អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការតឹងរ៉ឹងចំពោះទីតាំងផលិតស្រាទូទាំងខេត្ត បន្ទាប់ពីអ្នកស្លាប់ដោយសង្ស័យថាពុលស្រាស និងបញ្ជូនទៅសង្គ្រោះកើនឡើងដល់ ១៥៧នាក់ ក្នុងនោះស្លាប់ ១៣នាក់។
ការចាត់វិធានការនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានជូនដំណឹងឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការពិសាស្រាស និងបរិភោគសាច់ងាប់។ ចំណែកមន្ត្រីសង្គមស៊ីវិល ស្នើក្រសួងត្រួតពិនិត្យរកឫសគល់នៃមូលហេតុជុំវិញករណីនេះឲ្យជាក់លាក់ ចៀសវាងប៉ះពាល់អាជីវកម្មពលរដ្ឋដែលត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ថា មន្ត្រីជំនាញនៃក្រសួងសុខាភិបាល រកឃើញថា ករណីសង្ស័យពុលស្រាស និងសាច់ឆ្កែ កើតឡើងនៅស្រុកចំនួនបីនៃខេត្តក្រចេះ គឺស្រុកសំបូរ ស្រុកស្នួល និងស្រុកចិត្របុរី បណ្ដាលឲ្យពលរដ្ឋជាច្រើននាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងស្លាប់ជាបន្តបន្ទាប់ មកពីការពិសាស្រាសដែលមានជាតិមេកាណុល និងបរិភោគសាច់ងាប់មានជាតិពុល។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា ពលរដ្ឋបរិភោគស្រាសមានជាតិមេកាណុលលើសកម្រិត បណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់។ បញ្ហានេះ ក្រសួងបានជូនដំណឹងទៅមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរខេត្តក្រចេះ បញ្ឈប់រាល់ការលក់ដូរ និងការចែកចាយជាបណ្ដោះអាសន្ន និងរង់ចាំការស្រាវជ្រាវត្រួតពិនិត្យផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល ជាមុនសិន៖ «កន្លងមកនេះ ខេត្តដទៃក៏មានគ្រោះថ្នាក់។ ដូច្នេះមុននឹងទិញ គួរមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងប៉ះពាល់សុខភាពដូចដែលកើតឡើងនេះ»។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ថែមទៀតថា មន្ត្រីជំនាញនៅមិនទាន់រកឃើញផ្នែកបច្ចេកទេសនៃការត្រួតពិនិត្យសាច់ឆ្កែជាក់លាក់នៅឡើយទេ ព្រោះឧបករណ៍បច្ចេកទេសមានបញ្ហា។ ដូច្នេះ ក្រសួងសន្និដ្ឋានថា ពលរដ្ឋរស់នៅស្រុកស្នួល ៦៦នាក់ ក្នុងនោះ ៦នាក់ស្លាប់ គឺបណ្ដាលមកពីបរិភោគសាច់ឆ្កែដែលគេបំពុលស្លាប់ និងស្រាស៖ «ខ្ញុំក៏សំណូមពរដែលថា ប្រជាពលរដ្ឋមិនគួរមិនថាសាច់ឆ្កែសាច់អីក៏ដោយ មិនគួរយកសត្វដែលឈឺ ឬងាប់ហ្នឹង យកមកបរិភោគទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាព»។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែធ្នូ បង្ហាញថា ក្រសួងនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន បិទទីកន្លែងផលិតស្រាពាក់ព័ន្ធទាំងអស់ បន្តតាមដាន និងអប់រំពលរដ្ឋអំពីអនាម័យចំណីអាហារ ជាដើម។
ជុំវិញករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ឲ្យដឹងតាមរយៈលិខិតជូនដំណឹងនេះថា ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់នូវការបរិភោគស្រាស ឬស្រាថ្នាំ ដែលផលិតគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងបញ្ឈប់ជាបន្ទាន់ការបរិភោគសាច់ឈឺ ឬងាប់។
កាលពីចុងខែវិច្ឆិកា ពលរដ្ឋរស់នៅភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ បានពុលស្រាស ៥១នាក់ ក្នុងនោះ ៣នាក់ស្លាប់ ហើយនៅថ្ងៃទី៦ ដល់ថ្ងៃទី១១ ធ្នូ ពលរដ្ឋរស់នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០១នាក់ ក្នុងនោះ ១០នាក់ស្លាប់សង្ស័យពុលសាច់ឆ្កែដែលគេបំពុលស្លាប់ និងពុលស្រាសដែលមានជាតិមេកាណុលកម្រិតខ្ពស់។ នៅថ្ងៃទី១២ ធ្នូ ពលរដ្ឋរស់នៅភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី សម្រាកព្យាបាល ២នាក់ និង ៣នាក់ទៀត បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសង្ស័យពុលស្រាស។
មន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា ការផលិតស្រាស និងការបរិភោគស្រាស បានចាក់ឫសជាយូរអង្វែងមកហើយ។ ដូច្នេះ ការជូនដំណឹងឲ្យបញ្ឈប់ ឬបិទជាបណ្ដោះអាសន្នរបស់ក្រសួងសុខាភិបាល អាចពុំមានប្រសិទ្ធភាព ប្រសិនបើដំណើរការត្រួតពិនិត្យគុណភាពរបស់មន្ត្រីជំនាញមានលក្ខណៈទន់ជ្រាយ និងយឺតយ៉ាវ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ជឿជាក់ថា ការអំពាវនាវរបស់ក្រសួងសុខាភិបាល ឲ្យពលរដ្ឋឈប់ផឹកស្រាស និងបិទហាងផលិតស្រា អាចពុំមានប្រសិទ្ធភាពឡើយ បើអាជ្ញាធរមិនស៊ើបអង្កេតរកប្រភពនៃមូលហេតុការនាំចូលមេស្រា និងមេកាណុល ដែលផលិតនៅក្រៅប្រទេសឲ្យបានច្បាស់លាស់ទេនោះ។ លោកថា ក្រសួងគួរតែពិនិត្យទីតាំងផលិតស្រាសទូទាំងប្រទេស ដើម្បីធានាថា ការផលិតពិតជាមិនមានប្រើប្រាស់ជាតិមេស្រាធ្ងន់ធ្ងរ៖ «នគរបាលសេដ្ឋកិច្ចគួរតែមានវិធានការមួយ គួរត្រួតពិនិត្យតាមព្រំដែន ថាធានាថា មេស្រាសដែលនាំមកហ្នឹង ពិតជាមេដែលល្អ ចៀសវាងប្រើទៅផលប៉ះពាល់ដល់អ្នកប្រើប្រាស់»។
អាជ្ញាធរខេត្តក្រចេះ ចេញលិខិតជូនដំណឹងកាលពីថ្ងៃទី១១ ខែធ្នូ ស្ដីពីការបញ្ឈប់ជាបន្ទាន់រាល់ការផលិតស្រានៅតាមមូលដ្ឋាន។ ដោយឡែកអ្នកលក់ស្រាធ្វើឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺករណីនេះពីអភិបាលខេត្តស្តីទី លោក ហឿ ស៊ីយ៉ែម បានទេនៅថ្ងៃទី១៣ ខែធ្នូ ដោយលោកមានប្រសាសន៍ថា កំពុងជាប់ប្រជុំ។
យ៉ាងណា មន្ត្រីសង្គមស៊ីវិលបារម្ភថា អាចមានអាជ្ញាធរមួយចំនួនយកលិខិតរបស់ក្រសួងសុខាភិបាល ប្រើប្រាស់មិនត្រឹមត្រូវ អាចគំរាមកំហែងអ្នកផលិតស្រា។
ស្រាស គឺជាស្រាដែលផលិតចេញពីអង្ករ ដែលពេញនិយមសម្រាប់ពលរដ្ឋរស់នៅទីជនបទ។ លើសពីនេះ ក៏មានពលរដ្ឋមួយចំនួនធំ បានយកស្រាសធ្វើជាថ្នាំព្យាបាលជំងឺ ដោយត្រាំនឹងឫសឈើ និងផ្លែឈើផ្សេងៗ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
