ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នាំ​គ្នា​ស្នើ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​ផ្នែក​ផ្គត់ផ្គង់​សេវា​ទឹក​ស្អាត ជួយ​ដោះស្រាយ​ការ​លំបាក​របស់​ពួក​គាត់ ដោយសារ​ការ​ប្រើប្រាស់​ទឹក​ស្អាត គឺ​មិន​បាន​គ្រប់គ្រាន់​ឡើយ​នា​ប៉ុន្មាន​ខែ​មក​នេះ។ ចំណែក​អាជ្ញាធរ​ថា ពួក​គេ​កំពុង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។

ពលរដ្ឋ​នៅ​ផ្សារ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ យល់​ថា កង្វះ​ទឹក​ប្រើប្រាស់​ប្រមាណ ២​ខែ​មក​នេះ គឺ​ដោយសារ​តែ​អង្គភាព​ផ្គត់ផ្គង់​ទឹក​ស្អាត បាន​ពង្រីក​សេវា​ផ្តល់​ទឹក​របស់​ខ្លួន​ទៅ​ឲ្យ​សហគ្រាស​ផលិត​ទឹក​សុទ្ធ និង​ឲ្យ​ទៅ​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​កាន់​តែ​ច្រើន​ថែម​ទៀត ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ទឹក​ពី​ប្រភព​មេ​នៅ​ដដែល។

ពលរដ្ឋ​រស់នៅ​ឃុំ​ជ្រៃវៀន ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ប្រមាណ​ជា​ពីរ​ខែ​មក​ហើយ​ដែល​ពួក​គាត់​មិន​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ រហូត​ដល់​ពលរដ្ឋ​ខ្លះ​ត្រូវ​ប្រើប្រាស់​អណ្ដូង​ទឹក​ផ្ទាល់​ខ្លួន​វិញ ក៏ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ​ផ្សារ​ព្រៃទទឹង ខ្លះ​វិញ កាន់​តែ​ពិបាក​ជាង​គេ ពីព្រោះ​ពួក​គាត់​មិន​មាន​អណ្ដូង​ទឹក​សម្រាប់​ប្រើ៖ «គិតគូរ​រឿង​ដូរ​ទុយោ​ដូរ​អី! ដូរ​ថ្មី​ឲ្យ​ធំ បូម​មក​ទុក​ហ្នឹង​ធ្វើ​អាង​ឲ្យ​ធំ! បើ​គាត់​ចង់​បាន​លុយ​ពី​ឈ្មួញ​ពី​ប្រជាពលរដ្ឋ ទាល់​តែ​គាត់​ផ្គត់ផ្គង់​គេ​ឲ្យ​គ្រប់ បើ​គាត់​ផ្គត់ផ្គង់​គេ​មិន​គ្រប់​អ៊ីចឹង​ដដែល គាត់​ទៅ​លោភលន់​ភ្ជាប់​បណ្ដាញ​ទឹក​សុទ្ធ បណ្ដាញ​អាជីវកម្ម​ផ្សេងៗ​ធ្វើ​អី»

អង្គភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ឃុំ​ជ្រៃវៀន គឺ​បញ្ជូន​ទឹក​បន្ត​តាម​ទុយោ​ពី​កន្លែង​ផ្គត់ផ្គង់​ទឹក​ស្អាត​ពី​ឃុំ​ពាមជីកង ស្រុក​កងមាស ដែល​បូម​ទឹក​ពី​ទន្លេ​មេគង្គ​មក។ ប្រភព​ដដែល​បន្ត​ថា ពលរដ្ឋ​បាន​ជូន​ដំណឹង​នេះ​ទៅ​អាជ្ញាធរ ប៉ុន្តែ​ពួក​គេ​មិន​សូវ​អើពើ​សោះ។ លោក​ថា ក្រៅ​ពី​មិន​មាន​ទឹក​ផ្តល់​ជូន​ពលរដ្ឋ​គ្រប់គ្រាន់​ហើយ តម្លៃ​ទឹក​ក៏​ថ្លៃ​ថែម​ទៀត គឺ​រហូត​ដល់ ២.២០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប ស្រប​ពេល​តម្លៃ​ភ្លើង​ទាប។

ទាក់ទង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​សាខា​ការិយាល័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ស្រុក​ព្រៃឈរ លោក លឹម ឃាង មាន​ប្រសាសន៍​ថា មិន​មែន​ដោយសារ​ខាង​លោក​ពង្រីក​សេវា​ទឹក​ប្រើប្រាស់​ជូន​សហគ្រាស​ផលិត​ទឹក​សុទ្ធ​នោះ​ទេ ប៉ុន្តែ​ភាព​ខ្វះខាត​ដោយសារ​តម្រូវ​ការ គឺ​កើន​ឡើង​មួយ​ទ្វេ​ជា​បី​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ថែម​ថា មិន​មែន​តែ​ស្រុក​ព្រៃឈរ ទេ​ដែល​ជួប​បញ្ហា​នេះ ប៉ុន្តែ​នៅ​តំបន់​ផ្សេងៗ​ក៏​ជួប​ដូច​គ្នា​ដែរ។

ជាក់ស្តែង សូម្បី​តែ​ទី​រួម​ខេត្ត​កំពង់ចាម ក៏​អណ្ដូង​ទឹក​ផ្គត់ផ្គង់​ទឹក​ស្អាត​ត្រូវ​រីង​ដែរ រហូត​អាជ្ញាធរ​ត្រូវ​បូម​ទឹក​ពី​ទន្លេ​ទៅ​ប្រើប្រាស់​ទៀត​ផង។ លោក​ឲ្យ​ដឹង​ដែរ​ថា ការ​បញ្ជូន​ទឹក​ពី​ស្រុក​កងមាស មក​ស្រុក​ព្រៃឈរ គឺ​មាន​ចម្ងាយ​ឆ្ងាយ ហើយ​កម្ពស់​ក៏​ខ្ពស់​ទៀត ទើប​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ ជួប​បញ្ហា៖ «ប៉ុន្តែ​ទឹក​ខ្ញុំ គឺ​ប្រើ​គំហុក​ខ្លាំង​ហ្មង! ពីព្រោះ​ខែ​មួយ​ខែ​ពីរ ទឹក​ខ្ញុំ​លក់​បាន​ប្រហែល​មួយ​ម៉ឺន​គូប ប៉ុន្តែ​ដល់​ឥឡូវ​ចង់​ឡើង​ប្រហែល​បី​ម៉ឺន​គូប​ក្នុង​ពីរ​ខែ​ហ្នឹង»

យ៉ាង​ណា ខាង​លោក​កំពុង​ធ្វើ​អាង​ទឹក​មួយ​កន្លែង​ទៀត ដើម្បី​បញ្ជូន​ពី​ស្រុក​កងមាស មក​ស្តុក​ទុក ហើយ​ដំណើរ​ការ​អាច​នឹង​បញ្ចប់​នៅ​អំឡុង​ពេល​មួយ​ខែ​ទៀត ដែល​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​ទឹក​លែង​មាន​បញ្ហា។ បន្ថែម​ពី​នេះ​ទៀត អ្នក​គ្រប់គ្រង​សេវា​ទឹក​ស្អាត​ដដែល​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​តម្លៃ​នោះ គឺ​ដោយសារ​តែ​សេវា​បញ្ជូន​ទឹក​ពី​ស្រុក​កងមាស ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន ហើយ​តម្លៃ​នេះ គឺ​បាន​ឯកភាព​ពី​អាជ្ញាធរ​រដ្ឋ​យ៉ាង​ត្រឹមត្រូវ ប៉ុន្តែ​បើ​គិត​ពី​តម្លៃ​ទឹក​ស្អាត​ប្រើប្រាស់​របស់​ឯកជន​ក្នុង​ខេត្ត​កំពង់ចាម គឺ​ខាង​លោក​ថោក​ជាង​គេ​ផង។ លោក​ថា មិន​អាច​យក​តម្លៃ​ទឹក​ស្អាត​របស់​រដ្ឋ​មក​ប្រៀបធៀប​ជាមួយ​ឯកជន​បាន​ទេ ហើយ​ក៏​មិន​អាច​យក​តម្លៃ​ភ្លើង​មក​ប្រៀបធៀប​តម្លៃ​ទឹក​បាន​ដែរ។

ដោយ​ឡែក​អភិបាល​ស្រុក​ព្រៃឈរ លោក ទេព រាមមុន្នី មាន​ប្រសាសន៍​ថា ខាង​លោក​ក៏​បាន​ជំរុញ​រឿង​នេះ​ឲ្យ​អ្នក​គ្រប់គ្រង​អង្គភាព​ទឹក​ស្អាត​ឯកជន​មួយ​នេះ គប្បី​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​រដូវ​នេះ​ជា​រដូវ​ក្តៅ​ផង ដែល​នាំ​ឲ្យ​តម្រូវ​ការ​ទឹក​កាន់​តែ​ច្រើន។ លោក​បន្ថែម​ថា ខាង​អាជ្ញាធរ​តែង​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ ចំពោះ​ការ​លំបាក​របស់​ពលរដ្ឋ៖ «ខ្ញុំ​ព្យាយាម​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្ញុំ​ជួប​បញ្ហា​ដែរ អ្នក​ណា​មិន​ដឹង​ទេ បើ​ខ្ញុំ​វិញ​តែ​អត់​ទឹក​ក្នុង​អាង ខ្ញុំ​អត់​ចេះ​នៅ​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​ពលរដ្ឋ​ម្នាក់ លោក ហែម ចាន់ធឿន យល់​ថា ជា​ការ​ប្រសើរ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ខាង​ស្ថាប័ន​មួយ​នេះ​គប្បី​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​មុន​សិន ទើប​ផ្តល់​ទៅ​ឲ្យ​សហគ្រាស​ជា​ក្រោយ។ មួយ​វិញ​ទៀត គប្បី​ត្រូវ​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក ដែល​បញ្ជូន​ទឹក​ពី​ស្រុក​កងមាស បន្ថែម​ទៀត ជៀសវាង​ចេះ​តែ​ពង្រីក​បណ្ដាញ​សេវា​ប្រើប្រាស់​ជូន​ពលរដ្ឋ​តំបន់​ផ្សេង និង​សហគ្រាស​នានា ប៉ុន្តែ​សេវា​ផ្គត់ផ្គង់​មិន​បាន​ពង្រីក​នោះ។ ជាង​នេះ​ទៀត លោក​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គប្បី​ចុះ​មក​ត្រួត​ពិនិត្យ​តម្លៃ​ទឹក​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។