ក្រុមប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ រស់នៅក្នុងភូមិចំនួន២ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រតិកម្មតវ៉ាសុំឲ្យអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ អន្តរាគមន៍ផ្លាស់ប្ដូរទីតាំងរោងចក្រផលិតទឹកកកមួយកន្លែងនៅក្នុងតំបន់ពួកគេរស់នៅ។
ការតវ៉ានេះ ដោយសារក្រុមអ្នកភូមិទ្រាំមិនបានចំពោះសំឡេងរំខានពីសិប្បកម្មនេះ និងមានក្លិនឆួលពីឧស្ម័នអាម៉ូញ៉ាក់ ចេញពីរោងចក្រ ធ្វើឲ្យពលរដ្ឋពិបាកទ្រាំរស់នៅ។ មន្ត្រីជំនាញបានឲ្យដឹងថា ចំហាយ និងក្លិនពីឧស្ម័ននេះ អាចធ្វើឲ្យមនុស្សក្រហាយស្បែក ភ្នែក ថប់ដង្ហើម ហើយសន្លប់។
ក្រុមការងាររបស់អាជ្ញាធរដែនដីខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅថ្ងៃទី៩ ឧសភា បានចុះជួបដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសិប្បកម្មសហគ្រាសធុនតូចផលិតទឹកកក។
ប្រជាពលរដ្ឋបានតវ៉ានៅចំពោះមុខក្រុមការងាររបស់មន្ត្រីជំនាញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងអាជ្ញាធរខណ្ឌឫស្សីកែវ ឲ្យអន្តរាគមន៍ផ្លាស់ប្ដូរទីតាំងរោងចក្រផលិតទឹកកកអម្រឹត ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលមានម្ចាស់ឈ្មោះ អ្នកស្រី សេង កញ្ញា។
ពលរដ្ឋរស់នៅភូមិស្ពានខ្ពស់ អ្នកស្រី អ៊ូ យាត ដែលផ្ទះរបស់គាត់នៅជាប់នឹងរបងរោងចក្រ បានថ្លែងថា ប្រជាពលរដ្ឋមិនអាចទ្រាំនឹងក្លិនឧស្ម័នអាម៉ូញ៉ាក់ ដែលភាយចេញពីរោងចក្រផលិតទឹកកក និងសំឡេងរំខានពីម៉ាស៊ីនផលិតទឹកកក ពីរថយន្តដឹកជញ្ជូន និងសំឡេងរបស់កម្មករចេញពីសិប្បកម្មរោងចក្រផលិតទឹកកកនោះជារៀងរាល់ថ្ងៃ មិនថាយប់ ឬថ្ងៃនោះទេ។ អ្នកស្រីបន្តថា ពលរដ្ឋពីរភូមិ គឺភូមិស្ពានខ្ពស់ និងភូមិក្រោលគោ សរុបជិត ២០០គ្រួសារ ដែលរងផលប៉ះពាល់ រួមទាំងកម្មកររោងចក្រដែលជួលផ្ទះរស់នៅរាប់រយនាក់ផ្សេងទៀត។
ប្រធាននាយកដ្ឋានបច្ចេកទេសឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ប៊ី ពិទូរ្យ ដែលបានចុះជួបដោះស្រាយជាមួយពលរដ្ឋ មានប្រសាសន៍ថា ម្ចាស់រោងចក្រផលិតទឹកកកនេះ បានធ្វើកិច្ចសន្យាថានឹងកែលំអស្ថានភាពរោងចក្រ មិនឲ្យមានក្លិន និងសំឡេងរំខានប៉ះពាល់ដល់ពលរដ្ឋទៀតទេ ដោយទុកពេលវេលាមួយខែ គិតចាប់ពីថ្ងៃទី១៣ ឧសភា ដល់ថ្ងៃទី១៣ មិថុនា។
ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី ហៃ ហួន បានថ្លែងថា ពួកគាត់បានដាក់ពាក្យប្ដឹងអាជ្ញាធរឲ្យអន្តរាគមន៍ចំពោះការជះក្លិន និងសំឡេងរំខាននេះចំនួន ៤លើក តែគ្មានដំណោះស្រាយ ដោយសារតែម្ចាស់រោងចក្រផលិតទឹកកកនេះ គឺលោក តុង សេង អភិបាលរងខេត្តកំពង់ស្ពឺ ទាល់តែពលរដ្ឋធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ទើបក្រុមការងារអន្តរាគមន៍។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មិនអាចទទួលយកដំណោះស្រាយនេះទេ ដោយសារតែម្ចាស់រោងចក្រកន្លងមកតែងតែសន្យាថានឹងកែលំអស្ថានភាពរោងចក្រតាមការស្នើសុំរបស់ពលរដ្ឋ ប៉ុន្តែមិនដែលអនុវត្តឡើយ។ ហើយពួកគាត់គ្រោងនឹងធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ជាថ្មីទៀត ដើម្បីឲ្យរោងចក្រនេះផ្លាស់ប្ដូរទីតាំងឲ្យបានឆាប់។
កាលពីយប់ថ្ងៃទី៨ ខែឧសភា ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ម្ដងរួចមកហើយ។ ប៉ុន្តែ ពួកគាត់បានរំសាយវិញបន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានសន្យាថាឲ្យរោងចក្រនេះផ្អាកសកម្មភាពបណ្ដោះអាសន្ន និងរង់ចាំដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
