បញ្ហា​ចម្រូងចម្រាស​អំពី​សារធាតុ​អាស៊ីដ​ក្នុង​ទឹក​​ពិសា​តាម​បណ្ដាញ​សង្គម

0:00 / 0:00

ក្រោយ​ការ​ចេញ​វីដេអូ​ស្ដីពី​ការ​វិភាគ ប៉េ.ហាស (pH) ពី​សារធាតុ​អាស៊ីត និង​បាស ក្នុង​ទឹក​បរិសុទ្ធ​មួយ​ចំនួន​ដែល​មាន​នៅ​លើ​ទីផ្សារ​កម្ពុជា ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រួច​មក មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​ចោទ​ជា​សំណួរ​ថា តើ​អ្វី​ជា ប៉ែ.ហាស នៅ​ក្នុង​ទឹក​នោះ? ហើយ​ថា តើ​ទឹក​ណា​ខ្លះ​អាច​ពិសា​បាន មិន​ប៉ះពាល់​ដល់​សុខភាព?

ប៉េ.ហាស ជា​ភាសា​បារាំង ដែល​ជំនួស​អោយ​ពាក្យ​ពេញ​ថា ប៉ូតង់ស្យែល អ៊ីដ្យូសែន (Potential Hydrogen)។ ប្រធាន​ដេប៉ាតឺម៉ង់​គីមី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​គណៈកម្មការ​ស្តង់ដារ​កម្ពុជា លោក ជ័យ ថាវី បាន​អោយ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​ថា នៅ​ក្នុង​គីមីវិទ្យា ប៉េ.ហាស ប្រើ​សម្រាប់​វាស់​សូលុយស្យុង​អាស៊ីដ សូលុយស្យុង​ណឺត សូលុយស្យុង​បាស។ ការ​វាស់​នេះ គិត​ចាប់​ពី​លេខ ០ (សូន្យ) ដល់​លេខ ១៤ (ដប់​បួន)។

លោក​ពន្យល់​បន្ថែម​ដូច្នេះ៖ «ហើយ​សម្រាប់​ក្មេង​ថ្នាក់​ទី​១២ គឺ​គេ​គណនា​កំហាប់​សូលុយស្យុង​អ៊ីដ្រូញូម គណនា​កំហាប់​សូលុយស្យុង​អូហាក់ដក។ សូលុយស្យុង​ហ្នឹង និយាយ​អោយ​ចំ គឺ​ជា​អង្គធាតុ​រាវ ដែល​មាន​ទឹកជា​ធាតុ​រំលាយ»

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ទឹក​បរិភោគ​អាច​មាន​កម្រិត ប៉េ.ហាស ពី ៦.៥ ទៅ ៨.៥។ ដោយ​ឡែក​សម្រាប់​ទឹក​ក្រូច​ឆ្មារ ដែល​មាន​រសជាតិ​ជូរ អាច​មាន ប៉េ.ហាស ចន្លោះ​កម្រិត ២.២។

មន្ត្រី​ត្រួតពិនិត្យ​គុណភាព​ក្រុមហ៊ុន​ផលិត​អាហារ​មួយ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) និង​ជា​បណ្ឌិត​ផ្នែក​ស្រាវជ្រាវ​ចំណី​អាហារ​នៅ​ប្រទេស​អូស្ត្រាលី លោក ខឹម សារឹម បាន​បញ្ជាក់​ថា ប៉េ.ហាស គ្រាន់​តែ​អាច​បង្ហាញ​ពី​អង្គធាតុ​ចង្អុល​ពណ៌ ថា​មាន​អាស៊ីដ បាស ឬ​ណឺត ប៉ុន្តែ​វា​គ្មាន​ទំនាក់ទំនង និង​មិន​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។

ជាក់ស្ដែង នៅ​ក្នុង​ពពួក​ផ្លែឈើ ដែល​មាន​វីតាមីន​សេ គឺ​តែ​មាន​ជាតិ​ជូរ គឺ​តែង​តែ​មាន​ជាតិ​អាស៊ីដ​ខ្លាំង តែ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ៖ «ប្រសិនបើ​យើង​និយាយ​ពី​ស្តង់ដារ​ម្ហូប​អាហារ គេ​កំណត់​តែម្ដង។ ម្ហូប​ជូរ ប៉េ.ហាស ត្រូវ​មាន​កម្រិត​មួយ​ត្រឹម ៤ ក្រោម ៤ ហ្នឹង បាន​វា​មាន​សុវត្ថិភាព។ អ៊ីចឹង​លក្ខណៈ​អាស៊ីដ​ហ្នឹង ជួនកាល​វា​អាច​ជួយ​ការពារ​ម្ហូប​យើង​កុំ​អោយ​ពុល»

យ៉ាងណាមិញ លោក​សាស្ត្រាចារ្យ ជ័យ ថាវី បាន​បញ្ជាក់​ផង​ដែរ​ថា ទឹក​ពិសា​បរិសុទ្ធ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​បរិភោគ​នោះ គឺ​អាច​សម្គាល់​តាម​រយៈ​និមិត្តសញ្ញា​ស្តង់ដារ នៅ​លើ​សំបក​ផលិតផល ឬ​ហៅ​ថា ឡាប៊ែល (Label) ដូចជា​និមិត្តសញ្ញា​ស្តង់ដារ​កម្ពុជា ដែល​មាន​សញ្ញា​អក្សរ ស៊ី.អេស (CS) ដែល​ទទួល​ស្គាល់​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ឬ​និមិត្តសញ្ញា​អង្គការ​ស្តង់ដារ​អន្តរជាតិ ដែល​មាន​សញ្ញា​សម្គាល់​អក្សរ អាយ.អេស.អូ (ISO)។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ជ័យ ថាវី បាន​អោយ​ដឹង​ដែរ​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​សិប្បកម្ម​ទឹក​បរិសុទ្ធ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ៣.០០០​ក្រុមហ៊ុន គឺ​មាន​តែ ១.០០០​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​បាន​សុំ​សិទ្ធិ​ត្រឹមត្រូវ មាន​អាជ្ញាប័ណ្ណ និង​បាន​ទទួល​សញ្ញាប័ត្រ​ស្តង់ដារ​កម្ពុជា ពី​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា។ ចំពោះ​ស្ថាប័ន​ដែល​មិនបាន​សុំ​ការ​អនុញ្ញាត នឹង​ត្រូវ​ពិន័យ​ដាក់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។