ប្រធានបទ កាត់បន្ថយការជាប់ទាក់ទងរវាងស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនថ្នាំជក់ ត្រូវបានសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោក លើកយកមកជជែកគ្នាក្នុងសិក្ខាសាលាមួយ នាព្រឹកថ្ងៃទី១៦ ខែតុលា នៅរាជធានីភ្នំពេញ ដែលមានសមាជិកបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជិត ៥០នាក់ចូលរួម។
ក្រុមអ្នកជំនាញខាងសុខភាព លើកឡើងថា អ្នកជក់បារីចំនួន ៦លាននាក់ បានស្លាប់នៅទូទាំងប្រទេស ក្នុងនោះមានអ្នកមិនជក់បារី ៦សែននាក់ បានស្លាប់ដោយសារស្រូបផ្សែងបារីពីគេ។ ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា ចំនួនជាង ១ម៉ឺននាក់ បានស្លាប់ទាក់ទងនឹងថ្នាំជក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ឧស្សាហកម្មថ្នាំជក់តែងរិះរកគ្រប់មធ្យោបាយ ដើម្បីរក្សាលំនឹង និងពង្រីកទីផ្សាររបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ លោកបន្តថា ក្រុមហ៊ុនថ្នាំជក់បានប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារ ដោយផ្សារភ្ជាប់ការជួយសង្គម និងផ្សាយពាណិជ្ជកម្មបារី រួមមានការឧបត្ថម្ភអាវ ឬមួកដល់កីឡាករ ការដាក់ស្លាកបារីតាមទីសាធារណៈ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យក្រុមហ៊ុនថ្នាំជក់ធ្វើបែបនេះទេ។ លោកបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការបន្តទៀតលើការឆ្លៀតផ្សាយពាណិជ្ជកម្មគ្រប់រូបភាព។

ទាក់ទងនឹងយុទ្ធសាស្ត្រនៃការលុបបំបាត់ការផ្សាយពាណិជ្ជកម្មនេះ សិក្ខាសាលារបស់អង្គការសុខភាពពិភពលោក ក៏បានអបអរសាទរចំពោះកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវការផ្សព្វផ្សាយបារីគ្រប់ប្រភេទតាមទំព័រសារព័ត៌មាន តាំងពីឆ្នាំ២០១១។ នៅគ្រប់តាមបណ្ដាក្រសួងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនមួយចំនួន ក៏ត្រូវដាក់ស្លាកសញ្ញាហាមមិនឲ្យជក់បារីដែរ។ មន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួនអ្នកជក់បារីនៅកម្ពុជា មានការថយចុះ ប៉ុន្តែក៏នៅតែមានយុវជនមួយចំនួនធ្លាក់ខ្លួនញៀនបារីដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុនលក់បារីមួយចំនួន ដើម្បីសុំមតិយោបល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣។
ទោះយ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានវិធានការចំពោះការផ្សព្វផ្សាយថ្នាំជក់បានប្រសិទ្ធភាពពិតមែន ប៉ុន្តែបែរជាអនុញ្ញាតឲ្យផ្សព្វផ្សាយគ្រឿងស្រវឹងដោយចំហ និងសម្បូរបែបទៅវិញ។ លោកបន្តថា រាជរដ្ឋាភិបាលមិនហ៊ានចាត់វិធានការចំពោះក្រុមហ៊ុនលក់ស្រាទេ ដោយសារតែផលប្រយោជន៍របស់មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល បើទោះបីជាស្រាបង្កឲ្យមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ក្នុង១ឆ្នាំៗក៏ដោយ។ លោកបញ្ជាក់ថា ចំពោះការព្រមានអនុវត្តច្បាប់ទៅលើក្រុមហ៊ុនសាជីវកម្មថ្នាំជក់ ដែលផ្សព្វផ្សាយបារីវិញ ជាប្រការគួរឲ្យអបអរ ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់បានបង្កើតយន្តការច្បាប់មួយឲ្យរឹងមាំ ដើម្បីចាត់ការរឿងនេះឡើយ។
ប្រទេសកម្ពុជា មិនទាន់មានច្បាប់ស្ដីពីការចរាចរណ៍លក់ដូរផលិតផលថ្នាំជក់នៅឡើយ។ ក្រុមហ៊ុនបារីមិនបានផ្សាយពាណិជ្ជកម្មនៅតាមសារព័ត៌មានក៏ពិតមែន ប៉ុន្តែពាណិជ្ជកម្មទាំងនេះបានបិទខិត្តប័ណ្ណផ្សព្វផ្សាយតាមផ្លូវសាធារណៈ តាមដើមឈើ និងពិសេសមាននារីលក់បារីស្អាតៗដើរតាមហាងកាហ្វេ ហៅភ្ញៀវឲ្យទិញបារីទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
