ក្រសួង​ការងារ​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​សុខភាព​កម្មករ​ក្នុង​ពេល​អាកាស​ធាតុ​ក្ដៅ

ដោយ ខែ សុណង
2016.03.19
កម្មករ​សន្លប់ ពោធិ៍សែនជ័យ ៨៥៥ កម្មករ​រោងចក្រ​កាត់ដេរ ជុន ចៅ [CHUN CHAO (Cambodia) Garment Co., Ltd.] នៅ​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្រោយ​ពី​ដួល​សន្លប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​នានា យក​ចិត្ត​ទុក​ដាក់​ដល់​សុខភាព​កម្មករ​ក្នុង​ពេល​អាកាស​ធាតុ​ក្ដៅ។ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រសួង​ការងារ​ណែនាំ បែប​នេះ បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក ផ្សព្វផ្សាយ​អំពី​ស្ថានភាព​អាកាស​ធាតុ​ក្ដៅ​ហួតហែង​ខ្លាំង និង​មាន​បរិមាណ​ទឹក​ភ្លៀង​តិច។ បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​កម្ដៅ​ក្នុង​រោងចក្រ​កើន​ឡើង ដែល​អាច​បង្ក​ឲ្យ​កម្មករ​និយោជិក​ខ្វះ​ជាតិ​ទឹក​និង​ងាយ​ធ្លាក់​ខ្លួន​ឈឺ។

មន្ត្រី​សហជីព​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​ចាត់​មន្ត្រី​របស់​ខ្លួន​ចុះ​ទៅ​ត្រួត​ពិនិត្យ​នៅ​ក្នុង​រោងចក្រ​នីមួយៗ​ដោយ​ផ្ទាល់ បន្ទាប់​ពី​ចេញ​សេចក្ដី​ជូន​ដំណឹង​ណែនាំ​រោងចក្រ​សហគ្រាស។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​ថា នេះ​ជា​សេចក្ដី​ជូន​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​កម្មករ ដែល​ក្រសួង​ការងារ​បាន​យក​ចិត្ត​ទុកដាក់ ប៉ុន្តែ​ជា​ប្រសិទ្ធភាព​នោះ គឺ​ទាមទារ​ឲ្យ​ចាត់​មន្ត្រី​ចុះ​ទៅ​ដល់​ទីតាំង​រោងចក្រ​សហគ្រាស។

លោក​ថា កន្លង​មក​ម្ចាស់​រោងចក្រ​សហគ្រាស​តែង​ព្រងើយកន្តើយ​មិន​កែតម្រូវ​បរិស្ថាន​ក្នុង​រោងចក្រ​របស់​ខ្លួន​នោះ​ទេ បើ​ទោះ​ជា​មាន​កម្មករ​ដួល​សន្លប់​ក៏​ដោយ៖ «ម៉ោង​នេះ​ពេល​នេះ គឺ​និយោជក​គេ​នៅ​តែ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​ទម្លាប់​របស់​គេ គេ​អត់​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​សេចក្ដី​ជូន​ដំណឹង​នេះ​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​បន្ទាប់​ពី​ចេញ​សេចក្ដី​ជូន​ដំណឹង ហើយ​ក្រសួង​ការងារ​ត្រូវ​ចាត់​មន្ត្រី​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទៅ​តាម​រោងចក្រ​នីមួយៗ ពិនិត្យ​មើល​ថា តើ​រោងចក្រ​ទាំង​អស់​នោះ​គេ​បាន​អនុវត្តន៍​តាម​សេចក្ដី​ណែនាំ​នោះ​ហើយ​នៅ?»

ក្រសួង​ការងារ ស្នើ​ឲ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​នានា អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​កម្មករ​ដួល​សន្លប់។

សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ក្រសួង​ការងារ បាន​ដាក់​វិធានការ​ចំនួន ៩​ចំណុច​ដូចជា រោងចក្រ​សហគ្រាស​ត្រូវ​មើល​ថែទាំ និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ ហើយ​បើក​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ខ្យល់ នៅ​តាម​អាគារ​ផលិតកម្ម យ៉ាង​ហោច​មួយ​ម៉ោង​មុន​ឲ្យ​កម្មករ​ចូល​បម្រើ​ការ ត្រូវ​មាន​ឧបករណ៍​វាស់​ស្ទង់​កម្ដៅ​ងាយ​ស្រួល​តាមដាន​ការវិវត្តន៍​នៃ​កម្ដៅ ផ្ដល់​ទឹក​ស្អាត​ដល់​កម្មករ​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់ និង​មើល​ថែទាំ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​នូវ​ប្រព័ន្ធ​បង្ការ​អគ្គិភ័យ​ធានា​ថា ​ប្រព័ន្ធ​និង​ឧបករណ៍​ទាំង​នោះ​អាច​ដំណើរការ​បាន។

ទាក់ទង​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​នេះ មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​ឲ្យ​ដឹង​ថា សមាគម​មាន​តួនាទី​បក​ប្រែ​សេចក្ដី​ជូន​ដំណឹង​នេះ​ទៅ​ជា​ភាសា​ចិន និង​ភាសា​អង់គ្លេស ផ្ញើ​ជូន​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​សមាគម​អនុវត្ត​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។