ក្រុមហ៊ុន​វៀតណាម​រៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​ឱសថ​និង​បរិក្ខារ​ពេទ្យ​នៅ​កម្ពុជា

ក្រុមហ៊ុន ខេមបូឌា ហ្វាមិត អិចស្បូ (Cambodia Pharmed) ដែល​ជា​ក្រុមហ៊ុន​របស់​វៀតណាម រៀបចំ​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ឧស្សាហកម្ម​ឱសថ និង​បរិក្ខារ​ពេទ្យ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នា​រាជធានី​ភ្នំពេញ។

តំណាង​ក្រុមហ៊ុន ខេមបូឌា ហ្វាមិត អិចស្បូ លោក នុល ភក្តីបុត្រ និយាយ​ថា ការ​តាំង​ពិព័រណ៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ស្វែង​យល់​ពី​សារសំខាន់​នៃ​បរិក្ខារ​ពេទ្យ និង​ឱសថ​ដល់​អ្នក​ដែល​ធ្វើ​ការ​ផ្នែក​សុខាភិបាល និង​ទាក់ទាញ​ក្រុម​បរទេស​មក​វិនិយោគទុន​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។

ការ​តាំង​ពិព័រណ៍​នេះ មាន​ការ​ចូលរួម​ពី​ឧស្សាហកម្ម​ឱសថ និង​បរិក្ខារ​ពេទ្យ ខ្មែរ បរទេស​ជា​ច្រើន មាន​ជាអាទិ៍ ក្រុមហ៊ុន​ផលិត​ឱសថ​ខ្មែរ អឺហ្វាក់ ក្រុមហ៊ុន​របស់​អាល្លឺម៉ង់ សិង្ហបុរី ថៃ ចិន ម៉ាឡេស៊ី និង​វៀតណាម ហើយ​ពិព័រណ៍​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​​មីយ៉ាន់ម៉ា កម្ពុជា និង​បង់ក្លាដេស (Bangladesh)។

ការ​តាំង​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​ស្ដីពី ឧស្សាហកម្ម​ឱសថ និង​បរិក្ខារ​ពេទ្យ​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​សុខាភិបាល ក្រសួង​ពាណិជ្ជកម្ម សភា​ពាណិជ្ជកម្ម និង​សមាគម​គ្រូពេទ្យ​កម្ពុជា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។