កម្មករ​ជាង​១០​ម៉ឺន​នាក់​នឹង​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ក្នុង​ឆ្នាំ​២០១៦

ដោយ អ៊ុំ រង្សី
2016-01-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវិន.អេនជី (7NG) ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​ពុល​សន្លប់ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៥។
កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សេវិន.អេនជី (7NG) ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់​ពី​ពុល​សន្លប់ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Sorn Chanratha

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស បាន​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ នឹង​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ទៅ។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ចាត់​ទុក​ថា គម្រោង​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​នេះ នឹង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​កម្មករ​នៅ​កម្ពុជា។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) អះអាង​ថា កម្មករ​កម្មការិនី​ជាង ១០​ម៉ឺន​នាក់ ដែល​នឹង​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព នឹង​ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​បង់​ប្រាក់​វិភាគទាន​រួម​គ្នា​តិចតួច ទាំង​កម្មករ និង​និយោជក តែ​ទទួល​បាន​មក​វិញ​នូវ​សេវា​សុខភាព​ពេញលេញ។

នាយក​រង​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) លោក ស៊ុំ សោភ័ណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​មករា ថា កន្លង​មក​ចំពោះ​កម្មករ​កម្មការិនី​មាន​ធានា​រ៉ាប់រង​ចំពោះ​ហានិភ័យ​ការងារ​ហើយ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៦ ​នេះ កម្មករ​នឹង​មាន​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​បន្ថែម​ទៀត ដោយ​គ្រាន់​តែ​កម្មករ​អាច​ចំណាយ​ប្រាក់​ដើម្បី​បង់​វិភាគទាន​តិចតួច​សម្រាប់​សន្សំ តាម​រយៈ​ការ​ចុះ​បញ្ជី​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ប៉ុណ្ណោះ៖ «គាត់​គ្រាន់​តែ​បង់​វិភាគទាន​តិចតួច​សម្រាប់​ថែទាំ​សុខភាព​រួម​គ្នា បោះ​ទៅ​ឲ្យ​អ្នក​ណា​ដែល​ឈឺ ចឹង​បង់​សន្សំ​តិចៗ​ទៅ ហើយ​ពេល​ដែល​គាត់​ឈឺ គាត់​នឹង​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ពី​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​នេះ»

បន្ថែម​ពី​នេះ លោក​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ជំហាន​ដំបូង នឹង​ត្រូវ​អនុវត្ត​ដំណើរ​ការ​ជូន​កម្មករ​ជាង ១០​ម៉ឺន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ យ៉ាង​យូរ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦ ប៉ុន្តែ​លោក​មិន​ទាន់​ឲ្យ​ដឹង​ពី​វិភាគទាន​ដែល​កម្មករ និង​និយោជក ត្រូវ​បង់​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រសួង​កំពុង​ធ្វើ​ការ​សិក្សា​លើ​បញ្ហា​នេះ ដើម្បី​ចេញ​ប្រកាស​មួយ​ថ្មី​ទៀត និង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ៖ «ឥឡូវ​ហ្នឹង​យើង​បាន​រៀបចំ​លិខិត​បទដ្ឋាន យ៉ាង​យូរ​ក្នុង​ខែ​២ និង​ខែ​៣ ហ្នឹង លិខិត​នេះ​នឹង​រួច​រាល់ ហើយ​យើង​នឹង​រង់ចាំ ៦​ខែ​ក្រោយ តាម​ប្រកាស​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​បច្ចុប្បន្នភាព​របស់​យើង​ត្រូវ​បាន​ពិនិត្យ​បាន​ម៉ត់ចត់ និង​លិខិត​ល្អិតល្អន់​ជា​មុន​សិន»

ទាក់ទិន​នឹង​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ គាំទ្រ​ឲ្យ​រដ្ឋាភិបាល​បង្កើត​របប​ផ្នែក​ថែទាំ​សុខភាព​នេះ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​អនុវត្ត​បាន​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព វា​នឹង​ធ្វើ​ឲ្យ​កម្មករ​និយោជិត​ចំណេញ​ច្រើន ប៉ុន្តែ​លោក​ក៏​ស្នើ​ឲ្យ​បេឡា​ជាតិ ត្រូវ​តែ​បង្កើន​ចំនួន​កម្មករ​បញ្ចូល​ក្នុង​គម្រោង​នេះ​បន្ថែម​ទៀត៖ «ដើម្បី​អនុវត្ត​របប​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ស្នើ​ឲ្យ​ក្រសួង​ការងារ ឬ​ផ្នែក​របប​សន្តិសុខ​សង្គម ត្រូវ​តែ​ពង្រីក​សេវាកម្ម​ដល់​កម្មករ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​កម្មករ​មាន​សុខភាព​ល្អ»

អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ មករា សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ មាន​ចែង​ចំនួន ៦​ជំពូក ១៤​មាត្រា ក្រៅ​ពី​តម្រូវ​ឲ្យ​និយោជក និង​កម្មករ​និយោជិត ត្រូវ​មាន​កាតព្វកិច្ច​បង់​វិភាគទាន​ផ្នែក​ថែទាំ​សុខភាព​ដល់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។ អនុក្រឹត្យ​នេះ ក៏​បាន​ឲ្យ​ដឹង​ថា កម្មករ​នឹង​ទទួល​បាន​ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ដែល​ផ្តល់​ដោយ​មូលដ្ឋាន​សុខាភិបាល ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ផង​ដែរ។

ជាង​នេះ​ទៀត នាយក​រង​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ស៊ុំ សោភ័ណ បញ្ជាក់​ដែរ​ថា ជំងឺ​រាប់​រយ​មុខ​ត្រូវ​បាន​ធានា​ថា នឹង​ទទួល​បាន​សេវា​ព្យាបាល​តាម​រយៈ​របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព​មួយ​នេះ លើក​លែង​តែ​ជំងឺ​ខ្លះ ដូចជា មហា​រីក ការ​កែ​សម្ផស្ស ការ​បន្ត​ពូជ​ដោយ​សិប្បនិមិត្ត និង​ការ​បំបាត់​សារធាតុ​គ្រឿង​ញៀន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល