ចាប់តាំងតែពីថ្ងៃទី២៧ ខែមីនា ជាថ្ងៃដែលកុមារនិងប្រជាពលរដ្ឋរាប់រយនាក់ នៅឃុំពង្រលើ និងឃុំសង្វើយ ស្រុកជីក្រែង ពុលនំប៉័ងប៉ាតេមក រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែមីនា នេះ គឺមន្ត្រីជំនាញរបស់រដ្ឋាភិបាល នៅមិនទាន់រកឃើញថា តើវាបណ្ដាលមកពីនំប៉័ង ឬក៏មកពីសាច់ប៉ាតេ ហើយនិងជ្រក់ត្រសក់ ឬក៏យ៉ាងណានៅឡើយទេ។
កាលពីព្រឹកថ្ងៃទី២៩ ខែមីនា សមត្ថកិច្ចចម្រុះ មានមន្ទីរឧស្សាហកម្ម ប៉ូលិសសេដ្ឋកិច្ច និងកាំកុងត្រូល បានចុះទៅពិនិត្យកន្លែងផលិតនំប៉័ង យីហោពន្លឺព្រះអាទិត្យ នៅក្នុងភូមិស្លក្រាមសង្កាត់ ស្លក្រាមក្រុងសៀមរាប ដើម្បីសុំនំប៉័ង និងវត្ថុធាតុដើមខ្លះទៀត យកទៅវិភាគដើម្បីរកមូលហេតុនៃការពុលនោះ។
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាបអះអាងថា គេអាចគ្រប់គ្រងទៅលើស្ថានភាពពុលនំប៉័ងប៉ាតេនៅឃុំពង្រលើ ស្រុកជីក្រែង នោះបានហើយ បើទោះបីជាចំនួនអ្នកពុល នៅតែមានបញ្ជូនមកមណ្ឌលសុខភាពបន្ថែមទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនានេះក៏ដោយ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប គឺលោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មានប្រសាសន៍ថា គិតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ចំនួនកុមារនិងប្រជាពលរដ្ឋ ដែលពុលនំប៉័ងសាច់ប៉ាតេទាំងអស់ ៨០៦នាក់។ ទោះយ៉ាងណាលោក ក្រូស សារ៉ាត់ បានបដិសេធចោលព័ត៌មានខ្លះ ដែលថាមានអ្នកពុលមួយចំនួនបានស្លាប់បាត់បង់ជីវិតនោះ។
លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បានបញ្ជាក់ថាស្ថានភាពកុមារនិងប្រជាពលរដ្ឋ ដែលពុលនំប៉័ងប៉ាតេទាំងនោះ មិនធ្ងន់ធ្ងរទេ គឺគ្រាន់តែខ្លះ រាក ក្អួត និងចុកឆ្អល់ក្នុងពោះប៉ុណ្ណោះ៖ «វាឡើងដល់ ៨០៦នាក់ ប៉ុន្តែអត់មានបញ្ហាអីធំដុំទេ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងបានទាំងអស់ មិនបារម្ភទេ។ គ្មានខ្វះថ្នាំ គ្មានខ្វះសេរ៉ូមទេ គឺគ្រប់គ្រាន់ទាំងអស់»។
ស្ត្រីឈ្មោះ វុធ ខា ជាអ្នកភូមិក្បាលដំរី នៃឃុំពង្រលើ គឺជាអ្នកពុលនំប៉័ងប៉ាតេម្នាក់ ក្នុងចំណោមអ្នកពុលជាច្រើនទៀត ដែលកំពុងដាក់សេរ៉ូមព្យាបាលនៅមន្ទីរពេទ្យស្រុកសូទ្រនិគម មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី២៧ ខែមីនា គាត់បាននំប៉័ងពីអង្គការដែលរៀបចំធ្វើកម្មវិធីប្រឆាំងពលកម្មកុមារនៅទីនោះ ។ គាត់ និងកូនៗ ៤នាក់ នាំគ្នាហូបហើយក៏មានអាការៈមិនស្រួលនៅវេលាកណ្ដាលអធ្រាត្រ៖ «មកពីសាលាវិញហូបនំប៉័ង បានមកពីសាលា គេយកកូនសិស្សទៅប្រជុំ ក៏គេឱ្យម៉ែឪ មានសាច់ជ្រូក ត្រសក់ ជ្រក់»។
កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ក្រុមសមត្ថកិច្ចជំនាញរបស់រដ្ឋាភិបាល មានប៉ូលិសសេដ្ឋកិច្ចកាំកុងត្រូល និងមន្ទីរឧស្សាហកម្ម បានចុះទៅពិនិត្យកន្លែងផលិតនំប៉័ង យីហោពន្លឺព្រះអាទិត្យ នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសុំនំប៉័ងនិងវត្ថុធាតុដើមខ្លះ យកទៅពិនិត្យជាមួយគ្នានឹងនំប៉័ងដែលគេប្រមូលបានពីកន្លែង ដែលមានប្រជាពលរដ្ឋពុលនោះ។

អនុប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប លោក ជុំ ឌីវីរីស មានប្រសាសន៍ថា ក្រុមរបស់លោកមិនទាន់ហ៊ានកំណត់ថាតើការពុលនោះ បណ្ដាលមកពីអ្វីទេ ហេតុដូចនេះ ក្រុមលោកក៏សុំនំប៉័ងខ្លះ និងវត្ថុធាតុដើមខ្លះទៀត ពីកន្លែងផលិតដើម្បីយកទៅពិសោធ វិភាគរកសារធាតុផលិតឱ្យច្បាស់លាស់៖ «យើងអះអាងនឹងមាត់ នឹងសម្ដី វាអត់ផ្លូវការទេ សុំគាត់ដើម្បីយើងយកទៅធ្វើតេស្តមើលនិងវត្ថុធាតុដើមផ្សំប៉ុណ្ណោះ»។
ម្ចាស់ហាងនំប៉័ងយីហោពន្លឺព្រះអាទិត្យ លោក គី ស៊ូឡុង ទទួលស្គាល់ថា កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅ លោកពិតជាបានលក់នំប៉័ង ចំនួន ៧៥០ដើម ទៅឱ្យអ្នកជីក្រែងមែន។ លោក គី ស៊ូឡុងបង្ហាញឆន្ទៈថា លោកពេញចិត្តឱ្យសមត្ថកិច្ចយកនំប៉័ង និងវត្ថុធាតុដើមខ្លះទៅពិនិត្យ ដើម្បីលុបលាងភាពមន្ទិលមកលើកន្លែងអាជីវកម្មរបស់លោក។
លោក ស៊ូឡុង បង្ហាញជំនឿយ៉ាងមុតមាំថានំប៉័ងរបស់លោកគ្មានជាតិពុលទេ ពីព្រោះ លោកបានបើករបររកទទួលទានរយៈពេល ១០ឆ្នាំមកហើយ ដោយក្នុង១ថ្ងៃៗលោកបានចែកចាយនំប៉័ង ១ម៉ឺន ២ពាន់ដើម ទៅឱ្យទីផ្សារទូទាំងខេត្តសៀមរាប៖ «ប្រសិនជានំប៉័ងខ្ញុំពុលមែន ក្នុង១ថ្ងៃខ្ញុំផលិតជាង ១ម៉ឺនដើម តើ ៧៥០ដើមសម្រាប់តែ១ឃុំហ្នឹងទេ រួចចុះអ្នកដែលហូប ទូទាំងខេត្តសៀមរាប ទាំងមូល ដែលដាក់តាមហាងនំប៉័ងសាច់ គ្រប់កន្លែងនេះ តើមានអ្នកពុលប៉ុន្មាននាក់ហើយ?»។
ការចាប់ផ្ដើមស្រាវជ្រាវរកមូលហេតុពុលនេះ បន្ទាប់ពីកុមារនិងប្រជាពលរដ្ឋ ចំនួនជាង ៨០០នាក់ នៅឃុំពង្រលើ និងឃុំសង្វើយ ស្រុកជីក្រែង ចម្ងាយជាង ១០០គីឡូម៉ែត្រ ភាគខាងកើតពីខេត្តសៀមរាបបានពុលនំប៉័ងសាច់ប៉ាតេ នៅពេលដែលអង្គការទស្សនៈពិភពលោក (World Vision) បានទៅប្រារព្ធទិវាប្រឆាំងពលកម្មកុមារ ទីនោះ ហើយបានចែកនំបុ័ងប៉ាតេឱ្យអ្នកចូលរួមទទួលទាន។
ទោះយ៉ាងណាមន្ត្រីទំនាក់ទំនងផ្នែកព័ត៌មានរបស់អង្គការទស្សនៈពិភពលោក លោក ហុង ច័ន្ទភក្ត្រា បានបដិសេធថា នំប៉័ងប៉ាតេដែលពុលនោះ មិនមែនអង្គការរបស់លោកជាអ្នកទិញនិងចែកផ្ទាល់ដៃទេ គ្រាន់តែអង្គការរបស់លោក ផ្ដល់ប្រាក់ឱ្យយុវជនតំណាងក្នុងស្រុកជីក្រែងនោះចាត់ចែងប៉ុណ្ណោះ។ មន្ត្រីអង្គការទស្សនៈពិភពលោកដដែលបញ្ជាក់ថា បើទោះបីជាអង្គការរបស់លោកមិនមែនជាអ្នកបានទិញនិងចែកនំប៉័ងនោះ ផ្ទាល់ដៃក៏ដោយ ក៏នៅពេលដែលប្រជាពលរដ្ឋមានបញ្ហាដូច្នេះ គឺអង្គការរបស់លោកនៅតែចូលរួមទទួលខុសត្រូវ៖ «ដែលយើងជាអង្គការជួយដល់កុមារទាំងមូលគឺយើងអត់ចង់ឃើញគាត់រងផលប៉ះពាល់បញ្ហាសុខភាពទាំងអស់ហ្នឹងទេ»។
ប្រភពពីមន្ត្រីក្រុមប្រឹក្សាឃុំសង្វើយ ស្រុកជីក្រែង ឱ្យដឹងថា នំប៉័ងដែលគេចែកឱ្យកុមារនិងប្រជាពលរដ្ឋជាង ៨០០នាក់ទទួលទាននោះ គឺយកមកពីខេត្តសៀមរាប ក៏ប៉ុន្តែចំពោះសាច់ប៉ាតេ និងជ្រក់វិញ គេដឹងថា ក្រុមយុវជននៅភូមិកន្សែង បានដើរទិញសាច់ជ្រូក និងបន្លែពីផ្សារកំពង់ក្ដីយកទៅធ្វើខ្លួនឯង។
រហូតដល់ពេលនេះ មន្ត្រីជំនាញមិនទាន់រកឃើញមូលហេតុនៃការពុលនោះនៅឡើយ ដោយអ្នកខ្លះបានត្រឹមតែសន្និដ្ឋានថា ប្រហែលជាពុលមកពីជ្រក់ត្រសក់ និងខ្លះទៀតថា ប្រហែលជាពុលសាច់ប៉ាតេជាដើម។
ការពុលនំប៉័ងប៉ាតេ ដែលមានកុមារនិងប្រជាពលរដ្ឋចំនួនច្រើននេះ មិនត្រឹមតែធ្វើឱ្យភ្ញាក់ផ្អើលនៅទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកតំណាងរាស្ត្រផងដែរ។
កាលពីរសៀលថ្ងៃទី២៩ ខែមីនា អ្នកស្រី កែ សុវណ្ណរតន៍ អ្នកតំណាងរាស្ត្រ១រូប នៃមណ្ឌលសៀមរាប និងជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានចុះទៅពិនិត្យមើលស្ថានភាពនៃការពុលនំប៉័ងប៉ាតេនោះ ដល់មណ្ឌលសុខភាពឃុំពង្រលើ ដែលជាតំបន់ដាច់ស្រយាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
