ពលរដ្ឋ និងអាជ្ញាធរ មានការបារម្ភចំពោះសុខភាពរបស់ខ្លួន នៅពេលចំណីអាហារដែលពលរដ្ឋនៅតាមជនបទទទួលរាល់ថ្ងៃ ជួបប្រទះបញ្ហាដូចជាពុល ឬនាំឲ្យមានជំងឺផ្សេងៗ ជាដើម។
មន្ត្រីខាងផ្នែកសុខភាពបញ្ជាក់ថា ពលរដ្ឋគប្បីមានការប្រុងប្រយ័ត្នចំពោះការបរិភោគអាហារ និងបន្លែដែលមិនមានអនាម័យ ពិសេសបន្លែដែលនាំចូលមកពីក្រៅប្រទេស ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗកើតមានឡើង។
បន្ទាប់ពីមានប្រជាពលរដ្ឋជិត ៣០០នាក់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ពុលអាហារនោះ ធ្វើឲ្យពលរដ្ឋ និងអាជ្ញាធរមានការបារម្ភចំពោះសុវត្ថិភាពចំណីអាហារ។ ពួកគាត់បារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន ស្របពេលដែលចំណីអាហារនៅតាមទីផ្សារ មិនសូវមានអនាម័យ និងមិនសូវធានាបាននូវសុខមាលភាពសម្រាប់ពួកគាត់នោះ។
ប្រជាពលរដ្ឋនៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក អ្នកស្រី ខេង ណាំ មានប្រសាសន៍ថា អ្នកស្រីកាន់តែមានការបារម្ភជាខ្លាំងចំពោះសុវត្ថិភាពចំណីអាហារ ពិសេសចំណីអាហារនៅតាមទីផ្សារតែម្តង។ ការបារម្ភនេះ ក្រោយពេលសមាជិកគ្រួសារអ្នកស្រីពីរនាក់ គឺកូនស្រី និងប្ដីអ្នកស្រី បានពុលនំបញ្ចុកកាលពីថ្ងៃទី១៩ តុលា នោះ៖ «ចា៎ៗ ខ្លាចប៉ះពាល់សុខភាពខ្ញុំ! អីអូយ! កាលណាខ្ញុំហូបប្រយ័ត្នណាស់លោកគ្រូ! ដែលដោយសារបន្លែដោយសារសព្វមុខហ្នឹងឯង ខ្ញុំប្រយ័ត្នប៉ុណ្ណឹងហើយ នៅតែគ្រោះថ្នាក់បានទៀត»។
អ្នកស្រីស្នើឱ្យមន្ត្រីក្រសួងពាក់ព័ន្ធ ចុះត្រួតពិនិត្យចំពោះអាហារដែលចរាចរណ៍នៅតាមទីផ្សារឱ្យទូលំទូលាយ ដើម្បីជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ពិសេសពួកគាត់ដែលរស់នៅតាមជនបទ។
កាលពីថ្ងៃទី១៩ តុលា មានពិធីភ្ជាប់ពាក្យមួយនៅក្នុងភូមិស៊ីវត្ថា ដែលម្ចាស់កម្មវិធីបានរៀបចំទទួលអាហារសម្រាប់ភ្ញៀវដោយនំបញ្ចុក។ ភ្ញៀវដែលទទួលទាននំបញ្ចុកនោះជិត ២០០នាក់ ប៉ុន្តែក៏មានច្រកមកហូបតាមផ្ទះបន្ថែមទៀត ធ្វើឱ្យពួកគាត់ជិត ៣០០នាក់ (២៨៣) ភាគច្រើនជាអ្នកភូមិ បានពុលទាំងអស់គ្នា។ អ្នកភូមិសង្ស័យថា ករណីនេះអាចបណ្ដាលមកពីនំបញ្ចុកនោះតែម្តង ពីព្រោះមានអ្នកខ្លះហូបដោយមិនមានបន្លែផង ក៏ត្រូវពុលដែរ។ ពួកគាត់មានអាការៈក្តៅញាក់ វិលមុខ ក្អួត និងរាករូស ជាដើម បន្ទាប់ពីហូបនំនោះបានមួយថ្ងៃ។ នៅថ្ងៃទី២០ តុលា ទើបអាជ្ញាធរប្រកាសឱ្យពលរដ្ឋដែលមានបញ្ហាទាំងនោះ មកព្យាបាលនៅមណ្ឌលសុខភាពតែម្តង ដើម្បីងាយគ្រប់គ្រង និងតាមដានស្ថានភាពអ្នកជំងឺ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោក ស្រី ស៊ីន មានប្រសាសន៍នៅថ្ងៃទី២២ តុលា ថា មានមណ្ឌលសុខភាពមួយ និងមន្ទីរពេទ្យបង្អែកមួយ បានទទួលព្យាបាលប្រជាពលរដ្ឋដែលពុលអាហារទាំងនោះ គឺមណ្ឌលសុខភាពតាំងក្រសាំង មានប្រជាពលរដ្ឋពុលអាហារចូលព្យាបាលចំនួន ១៦៦នាក់ និងនៅមន្ទីរពេទ្យបង្អែកបារាយណ៍ ក្នុងស្រុកសន្ទុក មានចំនួន ៨៥នាក់ ក្រៅពីនោះ ក៏មានពលរដ្ឋផ្សេងទៀតសម្រាកព្យាបាលនៅតាមផ្ទះ ប៉ុន្តែចំនួននេះអាចមានការប្រែប្រួល។ លោកបន្តថា មន្ត្រីជំនាញបានចុះស្រាវជ្រាវជុំវិញបញ្ហានេះ ប៉ុន្តែមិនទាន់ដឹងថា តើការពុលនោះអាចបណ្ដាលមកពីនំ ឬបន្លែទេ ពីព្រោះខាងអាជ្ញាធរខេត្តមិនមានឧបករណ៍ដើម្បីវិភាគឱ្យដឹងបញ្ហានេះឡើយ៖ «យើងជូនដំណឹងទៅក្រសួង ប៉ុន្តែអានេះយើងពិនិត្យអាចបញ្ជាក់ថា មកពីអីទាល់តែយកនំ ឬយកបន្លែទៅវិភាគ ប៉ុន្តែវាត្រូវការភ្លាមៗ ព្រោះសាច់នំបញ្ចុកតែកាលណាយើងទុកយូរ វាមានប្រែប្រួលហើយ ជាពិសេសខ្ញុំគិតថា ជាទូទៅខាងកាំកុងត្រូវអី គេពិនិត្យរកទីផ្សារវិភាគអ៊ីចឹងបាទ»។
ប្រធានមន្ទីរសុខាភិបាលដដែលបន្ថែមថា មិនមានពលរដ្ឋណាប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយស្ថានភាពពួកគាត់ក៏បានប្រសើរហើយដែរ។ យ៉ាងណា លោកសុំឱ្យម្ចាស់អាជីវកម្មទាំងអស់ គប្បីគិតគូរពីអនាម័យលើចំណីអាហារ រួមនិងបន្លែត្រីសាច់របស់ខ្លួនឱ្យបានត្រឹមត្រូវ។
ដោយឡែកនៅស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វិញ ក៏មានប្រជាពលរដ្ឋជាង ១០០នាក់ (១១០) ពុលត្រសក់ត្រាំ កាលពីថ្ងៃទី១៦ តុលា ដែលមានឈ្មួញដាក់ត្រសក់ត្រាំក្នុងប៊ីដុងជ័រលក់តាមម៉ូតូ បណ្ដាលឱ្យពួកគាត់រាករូស ឈឺឆ្អឹង វិលមុខ ប៉ុន្តែពួកគាត់ក៏បានជួយសង្គ្រោះរួចរាល់ហើយ។
អធិការស្រុកតំបែរ លោក ហុង គីមហឿន ក៏បានណែនាំឱ្យពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារទាំងនោះ៖ «យើងបានផ្សព្វផ្សាយឱ្យបងប្អូនតាមរយៈមេភូមិមេឃុំ កុំឱ្យបងប្អូនហូបរបស់របរដែលយើងមិនប្រក្រតី។ ឱ្យគាត់មានការប្រុងប្រយ័ត្ន ដូចជាគីង្គក់អីហ្នឹង ហាមកុំឱ្យគាត់កុំហូបក៏ល្អដែរ។ ហើយប្រសិនបើបន្លែហ្នឹងឱ្យមានការពិចារណាមែនទែន។ ចង់ឱ្យគាត់មើលអ៊ីចឹងថា អាការលក់ដាក់កញ្ឆេដាក់អីហ្នឹង មុននឹងទិញហូបហ្នឹងក៏នេះដែរ។ ប៉ុន្តែឥឡូវ ប្រជាជនយើងមួយៗរាងលក់លែងដាច់គាត់ដឹងណាបង»។
ចំណែកប្រធានមណ្ឌលសុខភាពតាំងក្រសាំង លោក ម៉ែន ស៊ីណាត ក៏មានក្តីបារម្ភចំពោះសុវត្ថិភាពរបស់ពលរដ្ឋក្នុងការទទួលទានអាហារ និងបន្លែនៅតាមទីផ្សារដែរ។ លោកអំពាវនាវឱ្យពលរដ្ឋទាំងនោះ មានអនាម័យចំពោះការហូបចុកអាហារ និងការប្រើប្រាស់ទឹកស្អាតផង៖ «ហើយភាគច្រើននំបញ្ចុក ខ្ញុំបានពន្យល់ប្រជាពលរដ្ឋហើយថា នំបញ្ចុកបើអ្នកពាក់ព័ន្ធរោគក្រពះពោះវៀន វាងាយ ពីព្រោះនំបញ្ចុកវាច្រើនតែម្សៅវាមិនឆ្អិនល្អ ព្រោះគេស្រង់ពីទឹកក្តៅយកមកដាក់ទឹកត្រជាក់។ ហើយរយៈពេលយូរថ្ងៃវាផ្អូម ដូចយើងដាំបាយហើយ បាយហ្នឹងវាអត់ឆ្អិន ដល់អ៊ីចឹងហូបទៅវាអត់ឈឺពោះ រាករវាងអាថ្ងៃបន្ទាប់មក។ បាទ! ខ្ញុំតែងតែណែនាំដែលហើយណែនាំទាំងការហូបទឹកខែនេះ ព្រោះរដូវនេះរដូវសម្រក់ ការហូបបន្លែឆៅចេះតែអប់រំគាត់បន្តថា»។
លោកបន្ថែមថា ប្រសិនបើពលរដ្ឋអាចកាត់បន្ថយនូវការប្រើប្រាស់បន្លែដែលនាំចូលពីក្រៅប្រទេសបាន គឺជាការប្រសើរ ប៉ុន្តែបើត្រូវការបរិភោគបន្លែទាំងនោះវិញ គឺត្រូវត្រាំទឹកឱ្យបានច្រើនម៉ោង ទើបអាចធានាថា សារធាតុគីមីដែលនៅក្នុងបន្លែនោះអាចបន្សាបចេញអស់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
