បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានឲ្យដឹងថា កម្មករកម្មការិនីប្រមាណជាង ១០ម៉ឺននាក់ នឹងទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលនឹងត្រូវអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ២០១៦ ទៅ។ បេឡាជាតិរបបសន្តិសុខសង្គម ចាត់ទុកថា គម្រោងធានារ៉ាប់រងផ្នែកសុខភាពនេះ នឹងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនកម្មករនៅកម្ពុជា។
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) អះអាងថា កម្មករកម្មការិនីជាង ១០ម៉ឺននាក់ ដែលនឹងទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងឈានទៅកាត់បន្ថយភាពក្រីក្រតាមរយៈការបង់ប្រាក់វិភាគទានរួមគ្នាតិចតួច ទាំងកម្មករ និងនិយោជក តែទទួលបានមកវិញនូវសេវាសុខភាពពេញលេញ។
នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) លោក ស៊ុំ សោភ័ណ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមករា ថា កន្លងមកចំពោះកម្មករកម្មការិនីមានធានារ៉ាប់រងចំពោះហានិភ័យការងារហើយ។ ដោយឡែកក្នុងឆ្នាំ២០១៦ នេះ កម្មករនឹងមានធានារ៉ាប់រងផ្នែកសុខភាពបន្ថែមទៀត ដោយគ្រាន់តែកម្មករអាចចំណាយប្រាក់ដើម្បីបង់វិភាគទានតិចតួចសម្រាប់សន្សំ តាមរយៈការចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គមប៉ុណ្ណោះ៖ «គាត់គ្រាន់តែបង់វិភាគទានតិចតួចសម្រាប់ថែទាំសុខភាពរួមគ្នា បោះទៅឲ្យអ្នកណាដែលឈឺ ចឹងបង់សន្សំតិចៗទៅ ហើយពេលដែលគាត់ឈឺ គាត់នឹងទទួលបានការព្យាបាលជំងឺពីរបបសន្តិសុខផ្នែកថែទាំសុខភាពនេះ»។
បន្ថែមពីនេះ លោកថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជំហានដំបូង នឹងត្រូវអនុវត្តដំណើរការជូនកម្មករជាង ១០ម៉ឺននាក់នៅក្នុងរាជធានីភ្នំពេញ យ៉ាងយូរក្នុងខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែលោកមិនទាន់ឲ្យដឹងពីវិភាគទានដែលកម្មករ និងនិយោជក ត្រូវបង់នៅឡើយទេ ខណៈដែលក្រសួងកំពុងធ្វើការសិក្សាលើបញ្ហានេះ ដើម្បីចេញប្រកាសមួយថ្មីទៀត និងជូនដំណឹងនៅពេលក្រោយ៖ «ឥឡូវហ្នឹងយើងបានរៀបចំលិខិតបទដ្ឋាន យ៉ាងយូរក្នុងខែ២ និងខែ៣ ហ្នឹង លិខិតនេះនឹងរួចរាល់ ហើយយើងនឹងរង់ចាំ ៦ខែក្រោយ តាមប្រកាសរបស់យើង ដើម្បីធ្វើឲ្យបច្ចុប្បន្នភាពរបស់យើងត្រូវបានពិនិត្យបានម៉ត់ចត់ និងលិខិតល្អិតល្អន់ជាមុនសិន»។
ទាក់ទិននឹងរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ គាំទ្រឲ្យរដ្ឋាភិបាលបង្កើតរបបផ្នែកថែទាំសុខភាពនេះ។ លោកថា ប្រសិនបើរដ្ឋាភិបាលអនុវត្តបានឆាប់រហ័ស និងមានប្រសិទ្ធភាព វានឹងធ្វើឲ្យកម្មករនិយោជិតចំណេញច្រើន ប៉ុន្តែលោកក៏ស្នើឲ្យបេឡាជាតិ ត្រូវតែបង្កើនចំនួនកម្មករបញ្ចូលក្នុងគម្រោងនេះបន្ថែមទៀត៖ «ដើម្បីអនុវត្តរបបនេះឲ្យមានប្រសិទ្ធភាព យើងស្នើឲ្យក្រសួងការងារ ឬផ្នែករបបសន្តិសុខសង្គម ត្រូវតែពង្រីកសេវាកម្មដល់កម្មករទូទាំងប្រទេស ដើម្បីឲ្យកម្មករមានសុខភាពល្អ»។
អនុក្រឹត្យស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចេញផ្សាយនៅថ្ងៃទី៦ មករា សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ មានចែងចំនួន ៦ជំពូក ១៤មាត្រា ក្រៅពីតម្រូវឲ្យនិយោជក និងកម្មករនិយោជិត ត្រូវមានកាតព្វកិច្ចបង់វិភាគទានផ្នែកថែទាំសុខភាពដល់បេឡាជាតិរបបសន្តិសុខសង្គម។ អនុក្រឹត្យនេះ ក៏បានឲ្យដឹងថា កម្មករនឹងទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលផ្តល់ដោយមូលដ្ឋានសុខាភិបាល ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គមផងដែរ។
ជាងនេះទៀត នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម លោក ស៊ុំ សោភ័ណ បញ្ជាក់ដែរថា ជំងឺរាប់រយមុខត្រូវបានធានាថា នឹងទទួលបានសេវាព្យាបាលតាមរយៈរបបសន្តិសុខផ្នែកថែទាំសុខភាពមួយនេះ លើកលែងតែជំងឺខ្លះ ដូចជា មហារីក ការកែសម្ផស្ស ការបន្តពូជដោយសិប្បនិមិត្ត និងការបំបាត់សារធាតុគ្រឿងញៀន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
