មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា គេបានចាត់វិធានការដាក់ថ្នាំអាបែតនៅទូទាំងប្រទេសបានជាងប្រមាណ ១៥០តោនហើយ រហូតមកដល់ពេលនេះ ដើម្បីជួយទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម។
ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បានមានប្រសាសន៍ថា បើទោះជាបានដាក់ថ្នាំអាបែតហើយក្តី តែគេនៅតែមានការព្រួយបារម្ភ ពីព្រោះនៅតាមតំបន់ខ្លះកំពុងមានភាពស៊ាំនឹងថ្នាំអាបែត។
លោកបានបន្តថា ភាពស៊ាំថ្នាំអាបែត គឺជាកត្តាមួយនាំឲ្យកើនឡើងនូវសត្វមូសខ្លា ពិសេសនៅខេត្តកណ្ដាល និងខេត្តសៀមរាប។ ចំពោះមូសខ្លានោះ គឺជាប្រភពមួយដែលខាំចម្លងមេរោគគ្រុនឈាម។ ប្រការនោះហើយ ទើបឥឡូវនេះ ក្រសួងសុខាភិបាលមានយុទ្ធសាស្រ្តផ្លាស់ប្តូរថ្នាំកំចាត់ដង្កូវទឹកប្រភេទថ្មីមួយទៀតនៅក្នុងខេត្តទាំងពីរនោះ គឺថ្នាំ ប៊ីធីអាយ (BTI)៖ «គឺយើងចែកជូនបងប្អូនដោយឥតគិតថ្លៃទេ។ ខាងកណ្ដាល ប្រហែលជាង ៣តោន សៀមរាប ជាង ១តោន។ ក្រសួងសុខាភិបាលដាក់អាបែត ដាក់ ប៊ីធីអាយ ជូនហើយ សូមមេត្តាជួយរក្សាទឹកហ្នឹងទុក កុំឲ្យចាក់ចោល ពីព្រោះ ប៊ីធីអាយ ក៏ដោយ ថ្នាំអាបែត ក៏ដោយ អាចមានប្រសិទ្ធភាពបាន ៣ខែ ការពារជំងឺគ្រុនឈាម»។
លោកបានឲ្យដឹងទៀតថា ទាក់ទងនឹងអត្រាកើតជំងឺគ្រុនឈាមនៅក្នុងឆ្នាំ២០១៣ ដោយរាប់គិតតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ គេឃើញមានអ្នកកើតជំងឺគ្រុនឈាមដែលបានចូលមកសម្រាកនៅមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស មានចំនួន ៤.៤១៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤នាក់។ ចំពោះចំនួននេះ បើគេប្រៀបធៀបទៅនឹងឆ្នាំ២០១២ ក្នុងរយៈពេលដូចគ្នា គឺថយចុះប្រមាណ ៦០%។
ទោះជាយ៉ាងនេះក្តី មន្ដ្រីកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម បានបញ្ជាក់ថា ការរាតត្បាតជំងឺគ្រុនឈាម អាចកើតមានច្រើននៅរដូវភ្លៀង ដូចជាពេលនេះជាដើម ពីព្រោះក្នុងរដូវវស្សានោះ គឺតែងតែមានសត្វមូសខ្លាកើតច្រើន ពិសេសគឺនៅទីកន្លែងដែលខ្វះអនាម័យ មានទឹកថ្លុកដក់ជាដើម។
ប្រការនេះហើយលោកបានអំពាវនាវសុំដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេស មាតា បិតា អាណាព្យាបាលគ្រប់រូប ឲ្យយកចិត្តទុកដាក់ជួយរក្សាអនាម័យក្នុងផ្ទះសម្បែង និងជួយការពារកូនចៅកុំឲ្យមូសខាំ។
លោកបានបន្តថា មួយវិញទៀត ប្រសិនបើឃើញកូនកើតជំងឺគ្រុនក្តៅ ហើយសង្ស័យថា អាចកើតជំងឺគ្រុនឈាម ពេលនោះត្រូវរូតរះនាំកូនមកមន្ទីរពេទ្យជាបន្ទាន់៖ «យើងមានមន្ទីរពេទ្យខេត្ត ហើយនិងមានមន្ទីរពេទ្យថ្នាក់ស្រុក មន្ទីរពេទ្យថ្នាក់កណ្ដាល ដែលគ្រូពេទ្យទាំងអស់នោះសុទ្ធសឹងតែជាគ្រូពេទ្យបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ មន្ទីរពេទ្យអស់ទាំងនោះមានសម្ភារៈ ថ្នាំសង្កូវ សេរ៉ូមគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជនរងគ្រោះ ហើយការជួយសង្គ្រោះ ការព្យាបាល គឺធ្វើឥតគិតថ្លៃទេរដូវចម្លងនេះ»។
មន្ដ្រីកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ការព្យាបាលជំងឺគ្រុនឈាមក្នុងមួយឆ្នាំៗ គឺជាថវិការបស់រាជរដ្ឋាភិបាល ដែលចំណាយអស់រាប់លានដុល្លារ ហើយនិងមានការជួយឧបត្ថម្ភពីសំណាក់អង្គការអន្តរជាតិជាដៃគូអភិវឌ្ឍន៍មួយចំនួន ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី (ADB) និងធនាគារពិភពលោក វើល ប៊ែង (World Bank) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
