មនុស្សជាង ១០០នាក់នៅឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម មានអាការៈពុលបន្ទាប់ពីបានបរិភោគនំបញ្ចុក ដែលលក់នៅក្នុងឃុំ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា នេះ។ អ្នកលក់នំបញ្ចុកឋិតក្នុងក្នុងចំណោមអ្នកពុលនំបញ្ចុកទាំងនោះដែរ។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបញ្ជូននំបញ្ចុកទាំងនោះមកពិនិត្យនៅរាជធានីភ្នំពេញ។ ចំណែកពលរដ្ឋដែលពុលនំបញ្ចុក កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកស្រុកបាធាយ។
របាយការណ៍ចុងក្រោយដែលផ្តល់ដោយអាជ្ញាធរឃុំដែលវិទ្យុអាស៊ីសេរី ទទួលបាននៅល្ងាចថ្ងៃទី៨ ខែឧសភា មនុស្សចំនួន ១០៨នាក់ បានពុលនំបញ្ចុក ក្នុងនោះធ្ងន់ធ្ងរចំនួន ៨នាក់។ អ្នកទាំងនោះមានអាការៈក្អួតចង្អោរ អស់កម្លាំងល្ហិតល្ហៃទន់ដៃជើង វិលមុខ និងរាក។ មកដល់ពេលនេះ អ្នកខ្លះក៏បានវិលត្រឡប់ទៅផ្ទះវិញបណ្ដើរៗហើយ ក្រោយចូលសម្រាកនៅក្នុងមន្ទីរពេទ្យ។
អ្នកពុលនំបញ្ចុកម្នាក់ លោកស្រី គិន ទូច ប្រាប់ថា គ្រាន់តែលោកស្រីពិសានំបញ្ចុកហើយភ្លាម ក៏ចាប់ផ្ដើមវិលមុខក្អួតចង្អោរមិនឈប់។ ទោះបែបនេះ លោកស្រីបន្តទៀតថា ក្រោយពេលចូលសង្គ្រោះនៅមន្ទីរពេទ្យ លោកស្រីបានធូរស្រាលវិញហើយ៖ «ខ្ញុំទៅហូបនំបញ្ចុកនៅផ្សារ ដល់ពេលរួចទៅវិលទន់ដៃទន់ជើងចេះតែក្អួត»។
មិនទាន់មានការពន្យល់ពីសមត្ថកិច្ច អំពីមូលហេតុអ្វីដែលនំបញ្ចុកនោះពុលទេ។ នំបញ្ចុកដែលធ្វើឲ្យពុលក្រុមពលរដ្ឋនោះ គឺជានំបញ្ចុកដែលពលរដ្ឋមួយគ្រួសារបានផលិត និងសម្រាប់លក់ចែកចាយទៅឲ្យពលរដ្ឋនៅក្នុងឃុំ។
ជំទប់ទី១នៃឃុំទំនប់ ស្រុកបាធាយ លោក ឈិន ឈួយ ដែលចុះទៅដល់មន្ទីរពេទ្យឲ្យដឹងថា ក្រោយគ្រូពេទ្យព្យាបាលអ្នកពុលទាំងនោះ អ្នកខ្លះបានធូរស្រាលខ្លះៗហើយ។ លោកថា មិនមានអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍នោះឡើយ។ អ្នកពុលទាំងនោះមកពីភូមិផ្សេងៗគ្នាក្នុងឃុំ៖ «អត់មានអ្នកគ្រោះថ្នាក់ដល់អាយុជីវិត ឥឡូវនេះធូរស្រាលអស់ហើយ»។
ទាក់ទងរឿងនេះដែរ អធិការស្រុកបាធាយ លោក សំ ណាល់ ឲ្យដឹងថា ក្រុមការងារខេត្តបានយកសំណាកកម្អួត និងនំបញ្ចុកនៅសេសសល់ទៅធ្វើកោសល្យវិច័យនៅភ្នំពេញ។ លោកឲ្យដឹងទៀតថា សមត្ថកិច្ចមិនបានឃុំខ្លួនអ្នកផលិតនំបញ្ចុកទេ ដោយអ្នកធ្វើនំនោះក៏ពុលនឹងគេដែរ៖ «យើងកំពុងប្រមូលនំបញ្ចុកទឹកសម្លយកទៅពិនិត្យ ដើម្បីដឹងថាមកពីមូលហេតុអីបានជានំបញ្ចុកហ្នឹងពុល»។
កន្លងមក មានករណីពុលនំបញ្ចុកតែងកើតឡើងនៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។ សមត្ថកិច្ចមិនទាន់មានចំណាត់ការយ៉ាងណាលើអ្នកធ្វើនំបញ្ចុកនៅឡើយ ខណៈដែលមិនទាន់រកឃើញពីមូលហេតុដែលបណ្ដាលឲ្យនំបញ្ចុកពុលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
