ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា មានដូចជា តាមកញ្ចក់ទូរទស្សន៍ ស្ថានីយវិទ្យុ លើទំព័រកាសែត និងនៅតាមផ្ទាំងពាណិជ្ជកម្មនៅតាមទីសាធារណៈនានា គឺជាមធ្យោបាយទាក់ទាញមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការជំរុញឲ្យមានអ្នកសម្រេចចិត្ត ដើម្បីការសាកល្បង និងបន្តប្រើប្រាស់គ្រឿងស្រវឹង។
តើបញ្ហានេះប្រជាពលរដ្ឋមានមតិយ៉ាងណា?
«សំឡេងស្ពតពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍»
នេះជាមតិរបស់អតិថិជនជាវស្រាបៀដែលគេជួបសម្ភាសយកមកផ្សព្វផ្សាយនៅតាមកញ្ចក់ទូរទស្សន៍។
«សំឡេងស្ពតពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍»
ស្ពតពាណិជ្ជកម្មទាំងនោះ បានសម្ដែងពីការជួបជុំគ្នាទទួលទានស្រាបៀ ដោយការទាក់ទាញជាមួយនឹងភាពសប្បាយរីករាយ។
ក្រុមប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសង្គម បានសម្ដែងក្ដីព្រួយបារម្ភចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មដែលពួកគេយល់ឃើញថា ការធ្វើដូច្នេះ ក្រុមហ៊ុនផ្សាយផលិតផលរបស់ខ្លួន និងអ្នកអនុញ្ញាតផ្សាយ ហាក់មិនបានគិតពីផលប៉ះពាល់ក្នុងសង្គម ហើយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។
នៅក្នុងដៃកំពុងកាន់កន្ត្រកទិញមួយនៅផ្សារសុវណ្ណា ក្នុងរាជធានីភ្នំពេញ អ្នកស្រី ហ៊ុយ គឹមលាង បានថ្លែងថា អ្នកស្រីតែងបានឃើញការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងស្ទើរគ្រប់ប៉ុស្តិ៍ទូរទស្សន៍។ គាត់មានមតិថា ការផ្សព្វផ្សាយបច្ចុប្បន្នហាក់បង្ហាញនូវការអូសទាញហួសហេតុ ដោយគិតតែផលចំណេញសុទ្ធសាធ។
បុរសវ័យ ៥៣ឆ្នាំមួយរូបទៀត គឺលោក កែវ សុខន បានថ្លែងថា ការផ្សាយពាណិជ្ជកម្ម គឺជាសិទ្ធិរបស់គេក្នុងការស្វែងរកចំណូលទៅក្រុមហ៊ុន។ ប៉ុន្តែបច្ចុប្បន្ន ការផ្សព្វផ្សាយលើសលប់នៅតាមស្ថានីយទូរទស្សន៍ និងវិទ្យុ រួមទាំងផ្ទាំងពាណិជ្ជកម្មពីគ្រឿងស្រវឹងនោះ លោកយល់ថាហាក់ដូចជាជ្រុលពេលបន្តិចទៅហើយដែលចង់ឲ្យពលរដ្ឋកម្ពុជា មួយចំនួនដែលនិយមទទួលទានគ្រឿងស្រវឹង ឲ្យកាត់បន្ថយ ឬឈប់ទទួលទានគ្រឿងស្រវឹង ដោយគ្រាន់តែឈប់ផ្សាយពាណិជ្ជកម្មនោះ។
ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញឲ្យទិញគ្រឿងស្រវឹងនោះ តាមរយៈពាណិជ្ជកម្មទាំងនោះ គ្រប់គ្នាតែងបានឮពីការឈ្នះរង្វាន់ និងមានរង្វាន់លើកទឹកនៅពេលទិញច្រើន។
«សំឡេងស្ពតពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍»
អ្នកវិនិយោគស្រាបៀនៅប្រទេសកម្ពុជា បានចាត់ទុកថា វិស័យនេះជាវិស័យទទួលបានផលចំណេញច្រើនក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។ វិស័យនេះ បានចូលរួមចំណែកបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា និងបានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាមិញ បើទោះជាវិស័យនេះកំពុងមានសក្ដានុពលយ៉ាងនេះក្ដី វិស័យស្រាបៀក៏បានផ្ដល់ផលអវិជ្ជមានដល់សង្គមជាតិ និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងសម្បើមណាស់ដែរ។
កាលពីចុងឆ្នាំ២០០៨ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានធ្វើការសិក្សាស្រាវជ្រាវមួយពីផលប៉ះពាល់នៃគ្រឿងស្រវឹងមកលើប្រជាពលរដ្ឋកម្ពុជា។
ការសិក្សានេះ បានរកឃើញថា មនុស្សចំនួន ៥៨% នៃអ្នកដែលចាប់ផ្ដើមផឹកស្រាដំបូង មានចន្លោះពី ១៨ ទៅ ៣០ឆ្នាំ ដែលជាវ័យមួយចង់សាកល្បងអ្វីៗនៅក្នុងជីវិត។ ក្នុងចំណោមបុរស ៩៣% គឺជាអ្នកប្រើគ្រឿងស្រវឹង រីឯស្ត្រីមានចំនួន ៥៨% ដែលបានសម្ភាស គឺជាអ្នកប្រើគ្រឿងស្រវឹង។
របាយការណ៍ដដែលបញ្ជាក់ថា អ្នកដែលបានផ្ដល់សម្ភាសស្ទើរតែទាំងអស់ ធ្លាប់ឮ និងឃើញការផ្សាយពាណិជ្ជកម្មស្រា ឬស្រាបៀតាមរយៈវិទ្យុ ទូរទស្សន៍ និងផ្ទាំងផ្សាយពាណិជ្ជកម្ម ដែលធ្វើឲ្យពួកគេចង់សាកមើលរសជាតិថ្មីៗ។
ជាញឹកញយ កម្មវិធីទូរទស្សន៍សំខាន់ៗតែងតែបានការឧបត្ថម្ភពីម្ចាស់ផលិតផលស្រា និងស្រាបៀ។
«សំឡេងផ្សាយពាណិជ្ជកម្មក្នុងទូរទស្សន៍»
កន្លងមក ក្រសួងព័ត៌មានធ្លាប់បានកែលំអឈុតផ្សាយពាណិជ្ជកម្មដែលបានចាក់ផ្សាយនៅតាមស្ថានីយណាមួយដែលមានលក្ខណៈលើកទឹកចិត្តឲ្យមានទទួលទានគ្រឿងស្រវឹង ដូចជា ការហ៊ោកញ្ជ្រៀវអរសប្បាយជាការជំរុញឲ្យអ្នកទទួលទានមានការភាន់ច្រឡំ និងមានលក្ខណៈអូសទាញយុវជនជាដើម។
ប៉ុន្តែ ការបញ្ឈប់ស្ពតពាណិជ្ជកម្មកាលពីកន្លងមកនោះ ហាក់ពុំមានប្រសិទ្ធភាពទេ។
ទាក់ទងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ភីឌីភី (PDP) លោក យង់ គិមអេង ដែលធ្លាប់ជាអ្នកស្រាវជ្រាវពីផលប៉ះពាល់ពីគ្រឿងស្រវឹង បានហៅវិធានការទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់រដ្ឋាភិបាល គឺជាវិធានការវែកចក។ ហេតុផល គឺម្ចាស់ឧស្សាហកម្មស្រាបៀតែងមានទំនាក់ទំនងជាមួយអ្នកនយោបាយធំៗ។
ដោយសារតែស្ថានភាពផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបានកម្រើកឡើងវិញនោះ សូម្បីតែសម្ព័ន្ធអ្នកលេងបណ្ដាញសង្គមហ្វេកប៊ុក (Facebook) ក៏បានយកស្ពតមួយដែលគេតែងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍សព្វថ្ងៃ ដែលសម្ដែងដោយតារាល្បីៗសរសើរផលិតស្រាបៀ មកបញ្ចើចបញ្ចើ ដោយកែសំឡេងបែបចំអកឡកឡាយទៅវិញ។
«សំឡេងស្ពតយកពីហ្វេសប៊ុក»
ស្ពតនេះត្រូវបានគេផ្ញើតៗគ្នា តាមបណ្ដាញសង្គមហ្វេកប៊ុក ដោយសម្ដែងមតិថា ជាការអូសទាញឲ្យពលរដ្ឋវក់នឹងគ្រឿងស្រវឹង នាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជារៀងរាល់ថ្ងៃ។
យ៉ាងនេះក្ដី លោកវរសេនីយ៍ត្រី ចេវ ហាក់ អនុប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ មានប្រសាសន៍ថា ការផ្សព្វផ្សាយ គឺជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺនៅត្រង់លើឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ និងអ្នកបញ្ជាយានយន្តចូលរួមអនុវត្តន៍ច្បាប់ ទើបបានទទួលជោគជ័យ។
រីឯនៅតាមហាងកម្សាន្តសប្បាយៗនៅពេលរាត្រីវិញ ការផ្សព្វផ្សាយផ្ទាល់ដោយនារីស្អាតៗ គឺជាកត្តារួមចំណែកសំខាន់ដែរ។ នៅតាមហាងនីមួយៗ មិនបានកំណត់អាយុអ្នកចូលទៅទទួលទានគ្រឿងស្រវឹងនោះទេ។
«សំឡេងក្នុងហាងកម្សាន្តសប្បាយ»
ដោយឡែកកូនក្មេងអាយុប៉ុន្មាន ក៏ពួកគេអាចទៅទិញស្រាបានដែរ។
មន្ត្រីក្រុមហ៊ុនស្រាបៀភ្នំពេញ បានអះអាងថា ការផ្គត់ផ្គង់ស្រាបៀមានប្រមាណជាង ៧លានកេះ ក្នុងមួយឆ្នាំ ដើម្បីប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនលក់ស្រាបៀផ្សេងៗ ដែលធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជា ក៏បានចំណូលពីផ្សព្វផ្សាយស្រាបៀតាមប្រព័ន្ធទូរទស្សន៍ប្រមាណ ៥លានដុល្លារក្នុងមួយឆ្នាំ។
ដើម្បីកាត់បន្ថយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ សង្គមស៊ីវិលផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរពន្លឿនគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងដែលរៀបចំដោយក្រសួងសុខាភិបាលតាំងពីឆ្នាំ២០០៨ ចេញឲ្យបានឆាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលមានស្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។