យុវជនប្រមាណជាង ៥០០នាក់ បានចូលរួមសិក្ខាសាលាស្ដីពីការផលិតវីដេអូ អំពីផលប៉ះពាល់គ្រឿងស្រវឹងចំពោះសុខភាពនៅវិទ្យាស្ថានជាតិអប់រំ ក្រុងភ្នំពេញ ក្នុងគោលដៅជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីគ្រឿងស្រវឹង។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ទីស្ដីការគណៈរដ្ឋមន្ត្រីមិនទាន់ទទួលបានសេចក្ដីស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនៅឡើយ។
អង្គការសង្គមស៊ីវិលលើកទឹកចិត្តឱ្យយុវជនអាយុក្រោម ២៤ឆ្នាំ ផលិតវីដេអូស្ដីពីផលប៉ះពាល់របស់ស្រាលើសង្គម និងសុខប្រជាពលរដ្ឋ ក្នុងន័យជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការប្រជុំត្រួតពិនិត្យច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។
ប្រធានគម្រោងនៃអង្គការចលនាសុខភាពកម្ពុជា (CMH) កញ្ញា ម៉ក់ ទេវិន្ទ និយាយថា ការចូលរួមផលិតវីដេអូ បង្ហាញពីផលវិបាករបស់ស្រាចំពោះសង្គម និងសុខភាពរបស់សុខភាពប្រជាពលរដ្ឋ ហើយអាចធ្វើឱ្យពលរដ្ឋកាត់បន្ថយការផឹកស្រា។
យុវជនដែលអាចចូលរួមផលិតវីដេអូ គឺត្រូវមានអាយុ ពី ១០ឆ្នាំ ដល់ ២៤ឆ្នាំ។ ការផលិតវីដេអូ ពីផលប៉ះពាល់គ្រឿងស្រវឹងនេះ យុវជនម្នាក់អាចផលិតវីដេអូ បានពីរវីដេអូ ហើយ១វីដេអូ មានរយៈពេល ២នាទី៖ «ដោយយើងឃើញថា យុវជនគាត់អាចបញ្ចេញសំឡេងតាមរយៈវីដេអូ។ នៅពេលគាត់បង្កើតវីដេអូមួយ គឺគាត់អាចយល់ដឹងពីផលប៉ះពាល់របស់ស្រាចំពោះសុខភាព។ គាត់យល់ដឹងថា តើស្រាមានផលប៉ះពាល់យ៉ាងណាចំពោះសុខភាពគាត់ គ្រួសារ និងសង្គមជាតិរបស់គាត់យ៉ាងណា?»។
កញ្ញាបន្តថា តាមរយៈការផលិតវីដេអូ បង្ហាញពីផលប៉ះពាល់ស្រានេះ ក៏ដើម្បីជំរុញឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា ប្រជុំត្រួតពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតគ្រឿងស្រវឹង ហើយបញ្ជូនទៅរដ្ឋសភាដើម្បីប្រជុំអនុម័តសេចក្ដីព្រាងច្បាប់នេះ។
យុវជនទាំងអស់អាចផ្ញើវីដេអូ ដែលខ្លួនផលិតតាមអ៊ីម៉េល info@cmhcambodia.org ដើម្បីប្រកួតប្រជែងស្នាដៃរបស់ខ្លួន។ កញ្ញាបន្ថែមថា អ្នកដែលជាប់លេខ ៣ ដល់ ១ ទទួលបានប្រាក់ ១លានរៀល និងមានឱកាសទៅទស្សនកិច្ចនៅសៀងហៃ។
គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ (NIE) ម្នាក់ កញ្ញា ស៊ុន សុថាវី និយាយថា ការផលិតវីដេអូ ពីផលប៉ះពាល់នៃស្រាចំពោះសុខភាពនេះ គឺមានប្រយោជន៍សម្រាប់ប្រជាជនគ្រប់រូប ព្រោះវីដេអូ អាចបង្ហោះផ្សព្វផ្សាយនៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ម្ល៉ោះហើយនៅពេលមានប្រជាពលរដ្ឋបានមើលវីដេអូ នោះហើយ ពួកគាត់នឹងយល់កាន់តែច្បាស់ពីផលប៉ះពាល់នៃស្រា៖ «គ្រប់គ្រងគ្រឿងស្រវឹងហ្នឹង មានន័យថា ធ្វើឱ្យប្រជាពលរដ្ឋខ្លាចច្បាប់ដែរ»។
កញ្ញាបន្តថា ការផលិតវីដេអូ ពីផលលំបាកនៃគ្រឿងស្រវឹងនេះ ក៏អាចជំរុញឱ្យរដ្ឋាភិបាលពន្លឿនប្រជុំត្រួតពិនិត្យសេចក្ដីព្រាងច្បាប់គ្រឿងស្រវឹង។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះ ជាភារកិច្ចរបស់សាមីក្រសួងចំនួន៣ ដែលពាក់ព័ន្ធ គឺក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ។
លោកបន្តថា ទីស្ដីការគណៈរដ្ឋមន្ត្រីកំពុងតែរង់ចាំសេចក្ដីព្រាងច្បាប់នេះ ដើម្បីពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងបញ្ជូនទៅកាន់រដ្ឋសភាដើម្បីអនុម័ត៖ ៖ «អន្តរក្រសួងត្រូវប្រជុំកន្លែងគាត់ ចប់ហើយបានគេបញ្ជូនមកទីស្តីការគណៈរដ្ឋមន្ត្រី។ ទីស្ដីការគណៈរដ្ឋមន្ត្រីគ្មានការប្រជុំវិភាគមើលទៅទេ ឥឡូវនេះ គឺគ្រាន់តែរៀបចំកាលវិភាគដើម្បីប្រជុំ។ ដូច្នេះមិនឃើញមានអីផង»។
សង្គមស៊ីវិលមួយចំនួនដាក់ការសង្ស័យថា ការឆ្លើយដាក់គ្នារបស់មន្ត្រីរដ្ឋាភិបាល គឺគ្រាន់តែជាលេសដោះសាដើម្បីយករួចខ្លួន និងបង្ហាញពីភាពមិនទទួលខុសត្រូវ ក្នុងនាមជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ។
សេចក្ដីព្រាងស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងមាន ១១ជំពូក និង ៣៩មាត្រា មានគោលបំណងការពារ សុខភាពសាធារណៈ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម ចាត់វិធានការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជនអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង និងហាមមិនឱ្យស្ត្រីមានផ្ទៃពោះ និងយុវជនអាយុក្រោម ២១ឆ្នាំទិញស្រាផឹកនោះឡើយ។
សង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែពន្លឿនកិច្ចប្រជុំស្ដីពីសេចក្ដីព្រាងច្បាប់ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅរដ្ឋសភាអនុម័ត។ សេចក្ដីព្រាងច្បាប់ស្ដីពីគ្រឿងស្រវឹង អាចជួយការពារសុខភាពប្រជាជន និងអាចកាត់បន្ថយការលក់ស្រាបែបអនាធិបតេយ្យនៅកម្ពុជា នៅពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
