សប្បុរសជនមួយចំនួនសន្យាថា នឹងបង្កើតរោង និងកន្លែងអង្គុយជូនប្រជាពលរដ្ឋដែលរង់ចាំទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ ពលរដ្ឋដែលមកទទួលសេវាមានការលំបាកជាខ្លាំង និងបានស្នើសុំឲ្យរដ្ឋាភិបាលជួយសម្រួលរៀបចំឱ្យមានកន្លែងជ្រកអង្គុយរង់ចាំ និងសង់បង្គន់អនាម័យសម្រាប់បន្ទោបង់។ ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា បើមានសប្បុរសជនដាក់ពាក្យស្នើសុំសាងសង់ទីតាំងនោះ សាលាក្រុងភ្នំពេញ នឹងអនុញ្ញាត។
បន្ទាប់ពីប្រជាពលរដ្ឋអ្នកជំងឺស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ឱ្យជួយធ្វើកៅអីអង្គុយ និងរោងសម្រាប់ជ្រកក្រោមកម្ដៅថ្ងៃ និងដំណក់ទឹកភ្លៀងដើម្បីរង់ចាំចូលពិនិត្យជំងឺនៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផា នោះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ព្រះតេជព្រះគុណធម្មកថិក សាន សុជា និងសប្បុរសជនមួយចំនួនសន្យាថា នឹងធ្វើជូនតាមសំណើ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានប្រសាសន៍ថា លោកនឹងសិក្សាជុំវិញគម្រោងមួយនេះថា តើនឹងត្រូវចំណាយថវិកាអស់ប៉ុន្មាន ហើយថា តើសាលាក្រុងភ្នំពេញ អនុញ្ញាតដែរ ឬទេ? លោកបន្តថា ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលទាំងនោះ មិនត្រឹមតែមិនមានកន្លែងសម្រាប់ជ្រក បង់ ឬកៅអីអង្គុយនោះទេ គឺថែមទាំងត្រូវការបង្គន់អនាម័យសម្រាប់បន្ទោបង់ និងទឹកស្អាតសម្រាប់ទទួលទានថែមទៀតផង។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ «អត់អីសម្រាប់ជ្រក ប៉ុន្តែពេលគាត់មកអ៊ីចឹង អត់មានបន្ទប់ទឹកសម្រាប់បន្ទោបង់។ ឧទាហរណ៍ កូនគាត់រាកជាដើម និងមិនមានទឹកស្អាតសម្រាប់ទទួលទាន»។
អ្នកជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺមានស្ត្រីកូនខ្ចីទើបសម្រាលរួច មនុស្សចាស់ កុមារា កុមារី កូនង៉ែតទើបកើតជាច្រើន មុននឹងចូលទៅខាងក្នុងមន្ទីរពេទ្យ ត្រូវតែអង្គុយរង់ចាំ គឺតាមរបងនៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចាប់លេខឈរតម្រង់ជួរចូលទៅខាងក្នុងមន្ទីរពេទ្យ។ ប្រជាពលរដ្ឋទាំងនោះមកគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាគច្រើននៃពួកគាត់ គឺមានជីវភាពក្រីក្រ និងជិតក្រ។

ពលរដ្ឋអ្នកជំងឺត្រូវអង្គុយលើការ៉ូឡាដែលប្រឡាក់សុទ្ធតែដី ក្រោមដើមឈើជុំវិញមន្ទីរពេទ្យ និងក្រោមតង់ ៤ ទៅ ៥ផ្ទាំងដែលសរសេរថា "ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន"។
ស្ត្រីកូនខ្ចីម្នាក់ដែលទើបតែសម្រាលកូនបានបីខែ មកពីខេត្តកំពង់ឆ្នាំង និយាយថា បើសិនមានកន្លែងសម្រាប់អង្គុយរង់ចាំ និងរោងជ្រកពិតជាល្អ ព្រោះរាល់អ្នកជំងឺទាំងអស់ត្រូវអង្គុយលើការ៉ូឡាដែលប្រឡាក់ដី ហើយពេលហូបបាយ គឺអង្គុយហូបផ្ទាល់នឹងដីតែម្ដង៖ «បើអត់ភ្លៀង អត់អីទេ ប៉ុន្តែមេឃភ្លៀង ដល់អ៊ីចឹងពិបាកណាស់! កូនក្ដៅខ្លួនផង យ៉ាប់ដែរហ្នឹង»។
លើសពីនេះទៅទៀត ប្រជាពលរដ្ឋទាំងនោះនឹងអាចស្រូបយកធូលីហោះហើរតាមកម្លាំងខ្យល់ដែលបក់ និងស្រូបផ្សែងដែលចេញពីម៉ូតូឡានដែលបើកទៅវិញទៅមកជុំវិញមន្ទីរពេទ្យគន្ធបុប្ផា និងពិបាករកកន្លែងសម្រាប់បន្ទោបង់។ ទោះជាយ៉ាងណាក៏ដោយ ការរង់ចាំនេះ ហាក់មិនធ្វើឲ្យពលរដ្ឋអ្នកជំងឺអាក់អន់ស្រពន់ចិត្តនឹងមន្ទីរពេទ្យគន្ធបុប្ផាទេ។
រីឯស្ត្រីវ័យចំណាស់ម្នាក់ផ្សេងទៀតនិយាយថា ការអង្គុយរង់ចាំក្រោមកម្ដៅថ្ងៃអមនឹងញើសហូរស្រក់ឥតមេត្តានេះ វាពិតជាក្ដៅ ប៉ុន្តែបើមិនអង្គុយរង់ចាំទេ កូនលោកស្រីនឹងស្លាប់។ ចំណុចពិបាកមួយទៀត គឺគាត់មិនមានលុយគ្រប់គ្រាន់សម្រាប់បង់ថ្លៃព្យាបាលកូននៅមន្ទីរពេទ្យឯកជនទេ៖ «គួរតែដាក់តង់ជាជួរសម្រាប់ជ្រកពេលភ្លៀង កុំឱ្យគ្នាពិបាកជ្រកកោនពេលភ្លៀងមកនោះ។ ទម្រាំបានចូលទៅក្នុងពិបាកណាស់ ហើយក្មេងៗវាឈឺ វាគ្រុន វាស្រែយំខ្លាំង»។
ទាក់ទងនឹងសំណើនេះដែរ ធម្មកថិកគង់នៅវត្តសំពៅមាស ព្រះតេជព្រះគុណ សាន សុជា មានថេរដីកាថា ព្រះអង្គនឹងធ្វើការសិក្សាវាស់វែងពីទំហំជុំវិញមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីវាយតម្លៃថា ការសង់រោង និងដាក់បង់ ឬកៅអីជូនពលរដ្ឋសម្រាប់អង្គុយរង់ចាំនៅក្រៅមន្ទីរពេទ្យ អាចចំណាយលុយអស់ប៉ុន្មាន។
ព្រះតេជព្រះគុណ សាន សុជា មានថេរដីកាបន្តថា បើមានវត្តមានអ្នកឧកញ៉ា ម៉ុង ឫទ្ធី សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់អាចចូលរួមជាថវិកា ដើម្បីសង់រោង និងទិញកៅអី ឬបង់ដាក់ជុំវិញមន្ទីរពេទ្យគន្ធបុប្ផា គឺល្អប្រសើរណាស់៖ «សង្ឃឹមថាមានសប្បុរសជននឹងជួយ ប្រសិនបើយើងមានគម្រោងច្បាស់លាស់។ យើងនឹងវាស់ ហើយចែកជាម៉ែត្រ មួយម៉ែត្រមានតម្លៃប៉ុន្មាន»។
ឆ្លើយតបនឹងការលើកឡើងនូវសំណើនេះ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា សាលាក្រុងភ្នំពេញ នឹងពិចារណា បើមានសំណើមកសាលាក្រុងនោះ។ លោកបញ្ជាក់ថា សាលាក្រុងភ្នំពេញ ទទួលបានគម្រោងខ្លះដែរ ហើយសាលាក្រុងភ្នំពេញ កំពុងសិក្សាលើគម្រោងនោះ។
លោកសង្ឃឹមថា ការសិក្សានេះនឹងមានដំណោះស្រាយជូនពលរដ្ឋក្នុងពេលឆាប់ខាងមុខៗ៖ «បើតាមខ្ញុំដឹងមានសប្បុរសជនមួយចំនួនមានគម្រោងចង់ជួយធ្វើរោង ដើម្បីជួយសម្រួលបងប្អូនយើងដើម្បីបានបុណ្យកុសល»។
កសិករម្នាក់ លោក ទូច អ៊ុន មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ យកកូនប្រុសមានអាយុ ៦ឆ្នាំម្នាក់មកចាក់ថ្នាំការពាររលាកស្រោមខួរ និយាយថា ជីវិតកូនរបស់លោកបីនាក់ហើយ ដែលពឹងលើមន្ទីរពេទ្យគន្ធបុប្ផា និងមិនដែលអស់លុយដោយសារការព្យាបាលជំងឺទេ។ មន្ទីរពេទ្យគន្ធបុប្ផា ផ្ដល់សង្ឃឹមយ៉ាងកក់ក្ដៅសម្រាប់រូបលោក ហើយមិនដឹងនិយាយថាម៉េចឱ្យសមនឹងគុណបំណាច់នេះទេ។
ទោះយ៉ាងណា លោកថា ការមករកសេវាព្យាបាលនៅមន្ទីរពេទ្យនេះ ក៏មានផលវិបាកដែរ ដោយសារគ្មានកន្លែងសម្រាប់អង្គុយរង់ចាំ និងគ្មានបន្ទប់ទឹកសម្រាប់បត់ជើងតូចជើងធំទេ៖ «កុំឱ្យក្មេងថ្ងៃមុខថ្ងៃក្រោយឈឺទៀត។ ធ្វើកន្លែងឱ្យត្រជាក់ត្រជំ ធ្វើម៉េចឱ្យទំនង។ ទាំងគេទាំងខ្ញុំឱ្យតែមកឈរចុកជើង ចុកចង្កេះ ឈឺបត់ដៃបត់ជើងដើរទៅខ្លាចគេយកកន្លែង»។
មាត្រា ៧២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ។ ប្រជារាស្ត្រក្រីក្រត្រូវបានទទួលពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។ រីឯមាត្រា ៧៣ ចែងថា រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំឲ្យមានទារកដ្ឋាន និងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង។
របាយការណ៍ធនាគារពិភពលោក (World Bank) បង្ហាញថា ប្រជាជនកម្ពុជា មានប្រមាណជាង ១៥លាននាក់។ ប្រជាជនជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង ៨លាននាក់ មានជីវភាពជិតក្រ។ របាយការណ៍ដដែលបង្ហាញថា កុមារកម្ពុជា ប្រហែល ៤២% ដែលមានអាយុក្រោម ៥ឆ្នាំ គឺកង្វះអាហារូបត្ថម្ភ ហើយពាក់កណ្ដាលនៃប្រជាជនកម្ពុជា មិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។
ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផា លោក មាស សារិទ្ធ មានប្រសាសន៍ថា បើសិនមានសប្បុរសជន និងសាលាក្រុងសង់រោងសម្រាប់ជ្រកកម្ដៅថ្ងៃ និងដំណក់ទឹក កៅអី ឬបង់សម្រាប់អង្គុយគឺល្អប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ យ៉ាងណាក៏ដោយ លោកនិយាយថា បើសិនមានរោង និងបង់សម្រាប់អង្គុយមែននោះ សូមអាជ្ញាធរជួយឃ្លាំមើលពីបញ្ហាអសន្តិសុខជូនមន្ទីរពេទ្យផង៖ «យើងគួរសិក្សាទាំងអស់គ្នា។ សប្បុរសជនមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យយើងខ្ញុំ»។
បន្ទាប់ពីប្រធាន និងស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) ប្រកាសស្វែងរកជំនួយពីរដ្ឋាភិបាលកម្ពុជា គេសង្កេតឃើញថា មានការចូលរួមពីប្រជាពលរដ្ឋមួយចំនួន មានជាអាទិ៍ អ្នកស្រី ហ៊ុន ម៉ាណា ជួយឧបត្ថម្ភ ១លានដុល្លារ ក្រុមហ៊ុន ប្រេង តេលា កម្ពុជា ឧបត្ថម្ភជាង ១៣០លាន (១.៣៧១.៧៣៩.៦០០) រៀល ព្រះគុណម្ចាស់ សាន សុជា រៃអង្គាសជួយ ៣ម៉ឺនដុល្លារ និងលុយសពលោកយាយ ជា ម៉េងវួច ជាង ២ម៉ឺន (២៥.៥៦៨) ដុល្លារ ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងសប្បុរសជនមួយចំនួនទៀត ស្របពេលដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសផ្ដល់ជំនួយចំនួន ២លានដុល្លារ បន្ថែមលើការផ្ដល់ប្រាប់ឧបត្ថម្ភប្រចាំឆ្នាំជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋលើកឡើងថា រដ្ឋាភិបាលគួរជួយសម្រួល និងយកចិត្តទុកដាក់ចំពោះសំណើរបស់ពលរដ្ឋស្ដីពីការធ្វើរោងសម្រាប់ជ្រក បង់ ឬកៅអីសម្រាប់អង្គុយ បង្គន់អនាម័យ និងទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើនៅពេលមកអង្គុយរង់ចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយជៀសវាងពាក្យថា "ចេះតែថា តែមិនធ្វើ" ព្រោះរដូវនេះជារដូវវស្សា ពេលមានភ្លៀងធ្លាក់ម្តងៗ គឺមិនមានកន្លែងសម្រាប់ប្រជាពលរដ្ឋអ្នកជំងឺជ្រកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
