មន្ត្រីសុខាភិបាលខេត្តរតនគិរី នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៣ បដិសេធថា មិនមានជំងឺគ្រុនឈាម ឬជំងឺគ្រុនឈីករាតត្បាតទៅលើប្រជាពលរដ្ឋក្នុងខេត្តនេះទេ។
សេចក្ដីអះអាងនេះឆ្លើយតបទៅនឹងសេចក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅតាមស្រុកឃុំមួយចំនួនដែលអះអាងថា កូនចៅរបស់ពួកគេកើតមានជំងឺគ្រុនក្ដៅច្រើននាក់ដែលគេសង្ស័យថា មកពីមូសខ្លាខាំបណ្ដាលឲ្យកើតជំងឺគ្រុនឈាម ឬជំងឺគ្រុនឈីក។
អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត ហូយ វណ្ណារ៉ា មានប្រសាសន៍បញ្ជាក់ថា ក្រុមបច្ចេកទេសសុខាភិបាលបានធ្វើតេស្តឈាមរបស់អ្នកជំងឺគ្រុនក្ដៅមួយចំនួនរួច ហើយមិនឃើញមានរោគសញ្ញាគ្រុនឈីក និងគ្រុនឈាមរាតត្បាតនោះទេ។
លោកបន្តថា ដោយសារតែរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ហេតុនេះអាកាសធាតុប្រែប្រួលធ្វើឲ្យសុខភាពប្រជាពលរដ្ឋច្រើនមានជំងឺគ្រុនផ្កាសសាយធម្មតា មិនមានគ្រោះថ្នាក់អ្វីនោះឡើយ៖ «ខាងសុខាភិបាលយើងបានយកតេស្តយកមកធ្វើជាក់ស្ដែង ហើយសហការជាមួយមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ គ្រុនឈាម។ លោកមកធ្វើហើយ គឺអត់មានទេ មានតែគ្រុនឈាម ហើយគ្រុនឈាមហ្នឹងមានទំហំតូចទេ អត់ធំដូចឆ្នាំ២០០៧ ទេ»។
តួលេខរបស់ក្រុមឆ្លើយតបរហ័សនៃជំងឺឆ្លងនៃមន្ទីរសុខាភិបាលឲ្យដឹងថា ចាប់ពីដើមរដូវធ្លាក់ភ្លៀងរហូតបច្ចុប្បន្នគេរកឃើញមានមេរោគគ្រុនឈាមនៅលើអ្នកជំងឺ ១៦នាក់ ចំណែកមេរោគគ្រុនឈីក មិនឃើញមាននៅឡើយទេ។
យ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋរស់នៅឃុំអូរជុំ ស្រុកអូរជុំ លោក ជុ សាវាត បានកត់សំគាល់ថា ប្រជាពលរដ្ឋ ជាពិសេសកុមារក្នុងភូមិភាគច្រើនកើតមានជំងឺគ្រុនក្ដៅដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាចក្រែងជំងឺគ្រុនឈាម ឬជំងឺគ្រុនឈីករាតត្បាត។
លោកបន្តថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅមានជំនឿសែន ឬបន់ស្រន់អារក្សអ្នកតាកាលណាពួកគេមានជំងឺ ហេតុនេះលោកបារម្ភខ្លាចប្រជាពលរដ្ឋមានគ្រោះថ្នាក់ប្រសិនខេត្តនេះមានជំងឺរាតត្បាតពិតប្រាកដនោះ៖ «ជំងឺច្រើនដែរខែនេះ ពិសេសកូនក្មេងចាប់ពីអាយុមួយឆ្នាំឡើងទាំងប្រុស ទាំងស្រី។ គ្រុនហ្នឹងវាឈឺសាច់ដុំក្ដៅ ដូចគ្រុនចាញ់អ៊ីចឹង ជូនកាលវារាកទៀត។ បងប្អូនធ្វើប្រពៃណីពេក ជឿអារក្សពេក»។
អនុប្រធានមន្ទីរសុខាភិបាលនិងជាអនុប្រធានក្រុមឆ្លើយតបរហ័សជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត អ៊ុង រតនា មានប្រសាសន៍បញ្ជាក់ថា ជំងឺគ្រុនឈីក បណ្ដាលមកពីមូសខ្លាខាំ ប៉ុន្តែមិនបណ្ដាលឲ្យអ្នកជំងឺស្លាប់ដូចជំងឺគ្រុនឈាមនោះឡើយ ចំណែកវិធានការទប់ស្កាត់ជំងឺនេះ គឺប្រជាពលរដ្ឋត្រូវលប់បំបាត់ជម្រកមូសខ្លា ឬដាក់ថ្នាំអាបែត សម្លាប់ដង្កូវទឹកនៅក្នុងអាង ឬពាងស្តុកទឹក។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា៖ «សូមឲ្យបងប្អូនហ្នឹងបង្ការបរិស្ថាន លំនៅឋានឲ្យបានស្អាតបាតទៅ ព្រោះអាហ្នឹងវាឆ្លងដូចគ្រុនឈាមអ៊ីចឹង វាឆ្លងតាមមូស។ យើងបានអប់រំហើយ យើងបានធ្វើជាមួយនឹងកម្ចាត់ជំងឺគ្រុនឈាម យើងធ្វើពីរហ្នឹងស្របគ្នារួចហើយ»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីមន្ទីរសុខាភិបាលខេត្តឲ្យដឹងថា នៅខែសីហា ខាងមុខនេះក្រុមភ្នាក់ងារសុខាភិបាលនឹងចុះដាក់ថ្នាំអាបែត សម្លាប់ដង្កូវទឹកនៅតាមតំបន់គោលដៅមួយចំនួនដូចជាស្រុកបរកែវ អូរយ៉ាដាវ វ៉ឺនសៃ លំផាត់ កូនមុំ និងក្រុងបានលុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
