Operation Smile នឹង​ផ្ដល់​ការ​វះ​កាត់​មាត់​ឆែប​ឥត​គិត​ថ្លៃ​នៅ​ខេត្ត​ព្រះសីហនុ

អង្គការ​សុខភាព​ឈ្មោះ អ៊ុបពើរ៉េហ្សិន ស្មាយ (Operation Smile) កម្ពុជា នឹង​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល​មាត់​ធ្មេញ និង​ការ​វះ​កាត់​មាត់​ឆែប ក្រអូម​មាត់​ឆែប ឥត​គិត​ថ្លៃ​រយៈពេល ៣​ថ្ងៃ​នៅ​ចុង​សប្ដាហ៍​នេះ។

មន្ត្រី​រដ្ឋបាល​នៃ​អង្គការ អ៊ុបពើរ៉េហ្សិន ស្មាយ កញ្ញា ឡាយ ធាវី ឱ្យ​ដឹង​ថា ការ​វះ​កាត់​ឥត​គិត​ថ្លៃ​នេះ នឹង​ផ្ដល់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ មេសា៖ «កម្មវិធី​នេះ​រួម​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​អង្គការ អ៊ុបពើរ៉េហ្សិន ស្មាយ ហ្នឹង គឺ​មាន​ពី​មន្ទីរពេទ្យ​រុស្ស៊ី មន្ទីរពេទ្យ​ព្រះកេតុមាលា មន្ទីរពេទ្យ​កុសុមៈ ហើយ​បូក​រួម​នឹង​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​យុវជន​សម្ដេច​តេជោ ផ្នែក​ខាង​មាត់​ធ្មេញ បូក​រួម​ដុកទ័រ​មក​ពី​ស្រុក​គេ​ហ្នឹង គឺ​មក ៤​នាក់ មក​ពី​ម៉ាឡេស៊ី ហើយ​និង​ក្រុម​អ្នក​ជួយ​ឧបត្ថម្ភ​មក​ពី​ក្រុម រ៉តារី ក្លិប​អន្តរជាតិ ប្រទេស​ម៉ាឡេស៊ី និង​តៃវ៉ាន់»

កញ្ញា ឡាយ ធាវី បញ្ជាក់​បន្ថែម​ថា អង្គការ អ៊ុបពើរ៉េហ្សិន ស្មាយ នឹង​ផ្ដល់​សេវា​ពិនិត្យ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៥ ហើយ​នឹង​ផ្ដល់​ការ​វះ​កាត់​រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ មេសា។ កញ្ញា​បន្ត​ថា ក្រុម​គ្រូពេទ្យ​ទាំង​នោះ​មាន​ជំនាញ​វះ​កាត់ សណ្ដំ រោគ​កុមារ ជំនាញ​មាត់​ធ្មេញ និង​ការ​បង្ហាត់​និយាយ ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។