មន្ត្រីកាំកុងត្រូល និងសុខាភិបាល ខេត្តឧត្តរមានជ័យ បានយកម្ហូបអាហារ និងទឹកខ្លះពីកន្លែងពិធីមង្គលការមួយ ផ្ញើទៅពិនិត្យនៅទីក្រុងភ្នំពេញ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា តើនៅក្នុងវត្ថុទាំងនោះមានសារធាតុពុលដែរ ឬយ៉ាងណា?
ការស្វែងរកលទ្ធផលតាមការវិភាគនេះ បន្ទាប់ពីក្រុមអ្នកភូមិរាប់សិបនាក់ បានប៉ះពាល់ដល់សុខភាពភ្លាមៗ បន្ទាប់ពីពួកគេបានបរិភោគចំណីក្នុងមង្គលការនោះ។
ប្រភពពីមន្ទីរពេទ្យខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មនុស្សជាង ៧០នាក់ នៅក្នុងភូមិបុសស្បូវ នៃសង្កាត់បុសស្បូវ ក្រុងសំរោង បានកើតមានអាការៈរាករូស ក្អួតចង្អោរ និងវិលមុខ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី១៣ រហូតដល់ព្រឹកថ្ងៃទី១៤ ខែឧសភា។
អ្នកភូមិដែលមានសុខភាពខុសប្រក្រតីទាំងនេះ បន្ទាប់ពីបានចូលរួម និងពិសារម្ហូបនៅក្នុងពិធីមង្គលការមួយក្នុងភូមិរបស់គេរួចមក។
ប្រធានមន្ទីរពេទ្យខេត្តឧត្តរមានជ័យ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី១៤ ខែឧសភា ថា មន្ត្រីសុខាភិបាលរបស់លោកបានទទួលព្យាបាលអ្នកភូមិស្រីប្រុស និងកុមារចំនួន ៧៣នាក់ ចាប់តាំងតែពីល្ងាចថ្ងៃទី១៣ រហូតមកដល់ពេលនេះ។
ប្រធានមន្ទីរពេទ្យដដែល បានបញ្ជាក់ថា តាមការពិនិត្យលើអាការៈអ្នកភូមិទាំងនោះ ទំនងជាពុលចំណីអាហារ៖ «ខាងកាំកុងត្រូលម្សិលមិញហ្នឹង គាត់បានយកចំណីអាហារ ហើយនិងទឹក យកទៅពិនិត្យក្រោមការបញ្ជាពីឯកឧត្តមអភិបាលរងខេត្ត ហើយខាងសុខាភិបាល យើងបានធ្វើការងារមួយដែរ គឺយកទឹកយកអាហារហ្នឹង ហើយនិងយកលាមក យកត្បារទៅពិនិត្យ។ លទ្ធផលវាឥឡូវហ្នឹង យើងអត់ទាន់ដឹងទេ»។
អាជ្ញាធរប្រចាំមូលដ្ឋាន បានរកឃើញថា នៅក្នុងពិធីមង្គលការនោះ គឺក្រុមចុងភៅបានយកចានដែកធំមួយដែលគេសង្ស័យថាមានជាតិពុល ទៅប្រើប្រាស់សម្រាប់ធ្វើម្ហូប។
ចៅសង្កាត់បុសស្បូវ លោក ខ្លូត យុត បានមានប្រសាសន៍ថា មានចានដែកធំមួយដែលគេធ្លាប់តែត្រាំដើមដំឡូងមី ត្រូវបានអ្នកធ្វើម្ហូបយកទៅប្រើប្រាស់ ក្នុងការធ្វើញាំឱ្យភ្ញៀវទទួលទាន។
ចំណែកអភិបាលក្រុងសំរោង លោក ថុន ណុល បានបង្ហាញការសង្ស័យប្រហាក់ប្រហែលគ្នានេះដោយថាលោកសង្ស័យទៅលើវត្ថុពីរយ៉ាង៖ «ឆ្នាំងដែលគេយកដាក់ទឹកមកសម្រាប់យកមកលាងបន្លែហ្នឹង ពីមុនមកវាមាន១គ្រួសារ គេយកទៅត្រាំដើមដំឡូងមី សម្រាប់យកទៅដាំ មិនដឹងថា តើវាមានយ៉ាងម៉េចៗ។ ឥឡូវខាងសមត្ថកិច្ច គេកំពុងពិនិត្យហើយ។ សន្និដ្ឋានប្រហែលជាអាហ្នឹងមួយ ហើយទាក់ទងនឹងបន្លែដែលលាងហើយនោះ យកមកទទួលទាន»។
មន្ត្រីមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ឱ្យដឹងថា ចាប់តាំងតែពីល្ងាចថ្ងៃទី១៣ រហូតដល់ម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែឧសភា នៅតែមានអ្នកភូមិបុសស្បូវ ដែលកើតជំងឺរាក ក្អួត និងវិលមុខ បញ្ជូនមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ ក៏ប៉ុន្តែ ចាប់ពីរសៀលថ្ងៃអង្គារ គឺពុំមានអ្នកភូមិណាកើតមានអាការៈដូចនេះទៀតទេ។
ប្រធានមន្ទីរពេទ្យ លោក ឃ្លោក ហួត បានបញ្ជាក់ថា ក្នុងចំណោមអ្នកភូមិចំនួន ៧៣នាក់ ដែលគ្រូពេទ្យទទួលព្យាបាល គឺភាគច្រើនមានសុខភាពប្រសើរ អាចវិលទៅផ្ទះវិញ ក៏ប៉ុន្តែនៅសល់មនុស្ស ១០នាក់ ក្នុងចំណោមនោះ នៅមានស្ថានភាពធ្ងន់ធ្ងរជាងគេនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
