មន្ត្រីជំនាញរកឃើញថា នំអន្សមអាចជាមូលហេតុដែលបណ្ដាលអោយពលរដ្ឋជាង ៦០នាក់ ក្នុងនោះកុមារ ៥៦នាក់ រស់នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង មានអាការៈក្អួតចង្អោរ ចុកពោះ និងវិលមុខ។ ពលរដ្ឋមានអាការៈពុលនេះ បន្ទាប់ពីពួកគាត់បរិភោគនំអន្សម នៅពេលចូលរួមពិធីបុណ្យមួយកាលពីថ្ងៃទី៣១ ខែមីនា។
ប្រធានមណ្ឌលសុខភាពឃុំព្រែកមាស ស្រុកសៀមប៉ាង ឲ្យដឹងថា ស្ថានភាពជំងឺពលរដ្ឋ និងកុមារដែលពុលនំអន្សមបានធូរស្រាលហើយ បន្ទាប់ពីពួកគេបានមកព្យាបាលនៅមណ្ឌលសុខភាព និងមួយចំនួនធំក្រុមគ្រូពេទ្យបានចុះទៅព្យាបាលតាមផ្ទះ។
ប្រធានមណ្ឌលសុខភាពឃុំព្រែកមាស លោក សំ នៀង លោកកត់សម្គាល់ថា កុមារ និងមនុស្សចាស់ជាង ៦០នាក់ ដែលក្រុមគ្រូពេទ្យព្យាបាល សុទ្ធតែកើតមានអាការៈដូចៗគ្នា ដូចជាក្អួតចង្អោរ ចុកពោះ វិលមុខ និងទន់ដៃជើង បន្ទាប់ពីបានពិសានំអន្សម។
លោកថា បន្ទាប់ពីកើតមានបញ្ហានេះ លោកបានយកចំណីអាហារដែលអ្នកភូមិ និងកុមារបរិភោគទាំងនោះ ទៅមន្ទីរសុខាភិបាលខែត្រស្ទឹងត្រែង ធ្វើពិសោធន៍៖ «ទន់ខ្លួន បានន័យថា វាក្អួត វារាកច្រើន វាបាត់បង់ជាតិទឹក។ ខ្វះជាតិទឹកចង់ស្លាប់ហើយគ្នា។ ដល់ពេលយើងធ្វើអន្តរាគមន៍ចាក់សេរ៉ូមបង្ហូរ រស់មកវិញទៅ»។
ករណីនេះដែរ ប្រធានមន្ទីរសុខាភិបាលខែត្រស្ទឹងត្រែង លោក អ៊ុង សូវៀត ឲ្យដឹងថា បន្ទាប់ពីធ្វើពិសោធន៍ មន្ត្រីជំនាញរកឃើញថា បាតុភាពនេះបណ្ដាលមកពីអ្នកភូមិពិសានំអន្សមចេកដោយកាត់ជាកង់ៗ ច្របាច់ជាមួយដូងលាយជាមួយស្ករ និងច្រកថង់ប្លាស្ទិកផ្ញើកូនចៅនៅផ្ទះ។
លោកថា មន្ត្រីជំនាញបានចុះអប់រំសុខភាពដល់ពលរដ្ឋនៅឃុំព្រែកមាស បន្ទាប់ពីកើតមានបញ្ហានេះ និងបន្តតាមដានស្ថានភាពជំងឺពួកគាត់៖ «ឆ្លើយតបបន្ទាន់ យើងចុះអប់រំព្យាបាលតែម្ដង។ ទី២ គឺយើងអប់រំសុខភាពទាំងអស់ ទាំងនៅកន្លែងបុណ្យ ទាំងនៅក្នុងឃុំទាំងមូល។ ទី៣ យើងតាមដាន តើវាមានករណីហ្នឹងទៀតអត់?»។
មេឃុំព្រែកមាស លោក ផួង លន់ វាយតម្លៃថា ការបរិភោគចំណីអាហារ អ្នកភូមិមិនសូវយកចិត្តទុកដាក់ពិសាផ្អែកលើអនាម័យឡើយ ពោលគឺពួកគាត់បរិភោគនំអន្សមក្នុងពិធីបុណ្យលាយឡំដូង និងស្ករ។ ម្យ៉ាងទៀត អ្នកភូមិក៏ពុំសូវយល់ដឹងពីអនាម័យដើម្បីសុខភាពដែរ។ ហេតុនេះលោកទាមទារឲ្យមន្ទីរជំនាញបន្ថែមការចុះអប់រំផ្សព្វផ្សាយអំពីសុខភាពញឹកញាប់៖ «ដូចថា គ្រួសារណាមានបុណ្យអ៊ីចឹងគេជួយគ្នា ដើម្បីទៅវេចទៅខ្ចប់។ តែវេចខ្ចប់វាមិនពុលទេ ពេលហូបយើងច្របល់ជាមួយដូងជាមួយអី»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល អំពាវនាវឲ្យមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ផ្សព្វផ្សាយពីមូលហេតុចម្បងចំពោះករណីនេះឲ្យជាក់លាក់ ដើម្បីឲ្យអ្នកភូមិជ្រាបបញ្ហានេះ និងដើម្បីបញ្ចៀសមិនឲ្យកើតមានលើកក្រោយទៀត។
ករណីពុល ឬកើតមានភាពមិនប្រក្រតីនៅឃុំព្រែកមាស ស្រុកសៀមប៉ាង កើតមានលើកទី២ហើយ ដោយកាលពីឆ្នាំ២០១២ ពលរដ្ឋមួយគ្រួសារមានសមាជិក ៥នាក់ បានពុលសម្លផ្សិតក្ងោកព្រៃ ខណៈពួកគេបានយកផ្សិតនោះមកស្លបរិភោគ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ដោយសារពួកគាត់បានទៅព្យាបាលទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
