ក្ដីស្រមៃរបស់ប្រជាជនក្រីក្រដែលថា មន្ទីរពេទ្យបង្អែកខណ្ឌចំការមន នឹងបើកទ្វារវិញក្រោយពីបិទជាងបីឆ្នាំមក ត្រូវរលាយសូន្យ។ អគារមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ឬពេទ្យកាកបាទក្រហមនៅខាងត្បូងវិមានឯករាជ្យ កំពុងត្រូវគេជួសជុលរៀបចំទៅជាធនាគារឯកជននៅពេលឆាប់ៗខាងមុខ។
ប្រជាជនក្រីក្រដែលធ្លាប់ទៅទទួលសេវាព្យាបាលមិនបង់ប្រាក់នៅមន្ទីរពេទ្យរដ្ឋនេះ ត្អូញត្អែរថា ខ្វះសេវាសុខាភិបាលរដ្ឋដែលមិនបង់ប្រាក់ បន្ទាប់ពីមន្ទីរពេទ្យនេះបានបិទទ្វារ និងត្រូវគេយកទៅធ្វើជាធនាគារ។
លោកស្រី លុយ សារី ធ្លាប់ទៅសម្រាលបុត្រនៅមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ដោយមិនចាំបាច់បង់ប្រាក់។ លោកស្រីសរសើរពីសេវាព្យាបាលរបស់មន្ទីរពេទ្យនេះ ដោយសារបុគ្គលិកប្រើសម្ដីសមរម្យ មិនគំរោះគំរើយ និងយកចិត្តទុកដាក់អ្នកជំងឺក្រីក្រដូចជាលោកស្រី បើទោះបីជាមិនតម្រូវឲ្យបង់ប្រាក់ក្តី។
កំពុងអង្គុយលាងសាច់មាន់សម្រាប់ដាំបបរលក់នៅពេលរសៀល លោកស្រី សារី ប្រាប់ថា សព្វថ្ងៃលោកស្រីមានជំងឺវង្វេងវង្វាន់ ហើយលោកស្រីតែងទៅបើកថ្នាំនៅមន្ទីរពេទ្យចំការមន ដើម្បីព្យាបាលជំងឺ។
ផ្ទះរបស់ លោកស្រី សារី ត្រូវចូលទៅតាមផ្លូវច្រកចូលវត្តប្រយូសវង្ស លើមហាវិថីព្រះនរោត្តម។ តំបន់រស់នៅរបស់លោកស្រីមានច្រកចេញចូលកាច់កុងចុះឡើង ដែលម៉ូតូពីរពិបាកនឹងជៀសគ្នារួច។ ផ្ទះរបស់ លោកស្រី លុយ សារី នៅមិនឆ្ងាយពីមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ទេ។ លោកស្រីឲ្យដឹងថា ពេលឈឺថ្កាត់ពេលយប់ព្រលប់ លោកស្រីអាចទៅមន្ទីរនេះទៅឲ្យពេទ្យពិនិត្យព្យាបាល ដោយមិនចាំបាច់អស់លុយកាក់ច្រើន។ លោកស្រី សារី បានដឹងពីការបិទទ្វាររបស់មន្ទីរពេទ្យបង្អែកខណ្ឌចំការមន យូរមកហើយ ក៏ប៉ុន្តែលោកស្រីរំពឹងថា មន្ទីរពេទ្យរដ្ឋដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មមួយនេះ នឹងបើកទ្វារជាថ្មី បន្ទាប់ពីជួសជុលហើយ។
ស្ថិតនៅលើមហាវិថីព្រះនរោត្តម កែងនឹងផ្លូវលេខ២៩៤ អគារមន្ទីរពេទ្យនេះត្រូវបានព័ន្ធរបងបន្ទះដែកពណ៌ខៀវ។ បុរសមួយក្រុមកំពុងរៀបចំដាក់ការ៉ូការ៉ូឡាលើទីធ្លាដីក្នុងបរិវេណមុខមន្ទីរពេទ្យ។
បុរសម្នាក់ដែលកំពុងច្រៀកក្ដារនៅជាន់ផ្ទាល់ដី បញ្ជាក់ថា រយៈពេលជាងមួយខែកន្លះទៀត អគារមន្ទីរពេទ្យនេះនឹងត្រូវជួសជុលរួចរាល់។ គាត់ថា គេនឹងបើកជាធនាគារដាក់លុយ។ នៅជាន់ទី១ បន្ទប់ដែលជាកន្លែងធ្លាប់ដាក់អ្នកជំងឺ កំពុងត្រូវរៀបចំដាក់ម៉ាស៊ីនត្រជាក់ លាបពណ៌ និងជួសជុលជាថ្មី។
បុរសម្នាក់ទៀតដែលប្រាប់ថាមកធ្វើជាជាងកំបោរនៅទីនេះរយៈពេលមួយខែមកហើយ រៀបរាប់ថា លោកមិនបានដឹងច្បាស់ពីឈ្មោះក្រុមហ៊ុនដែលនឹងបើកធនាគារនេះទេ។ លោកឮថា មន្ទីរពេទ្យនេះនឹងក្លាយជាធនាគារ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយថា មិនបានដឹងរឿងនេះទេ ហើយលោកផ្តល់យោបល់ឲ្យសាកសួរមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ប៉ុន្តែមន្ត្រីមន្ទីរសុខាភិបាល មិនលើកទូរស័ព្ទ។
វិទ្យុអាស៊ីសេរី បានទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏ប៉ុន្តែលោកប្រាប់ថា លោកកំពុងជាប់រវល់មិនអាចឆ្លើយតបបានទេ។
កាលពីពេលកន្លងទៅ នៅពេលមន្ទីរពេទ្យបង្អែកខណ្ឌចំការមន បិទទ្វារ បុគ្គលិកមន្ទីរពេទ្យនេះសង្ស័យថា រដ្ឋាភិបាលបានលក់មន្ទីរពេទ្យទៅឲ្យឯកជន។ ក្រោយមក ក្រុមគ្រូពេទ្យបាននាំគ្នាធ្វើបាតុកម្មទាក់ទងនឹងរឿងនេះ។ ក៏ប៉ុន្តែបុគ្គលិកមន្ទីរពេទ្យនេះ ត្រូវបានគេផ្ទេរទៅដាក់នៅមន្ទីរពេទ្យបង្អែករាជធានី ហើយគ្រូពេទ្យខ្លះបានទៅបម្រើការនៅតាមគ្លីនិកឯកជន។
ចរន្តនៃការប្ដូរទីតាំងគ្រឹះស្ថានរដ្ឋ កំពុងកើនឡើង ខណៈតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឡើងថ្លៃ។
សន្ទស្សន៍ស្ដីពីការអភិវឌ្ឍអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន ខ្នៃ ហ្វ្រែង (Knight Frank) បង្ហាញថា តម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ កើនឡើងជាង ២៦ភាគរយក្នុងឆ្នាំ២០១៥ ដែលកើនខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់តម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន (Japan) ក្នុងទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កាលពីពេលថ្មីនេះ ទីតាំងក្រសួងបរិស្ថាន ចាស់ក្បែរវិមានឯករាជ្យ ត្រូវបានផ្ទេរទៅក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ ហើយបានរំកិលការិយាល័យរបស់ខ្លួននៅលើសំណង់អគារមួយដែលត្រូវបានគេប្រសិទ្ធិនាមថា «អគារមរតកតេជោ» នៅជាប់ច្រាំងទន្លេក្បែរកាស៊ីណូណាហ្គា (Naga World)។
ដោយឡែកព័ត៌មានស្ដីពីការប្រែក្លាយពីមន្ទីរពេទ្យរដ្ឋ ទៅជាធនាគារឯកជននៅពេលនេះ ធ្វើឲ្យ លោកស្រី លុយ សារី និងអ្នកជិតខាងគាត់ផ្សេងទៀតអស់សង្ឃឹម។ សង្ឃឹមធ្លាប់គិតថា សហគមន៍ក្រីក្ររបស់គាត់ នឹងអាចទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌចំការមន វិញ។ តាំងពីពេលដែលមន្ទីរពេទ្យនេះបិទទ្វារតាំងពី ៣ឆ្នាំមុនមក លោកស្រីខកខានទទួលការព្យាបាល៖ « ពិបាកណាស់ មិនពិបាកត្រឹមតែ ( ធ្វើដំណើរ ) ទៅពេទ្យទេ តែយើងវាអត់លុយកាក់។ ពេលមុនយើងទៅពេទ្យមិនអស់លុយទេ។ ខ្ញុំមានជំងឺ ដែលពិបាកជាងគេ គេហៅថាជំងឺសរសៃប្រសាទ។ ជំងឺខ្ញុំត្រូវព្យាបាលរយៈពេលយូរ។ ខ្ញុំទៅពេទ្យហ្នឹង ( មន្ទីរពេទ្យបង្អែកខណ្ឌចំការមន ) មិនអស់លុយទេ តែដល់ក្រោយមកបាត់ពេទ្យ លែងបានព្យាបាលទៅ។ អត់ដែលបានព្យាបាល។ ខ្ញុំឥឡូវនៅវង្វេងមុខវង្វេងក្រោយហ្នឹង។ ជីវភាព ( ខ្ញុំ ) លំបាក។ ដល់ពេលអស់ពេទ្យហ្នឹង យើងដឹងទៅប្រាប់អ្នកណា។ អត់ ( មានកន្លែងត្រូវទៅ ) ត្រឹមតែព្រួយ ត្រឹមតែលំបាកសម្រាប់យើងអ្នកក្រ។ អ្នកមាន គេអត់ភ័យទេ ( ពេល ) ឈឺគេចូលគ្លីនិក ឈឺគេចូលពេទ្យ គេមានលុយ។ ខ្ញុំអត់លុយចឹង ពិបាកមិនដឹងធ្វើម៉េច នៅមាំងៗ ភ្លេចមុខភ្លេចក្រោយ »។
ក្រៅពីមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ក៏មានមន្ទីរពេទ្យផ្សេងទៀតដែរដែលផ្តល់សេវាព្យាបាលឥតគិតថ្លៃ ដូចជាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលត្រូវគេស្គាល់ថា ជាមន្ទីរពេទ្យជប៉ុន។
លោកស្រី សារី រៀបរាប់ថា គាត់ទៅមន្ទីរពេទ្យផ្សេងៗទៀតចេះតែបានហើយ ក៏ប៉ុន្តែបញ្ហាសំខាន់ គឺប្រាក់។ លោកស្រីថា គ្រួសារលោកស្រីដែលរស់នៅពឹងលើរបបលក់បបរសាច់មាន់បន្តិចបន្តួច គ្មានលទ្ធភាពមានប្រាក់ទៅបង់ថ្លៃសេវាព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកព្យាបាលឯកជនផ្សេងទៀតទេ៖ « ពេទ្យរុស្ស៊ី ម៉ូតូឌុបទៅវិញទៅមកអស់ ១ម៉ឺន ហើយមានលុយណា ( សម្រាប់ ) បង់ថ្លៃថ្នាំទៀត ថ្លៃពិនិត្យទៀត។ អស់ច្រើន។ ចឹងទ្រាំឈឺចឹងទៅ។ កាលពេលពេទ្យហ្នឹងមិនទាន់រើ ( ចេញ ) គ្រូពេទ្យបើកថ្នាំប្ដូរផ្លាស់ហ្នឹង គាត់បើកឲ្យខ្ញុំម្តងកន្លះខែ។ ពេលខ្ញុំហូបអស់ចឹងទៅ ខ្ញុំទៅបើកទៀត។ ទៀងទាត់វេលាចឹងណា។ ដល់ពេលក្រោយមកបាត់ពេទ្យចប់ត្រឹមហ្នឹង »។
លោកស្រី សារី មានប័ណ្ណបញ្ជាក់ភាពក្រីក្រដែលលោកស្រីធ្លាប់ទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខណ្ឌចំការមន។ លោកស្រីធ្លាប់ទៅមន្ទីរពេទ្យផ្សេងទៀតដែរ តែគេតម្រូវឲ្យលោកស្រីបង់ថ្លៃសេវា ហើយពេលទៅពេទ្យផ្សេងម្តងៗ ត្រូវចំណាយប្រាក់ជិះម៉ូតូឌុបដែលគាត់មិនមានប្រាក់បង់គ្រប់គ្រាន់៖ « បើមានពេទ្យនៅជិត ខ្ញុំមិនសូវអស់សោហ៊ុយទេ។ ពេលមកពីផ្សារវិញ ខ្ញុំអាចធ្វើម្ហូបអីហើយចឹង ឆ្លៀតទៅពេទ្យមួយម៉ោង ឬកន្លះម៉ោង ខ្ញុំអាចទៅពេទ្យបានថ្នាំមកលេប ហើយអាចមករកស៊ីតទៀត។ ដល់ពេលឥឡូវ ប្រសិនបើឈឺធ្ងន់ធ្ងរ ទៅពេទ្យចំណាយពេលវេលាមួយថ្ងៃមិនបានលក់ដូរទេ »។
ថវិកាចំណាយលើវិស័យសុខាភិបាលបានកើនឡើងជាង ១ពាន់លានរៀលក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ពី ៨២៥ពាន់លានរៀលនៅឆ្នាំ២០១៤ ដល់ ៩៣២ពាន់លានរៀលនៅឆ្នាំ២០១៥។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែមីនា ដាស់តឿនដល់គ្រូពេទ្យនៅកម្ពុជា ឲ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលជូនប្រជាជនដោយមិនរើសអើងអ្នកមាន ឬអ្នកក្រ។
នៅឆ្នាំ២០១៦ ក្រសួងសុខាភិបាល រៀបចំគោលដៅយុទ្ធសាស្ត្របង្កើនល្បឿននៃការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ និងកាត់បន្ថយប្រេវ៉ាឡង់កង្វះអាហារូបត្ថម្ភក្នុងចំណោមស្ត្រី និងកុមារ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលផ្លាស់ប្ដូរទីតាំងមន្ទីរពេទ្យរដ្ឋ រដ្ឋាភិបាលគួរបង្កើតជាមជ្ឈមណ្ឌលមន្ទីរពេទ្យរដ្ឋសម្រាប់ទទួលព្យាបាលជំងឺជូនប្រជាជន ពិសេសអ្នកក្រីក្រ ប្រកបដោយគុណភាពខ្ពស់ជាងមុន ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលពីរដ្ឋាភិបាលប្រកបដោយសមធម៌៖ « យើងចង់ឲ្យរដ្ឋាភិបាលយកមន្ទីរធំធ្វើជាមូលដ្ឋានសម្រាប់ផ្ដល់សេវា ( ជូនអ្នកក្រីក្រ ) ដូចជាមន្ទីរពេទ្យរុស្ស៊ី ពេទ្យលោកសង្ឃ ដែលមានមូលដ្ឋាននៅកណ្ដាលរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋងាយទៅរកទីកន្លែង។ ចឹងសេវាដែលផ្ដល់ដោយមូលនិធិសមធម៌ ឬក៏គម្រោងថ្មីរបស់រដ្ឋាភិបាលផ្ដល់សម្រាប់អ្នកក្រីក្រហ្នឹង គួរតែមាននៅក្នុងមន្ទីរពេទ្យសំខាន់ៗ ហើយសំខាន់កន្លែងពេទ្យដែលត្រូវផ្លាស់ប្ដូរទីតាំងហ្នឹង »។
លោកស្រី លុយ សារី ចង់ឃើញថា រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនប្រជាជនក្រីក្រពិតប្រាកដ៖ « ចិត្តចង់បានតែយើងមិនដឹងធ្វើម៉េច ធ្វើឲ្យបាន ចឹងមានតែតាមគេ គេទៅផ្លូវណា ទៅផ្លូវហ្នឹងទៅ ក្នុងចិត្តព្រួយពីបញ្ហាសុខភាពហ្នឹងព្រួយពេក »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
