លោក ហ៊ុន សែន ស្នើ​ឲ្យ​កូរ៉េ​ខាងត្បូង​ជួយ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់

0:00 / 0:00

ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ ទោះ​ជា​នៅ​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រា​ឆ្លង​ជំងឺ​គ្រុនចាញ់​មាន​ការ​ធ្លាក់​ចុះ និង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក៏ដោយ។ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​ស្វះស្វែង​រក​ជំនួយ​បន្ថែម ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បំបាត់​ជំងឺ​គ្រុន​ចាញ់​នេះ។

​ជំងឺ​គ្រុនចាញ់​នៅ​តែ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​នាក់​នៅ​ឡើយ​ក្នុង​មួយ​ឆ្នាំៗ។ ក្រសួង​សុខាភិបាល​មាន​ផែនការ​យុទ្ធសាស្ត្រ​បំបាត់​ជំងឺ​គ្រុនចាញ់​នេះ​ឲ្យ​បាន​នៅ​ឆ្នាំ​២០២៥ ខាង​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ បន្ត​ជួយ​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ពិសេស​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នេះ។ លោក​ថ្លែង​ស្នើ​ដូច្នេះ​នៅ​ចំពោះ​មុខ​ប្រធាន​រដ្ឋ​សភា​កូរ៉េ​ខាងត្បូង ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ភ្នែក​មិត្តភាព​កម្ពុជា-​កូរ៉េ នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា៖ «គឺ​ទាក់ទង​នឹង​ការ​បំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥ ដូច្នេះ​សង្ឃឹម​ថា មិត្ត​កូរ៉េ នឹង​រួម​វិភាគទាន​ដើម្បី​ជួយ​​នៅ​ក្នុង​ក្របខ័ណ្ឌ​ជា​ទ្វេភាគី​កម្ពុជា-​កូរ៉េ ឬ​មេគង្គ-​កូរ៉េ ឬ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ប៉ុន្តែ​យន្តការ​ដែល​សំខាន់​ជាង​គេ​គឺ​ទ្វេភាគី កម្ពុជា-​កូរ៉េ ឬ មេគង្គ-​កូរ៉េ»

​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណកសាស្ត្រ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ អ្នក​ឆ្លង​ជំងឺ​គ្រុនចាញ់​មាន ២៦.២៧៨​ករណី ក្នុង​នោះ​ស្លាប់​ចំនួន ១៨​ករណី ហើយ ៨០% នៃ​ការ​ឆ្លង​ជំងឺ​គ្រុនចាញ់​នេះ មាន​នៅ​ខែត្រ​ព្រះវិហារ រតនគីរី ក្រចេះ ស្ទឹងត្រែង សៀមរាប ត្បូងឃ្មុំ ពោធិ៍សាត់ មណ្ឌលគីរី បាត់ដំបង កំពង់ស្ពឺ និង​ខែត្រ​កំពង់ចាម។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ការ​ឆ្លង​ជំងឺ​គ្រុនចាញ់​នៅ​រយៈពេល ៤​ឆ្នាំ​កន្លង​មក​នេះ មាន​ការ​ថយ​ចុះ​ជា​លំដាប់។ លោក​គាំទ្រ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​កូរ៉េ ដើម្បី​យក​មក​ទប់ស្កាត់ និង​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នោះ៖ «យើង​ពង្រឹង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ប្រើ​មុង​ឲ្យ​បាន​គ្រប់គ្រាន់ ទាំង​អ្នក​ស្នាក់​នៅ​ទីតាំង​ហ្នឹង និង​អ្នក​ទៅ​តំបន់​គ្រុនចាញ់​ហ្នឹង»

ទាក់ទង​នឹង​ការ​ផ្ដល់​ជំនួយ​ដល់​ក្រសួងសុខាភិបាល​នេះ មូលនិធិ​សកល (Global Fund) បាន​បញ្ចេញ​របាយការណ៍​កាល​ពី​ឆ្នាំ​២០១៣ រក​ឃើញ​ថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ដួង សុជាតិ និង​សហការី បាន​ទទួល​សគុណ​ជិត ៥​សែន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្រុមហ៊ុន​បរទេស​ពីរ​នៅ​បរទេស។ ប៉ុន្តែ​ករណី​នេះ ស្ថាប័ន​អំពើ​ពុករលួយ​មិន​ចាត់ការ​តាមច្បាប់​នោះ​ឡើយ ដោយ​រដ្ឋាភិបាល​មិន​ប្ដឹង​មន្ត្រី​ក្រសួង​សុខាភិបាល រួប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។