើយ​តប​នឹង​ការ​ទទូច​ស្នើសុំ​អណ្ដូង​ទឹក និង​ស្រះ​ទឹក​សម្រាប់​ប្រើប្រាស់​នេះ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក កង ហ៊ាង មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ​តាម​រយៈ​ការ​សម្ភាស​របស់​វិទ្យុ​អាស៊ីសេរី។ តែ​យ៉ាង​នេះ​ក្ដី កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជង្រុក ភូមិ​ក្រាំងឡង អភិបាល​ខេត្ត​កំពង់ស្ពឺ លោក កង ហ៊ាង សន្យា​ថា​នឹង​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏​សូម​ឲ្យ​សប្បុរសជន​ដែល​មាន​លទ្ធភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផង៖ «បួន​ប្រាំ​ភូមិ​ហ្នឹង​ខ្ញុំ​ដឹង​ហើយ តែ​លទ្ធភាព​វា​ធំ​ណាស់។ តាម​ឧតុនិយម​ថា មេឃ​ភ្លៀង​សឹង​រាល់​ថ្ងៃ​ហ្នឹង ប៉ុន្តែ​វា​តិច។ គាត់​អាច​ត្រង​ទឹក​ភ្លៀង​ហ្នឹង​ខ្លះ​ហើយ»

ការ​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់​នេះ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត ប្រជាពលរដ្ឋ​អាច​ប្រឈម​នឹង​ជំងឺ​ឆ្លង​ជាច្រើន​ដូចជា ជំងឺ​រាករូស រាក​មួល រលាក​ពោះវៀន ហើយ​ស្បែក​នឹង​ប្រឈម​នឹង​ជំងឺ​កម​រមាស់ និង​ងាយ​កើត​ជំងឺ​កន្ទាលត្រអាក។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ដើម្បី​អាច​ជៀស​ផុត​ពី​ជំងឺ​តម្កាត់​ផ្សេងៗ ប្រជាពលរដ្ឋ​ត្រូវ​ដាំ​ទឹក ឬ​ក៏​ចម្រោះ​ទឹក​ឲ្យ​ល្អ​មុន​នឹង​ទទួល​ទាន៖ «វា​អាច​រាក​មួល ដូច្នេះ​សូម​បង​ប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន ជៀសវាង​ការ​បន្ទោបង់​ពាសវាលពាសកាល។ ត្រូវ​មាន​បង្គន់ ឬ​ក៏​ជីក​កប់​ឲ្យ​បាន​ល្អ ខ្លាច​ក្រែង​ពេល​ភ្លៀង​អាច​ហូរ​ចូល​ទឹក​ស្រះ។ ម្យ៉ាង​វិញ​ទៀត សូម​បង​ប្អូន​ក្រោយ​ពេល​ចេញ​ពី​បង្គន់​ត្រូវ​លាង​ដៃ និង​មុន​ទទួល​ទាន​អាហារ​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ស្អាត ដោយ​លាង​នឹង​សាប៊ូ»

ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០០​នាក់​នៅ​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ស្រុក​គងពិសី ទទូច​ដល់​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ និង​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សូម​យល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​មិន​មាន​ទឹក​សម្រាប់​ប្រើ និង​សូម​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ការ​ខ្វះខាត​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ពលរដ្ឋ​ទាំង​នោះ ស្នើ​ដល់​សប្បុរសជន​ដែល​មាន​លទ្ធភាព ឲ្យ​ជួយ​ដោះស្រាយ​អណ្ដូង​ទឹក និង​ស្រះ​ទឹក ដើម្បី​ជា​មធ្យោបាយ​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។