ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានត្អូញត្អែរចំពោះការមិនយោគយល់របស់ប្រធានមណ្ឌលសុខភាព ដែលគិតតែពីលុយ និងយកថ្លៃសេវាព្យាបាលថ្លៃលើសលប់ ទោះបីជាអ្នកជំងឺមានជីវភាពក្រីក្រយ៉ាងណាក៏ដោយ។ ប៉ុន្តែប្រធានមណ្ឌលសុខភាព បានលើកឡើងថា គាត់មិនអាចទទួលយកការចោទប្រកាន់ដែលគ្មានសាក្សី និងភស្តុតាងច្បាស់លាស់នេះបានទេ។
ពលរដ្ឋនៅខេត្តព្រះសីហនុ បានសម្ដែងការមិនសប្បាយចិត្តចំពោះប្រធានគ្រូពេទ្យ នៅមណ្ឌលសុខភាពឃ្លាំងលើ ក្នុងខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ដោយពួកគាត់ថា គ្រូពេទ្យមិនយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺទេ ប្រសិនបើអ្នកជំងឺគ្មានលុយនោះ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ឌៀល ស្រីតូច ជាកម្មកររោងចក្រដេរកាបូប នៅខេត្តព្រះសីហនុ។ លោកស្រីបានឲ្យដឹងនៅថ្ងៃទី៨ មេសា ថា លោកស្រីមានផ្ទៃពោះ ២ខែ ហើយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ លោកស្រីបានដួលក្នុងបន្ទប់ទឹក ហើយហូរឈាមជាច្រើន។ ក្រោយមក លោកស្រីត្រូវបានប្អូនថ្លៃដែលរស់នៅក្នុងផ្ទះជួលជាមួយគ្នា បញ្ជូនទៅកាន់មណ្ឌលសុខភាពឃ្លាំងលើ ដើម្បីពិនិត្យមើល។ លោកស្រីថា ពេលទៅដល់ទីនោះ គ្រូពេទ្យមិនបានយកចិត្តទុកដាក់ព្យាបាលលោកស្រីទេ ព្រោះលោកស្រីមិនទាន់មានប្រាក់ឲ្យគេ។
លោកស្រី ឌៀល ស្រីតូច៖ «ដល់ពេលខ្ញុំចុកពោះពេក ខ្ញុំចូលពេទ្យ ដល់ពេលអ៊ីចឹង ពេទ្យចម្ការចេកផង ពេទ្យហ្នឹងគេបិទ ដល់អ៊ីចឹងចូលពេទ្យរដ្ឋហ្នឹង។ ដល់ពេលខ្ញុំចុកអើយចុក ចុកមែនទែន ដល់ពេលចឹងខ្ញុំតេហៅពេទ្យ គេឲ្យលេខខ្ញុំ។ ដល់ពេលតេហៅពេទ្យចឹង គេឲ្យពេទ្យមក គាត់ថាបើ ២ខែគាត់បង់ថ្លៃសេវា ៣២ម៉ឺន ដល់ពេលចឹង ខ្ញុំចាំមើលប្ដីខ្ញុំមកសិន ដល់ពេលហើយថាចាំៗទៅ ដល់ពេលហើយខ្ញុំចុកពោះចង់ងាប់ហើយ គាត់ថាឲ្យចាំមើលប្ដី»។
លោកស្រី ឌៀល ស្រីតូច បានទ្រាំឈឺចុកចាប់ប្រហែលកន្លះម៉ោង ដើម្បីរង់ចាំប្ដីមកជួបគ្រូពេទ្យ។
ប្ដីលោកស្រី ឌៀល ស្រីតូច លោក ហេង ធ ក៏ជាកម្មកររោងចក្រដេរកាបូប នៅខេត្តព្រះសីហនុ។ លោកបានឲ្យដឹងថា ក្នុងពេលទៅជួបគ្រូពេទ្យនោះ លោកពុំសូវមានលុយទេ។ លោកថា ពេលទៅដល់ភ្លាម ប្រធានមណ្ឌលសុខភាពបាននិយាយពីថ្លៃសេវាជាមុន ហើយថា ប្រសិនបើលោកគ្មានលុយនោះទេ គេនឹងមិនព្យាបាលឲ្យប្រពន្ធលោកឡើយ។ ដោយខ្លាចក្រែងប្រពន្ធមានគ្រោះថ្នាក់ លោក ហេង ធ ក៏បានសន្យាថានឹងបង់ថ្លៃសេវាព្យាបាល តាមការទាមទាររបស់គ្រូពេទ្យ។
លោក ហេង ធ៖ «ខ្ញុំសួរសេវាប៉ុន្មានគេថា ៣២ម៉ឺន ខ្ញុំថាថ្លៃម៉្លេះ ៣២ម៉ឺន។ សុំគាត់ចុះ គាត់មិនព្រមចុះ ទាល់តែយើងនិយាយថា យើងទៅរកលុយឲ្យគាត់ទើបគាត់មើលយើង។ រកបាន ៣២ម៉ឺន ឲ្យគាត់អ៊ីចឹងទៅ ទៅខ្ចីលុយគេ ទៅខ្ចីលុយចងការគេ ៣២ម៉ឺនហ្នឹង មិនទាន់ឲ្យលុយគេផង ទាល់តែថ្ងៃបើកលុយ បានសងគេ សម្រាកនៅ ១ម៉ោង ២ម៉ោង គ្រាន់តែអស់សេរ៉ូម ពេទ្យឲ្យចេញ ហើយខ្ញុំសួរមានចាក់ថ្នាំអីទេ គេថាអត់ទេ បើចង់មកចាក់ថ្នាំគិតលុយផ្សេងទៀត សេរ៉ូម ២ផ្លោក ហើយមើលលាងឈាមប៉ុណ្ណឹង ហើយយកកូនយកអីគាត់មើលប៉ុណ្ណឹង គ្រាន់យកចេញហើយ គាត់ទៅបាត់ហ្មង គាត់ទុកយើងចោលនៅហ្នឹង គ្មានមើលយើងទៀតផងហ្នឹង»។
ប្រធានមណ្ឌលសុខភាពឃ្លាំងលើ ដែលបានព្យាយាមមិនប្រាប់ឈ្មោះរបស់ខ្លួន តែត្រូវប្រជាពលរដ្ឋស្គាល់ថាឈ្មោះ ហ៊ុន នោះ អ្នកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយក្បោះក្បាយចំពោះការលើកឡើងរបស់ពលរដ្ឋឡើយ។ តែអ្នកស្រីថា អ្នកស្រីច្រានចោលចំពោះការចោទប្រកាន់របស់ពលរដ្ឋ៖ «អត់ទេ ខ្ញុំអត់ទទួលស្គាល់ទេ ទាល់តែមានការបំភ្លឺមានភស្តុតាង មានសាក្សីស្រួលបួលណា បានខ្ញុំអាចទទួលយកបាន។ អ៊ីចឹងខ្ញុំសុំលាសិនហើយ»។
ប្រជាពលរដ្ឋខ្មែរភាគច្រើនបានត្អូញត្អែរអំពីការផ្តល់សេវាសុខាភិបាលសាធារណៈនៅកម្ពុជា។ ក្រៅតែពីកង្វះបច្ចេកទេស និងគុណភាពព្យាបាល គ្រូពេទ្យ ឬបុគ្គលិកពេទ្យមួយចំនួន បានជំរិតទារប្រាក់ពីអ្នកជំងឺ ដោយមិនចេះខ្មាសអៀន ហើយអ្នកខ្លះទៀតគ្មានក្រមសីលធម៌ជាអ្នកបម្រើសេវាសុខភាពសាធារណៈទាល់តែសោះ។ ពលរដ្ឋខ្មែរមួយចំនួនបានស្លាប់ដោយសារគ្មានប្រាក់បង់ឲ្យពេទ្យព្យាបាល បើទោះជាពេលខ្លះ ជំងឺរបស់គេមិនសមនឹងស្លាប់ក៏ដោយ។
ប្រទេសកម្ពុជា មានអនុក្រឹត្យស្ដីពីក្រមសីលធម៌គ្រូពេទ្យ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏តែងថ្លែងជាញយដង អប់រំគ្រូពេទ្យ និងអ្នកបម្រើសេវាសុខភាពសាធារណៈ អំពីក្រមសីលធម៌ វិជ្ជាជីវៈ របស់ពួកគេ។ តែទោះជាយ៉ាងណាក៏ដោយ ឃើញថា ប្រជាពលរដ្ឋនៅតែជួបប្រទះបញ្ហាទាំងអស់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
