សង្គម​ស៊ីវិល​និង​ពលរដ្ឋ​អះអាង​ថា​ទំនិញ​គេច​ពន្ធ​បន្ត​នាំចូល​តាម​ច្រក​ព្រំដែន​ខេត្ត​កោះកុង

ដោយ អាស៊ីសេរី
2017.10.21
ច្រក​ចាំយាម កោះកុង ២០១៦ ៦២២ ឡាន​ដឹក​ទំនិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ថៃ ចាំយាម ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ដែល​នាំចូល​ពី​ប្រទេស​ថៃ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​ខូចគុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន មាន​សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​តុលា ថា ពួកគេ​បាន​ទទួល​ព័ត៌មាន​ទាក់ទង​សកម្មភាព​នាំចូល​ទំនិញ​គេច​ពន្ធ និង​ខូចគុណភាព បន្ត​កើតមាន​តាម​ច្រក​របៀង តាម​សមុទ្រ ពិសេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម​ខេត្ត​កោះកុង។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ឲ្យ​ដឹង​ថា ទំនិញ​ដឹក​តាម​រទេះ និង​តាម​រថយន្ត​ធំៗ បាន​ឆ្លងកាត់​ច្រក​ចាំ​យាម​រាល់​ថ្ងៃ​នេះ មន្ត្រី​សាខា​គយ និង​មន្ត្រី​កាំកុងត្រូល​ខេត្ត​កោះកុង ត្រួតពិនិត្យ​មិនបាន​ត្រឹមត្រូវ​ទេ។ បញ្ហា​នេះ លោក​ស្នើ​ដល់​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ពិសេស​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ទៅលើ​សកម្មភាព របស់​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ព្រំដែន​ចាំយាម ខេត្ត​កោះកុង ថា​តើ​មាន​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ និង​ខូចគុណភាព ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ដែរ​ឬទេ។

លោក ញៀប សំអឿន បន្ត​ថា កន្លងមក​ឃើញ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ច្រក​ចាំយាម ភាគច្រើន​មិនបាន​ត្រួតពិនិត្យ​ទំនិញ​ដឹក​នៅ​លើ​រថយន្ត​ធំៗ និង​រទេះដឹក​ទំនិញ​ទាំង​នោះ​ទេ ដោយ​ទទួលយក​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​ទាំងនោះ​បង់​ជូន​ស្ថាប័ន​នីមួយៗ​ជាប្រចាំ​ថ្ងៃ នៅ​តាម​ច្រក​ទ្វារ ដោយ​មិនបាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ទាំង​នោះ​ឡើយ។

ទាក់ទិន​ករណី​នេះ ទាំង​មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ ដែល​មាន​របរ​ចិញ្ចឹម​ជីវិត​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ខេត្ត​កោះកុង ក៏​ធ្លាប់​រិះគន់​ចំពោះ​ការអនុញ្ញាត ឲ្យ​ពាណិជ្ជករ​ថៃ នាំចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខូចគុណភាព ជា​ថ្នូរ​ទទួល​សំណូក​ពុករលួយ ឬ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​នេះ​ដែរ។

ប៉ុន្តែ រាល់​ការចោទប្រកាន់​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ប្រចាំការ​នៅ​ច្រក​ទ្វារ​ចាំ​យាម ខេត្ត​កោះកុង ច្រានចោល។ មន្ត្រី​ទាំងនោះ តែង​ឆ្លើយ​បដិសេធ​ថា ពួកគេ​មិនបាន​ឃុបឃិត អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខូចគុណភាព តាម​ព្រំដែន​ច្រក​ចាំយាម និង​ច្រក​របៀង​ផ្សេងៗ ជា​ថ្នូរ​ទទួល​បាន​សំណូក​លុយកាក់​នោះ​ទេ។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ប្រចាំ​ខេត្ត​កោះកុង បាន​អះអាង​ថា ធ្លាប់​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ អំពី​សកម្មភាព​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ដោយ​ធ្វើ​សកម្មភាព​ដឹក​តាម​រថយន្ត តាម​ច្រក​ទាំងនេះ យ៉ាង​អនាធិបតេយ្យ​ជា​ហូរហែ​មកនេះ។

ទំនិញ​គេច​ពន្ធ​ទាំងនោះ មាន​សាច់​ស្រស់ ឬ​អាហារ​សមុទ្រ​ស្រស់ៗ គ្រឿង​សម្អាត​កាយ ភេសជ្ជៈ អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាពិសេស ម៉ូតូ​ស៊េរី​ទំនើបៗ​ជាដើម ដោយ​មន្ត្រី​ប្រចាំ​ព្រំដែន​ទទួល​បាន​សំណូក​ពី​ឈ្មួញ​ជាប្រចាំ​ថ្ងៃ និង​ប្រចាំខែ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង បន្ត​ចោទ​ថា រាល់​ថ្ងៃ​នេះ ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​ទៀត​ដូចជា៖ ស្រា​បៀរ ភេសជ្ជៈ​គ្រប់​ប្រភេទ អីវ៉ាន់​ចាប់ហួយ និង​សម្ភារៈ​សំណង់ ត្រូវ​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ ស្ទើរ​ជា​រៀងរាល់ថ្ងៃ ពិសេស​ច្រក​ទ្វារ​ចាំ​យាម​តែម្ដង ទំនិញ​ខ្លះ​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត និង​ដឹក​តាម​ទូក មក​ចែកចាយ​នៅ​ទី​រួម​ខេត្ត​កោះកុង និង​បន្ត​ដឹក​យក​ទៅ​ចែក​ឲ្យ​ម៉ូយ​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​ផ្សេងៗ ដោយ​ឈ្មួញ​ទាំងនោះ បាន​បង់លុយ​ជូន​មន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន និង​បង់លុយ​ជូន​មន្ត្រី​ស្ថាប័ន​ជំនាញ ដែល​ដាក់​ពង្រាយ ប្រចាំការ​នៅ​តាម​ផ្លូវ​ឆ្លងកាត់ ជា​ថ្នូរ​អាច​ដឹកទំនិញ​គេច​ពន្ធ និង​ខូចគុណភាព ឆ្លងកាត់​ដោយ​រលូន។

អ្នក​សម្របសម្រួល​អង្គ​ការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​ស្នើ​ដល់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ គួរ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ស៊ើបអង្កេត​សកម្មភាព​របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ប្រចាំការ នៅ​ច្រក​ទ្វារ​ចាំ​យាម​ខេត្ត​កោះកុង ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ ដើម្បី​កុំ​អោយ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ។

បញ្ហា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ឯក មីន រស្មី ស្នងការ​រង​នគរបាល​ខេត្ត​កោះកុង បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ខេត្ត ចុះ​ត្រួត​ពិនិត្យ និង​បង្ក្រាប បទល្មើស​នាំចូល​សាច់​មាន់ និង​ប្រហិត​ស្រស់ ពី​ប្រទេស​ថៃ​ចូល​មក​ខេត្ត​កោះកុង ដោយ​ត្រៀម​ចែកចាយ និង​នាំចេញ​ទៅកាន់​ខេត្ត​មួយ​ចំនួន​ទៀត ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់​ស្កាត់​បាន​ទាន់​ពេល និង​ដកហូត​ទំនិញ​ខុសច្បាប់​ចំនួន ១.៦៨៧​គីឡូក្រាម។ ក្នុង​នោះ​មាន​សាច់​មាន់​ខូច​គុណភាព ១.១១៤ គីឡូក្រាម និង​ប្រហិត​ខូចគុណភាព ៥៦៤​គីឡូក្រាម។ ក្រោយ​ការ​បង្ក្រាប ទំនិញ​ទាំងនេះ កម្លាំង​នគរបាល បាន​ប្រគល់​ជូន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​កោះកុង យក​ទៅ​ដុត​បំផ្លាញ​ចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។