អ្នក​ភូមិ​ជាង​៧០​នាក់​ពុល​អាហារ​ក្នុង​ពិធី​មង្គល​ការ​មួយ​នៅ​ឧត្ដរមានជ័យ

0:00 / 0:00

មន្ត្រី​កាំកុងត្រូល និង​សុខាភិបាល ខេត្ត​ឧត្តរមានជ័យ បាន​យក​ម្ហូប​អាហារ និង​ទឹក​ខ្លះ​ពី​កន្លែង​ពិធី​មង្គល​ការ​មួយ ផ្ញើ​ទៅ​ពិនិត្យ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​នៅ​ក្នុង​វត្ថុ​ទាំង​នោះ​មាន​សារធាតុ​ពុល​ដែរ ឬ​យ៉ាង​ណា?

ការ​ស្វែង​រក​លទ្ធផល​តាម​ការ​វិភាគ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​រាប់​សិប​នាក់ បាន​ប៉ះពាល់​ដល់​សុខភាព​ភ្លាមៗ បន្ទាប់​ពី​ពួក​គេ​បាន​បរិភោគ​ចំណី​ក្នុង​មង្គល​ការ​នោះ។

ប្រភព​ពី​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា មនុស្ស​ជាង ៧០​នាក់ នៅ​ក្នុង​ភូមិ​បុសស្បូវ នៃ​សង្កាត់​បុសស្បូវ ក្រុង​សំរោង បាន​កើត​មាន​អាការៈ​រាករូស ក្អួត​ចង្អោរ និង​វិល​មុខ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី១៣ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១៤ ខែ​ឧសភា។

អ្នក​ភូមិ​ដែល​មាន​សុខភាព​ខុស​ប្រក្រតី​ទាំង​នេះ បន្ទាប់​ពី​បាន​ចូលរួម និង​ពិសារ​ម្ហូប​នៅ​ក្នុង​ពិធី​មង្គល​ការ​មួយ​ក្នុង​ភូមិ​របស់​គេ​រួច​មក។

ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី១៤ ខែ​ឧសភា ថា មន្ត្រី​សុខាភិបាល​របស់​លោក​បាន​ទទួល​ព្យាបាល​អ្នក​ភូមិ​ស្រី​ប្រុស និង​កុមារ​ចំនួន ៧៣​នាក់ ចាប់​តាំង​តែ​ពី​ល្ងាច​ថ្ងៃ​ទី១៣ រហូត​មក​ដល់​ពេល​នេះ។

ប្រធាន​មន្ទីរពេទ្យ​ដដែល បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​លើ​អាការៈ​អ្នក​ភូមិ​ទាំង​នោះ ទំនង​ជា​ពុល​ចំណី​អាហារ៖ «ខាង​កាំកុងត្រូល​ម្សិលមិញ​ហ្នឹង គាត់​បាន​យក​ចំណី​អាហារ ហើយ​និង​ទឹក យក​ទៅ​ពិនិត្យ​ក្រោម​ការ​បញ្ជា​ពី​ឯកឧត្តម​អភិបាល​រង​ខេត្ត ហើយ​ខាង​សុខាភិបាល យើង​បាន​ធ្វើ​ការងារ​មួយ​ដែរ គឺ​យក​ទឹក​យក​អាហារ​ហ្នឹង ហើយ​និង​យក​លាមក យក​ត្បារ​ទៅ​ពិនិត្យ។ លទ្ធផល​វា​ឥឡូវ​ហ្នឹង យើង​អត់​ទាន់​ដឹង​ទេ»

អាជ្ញាធរ​ប្រចាំ​មូលដ្ឋាន បាន​រក​ឃើញ​ថា នៅ​ក្នុង​ពិធី​មង្គល​ការ​នោះ គឺ​ក្រុម​ចុងភៅ​បាន​យក​ចាន​ដែក​ធំ​មួយ​ដែល​គេ​សង្ស័យ​ថា​មាន​ជាតិ​ពុល ទៅ​ប្រើប្រាស់​សម្រាប់​ធ្វើ​ម្ហូប។

ចៅ​សង្កាត់​បុសស្បូវ លោក ខ្លូត យុត បាន​មាន​ប្រសាសន៍​ថា មាន​ចាន​ដែក​ធំ​មួយ​ដែល​គេ​ធ្លាប់​តែ​ត្រាំ​ដើម​ដំឡូងមី ត្រូវ​បាន​អ្នក​ធ្វើ​ម្ហូប​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​ធ្វើ​ញាំ​ឱ្យ​ភ្ញៀវ​ទទួល​ទាន។

ចំណែក​អភិបាល​ក្រុង​សំរោង លោក ថុន ណុល បាន​បង្ហាញ​ការ​សង្ស័យ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដោយ​ថា​លោក​សង្ស័យ​ទៅ​លើ​វត្ថុ​ពីរ​យ៉ាង៖ «ឆ្នាំង​ដែល​គេ​យក​ដាក់​ទឹក​មក​សម្រាប់​យក​មក​លាង​បន្លែ​ហ្នឹង ពី​មុន​មក​វា​មាន​១​គ្រួសារ គេ​យក​ទៅ​ត្រាំ​ដើម​ដំឡូងមី សម្រាប់​យក​ទៅ​ដាំ មិន​ដឹង​ថា តើ​វា​មាន​យ៉ាង​ម៉េចៗ។ ឥឡូវ​ខាង​សមត្ថកិច្ច គេ​កំពុង​ពិនិត្យ​ហើយ។ សន្និដ្ឋាន​ប្រហែល​ជា​អា​ហ្នឹង​មួយ ហើយ​ទាក់ទង​នឹង​បន្លែ​ដែល​លាង​ហើយ​នោះ យក​មក​ទទួល​ទាន»

មន្ត្រី​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​ល្ងាច​ថ្ងៃ​ទី១៣ រហូត​ដល់​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី១៤ ខែ​ឧសភា នៅ​តែ​មាន​អ្នក​ភូមិ​បុសស្បូវ ដែល​កើត​ជំងឺ​រាក ក្អួត និង​វិល​មុខ បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ ចាប់​ពី​រសៀល​ថ្ងៃ​អង្គារ គឺ​ពុំ​មាន​អ្នក​ភូមិ​ណា​កើត​មាន​អាការៈ​ដូច​នេះ​ទៀត​ទេ។

ប្រធាន​មន្ទីរពេទ្យ លោក ឃ្លោក ហួត បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ភូមិ​ចំនួន ៧៣​នាក់ ដែល​គ្រូពេទ្យ​ទទួល​ព្យាបាល គឺ​ភាគ​ច្រើន​មាន​សុខភាព​ប្រសើរ អាច​វិល​ទៅ​ផ្ទះ​វិញ ក៏ប៉ុន្តែ​នៅ​សល់​មនុស្ស ១០​នាក់ ក្នុង​ចំណោម​នោះ នៅ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។