ស្ត្រីអ្នកភូមិឈ្មោះ អ៊ីម ស៊ីណាត អាយុជាង ៤០ ជាប្រជាពលរដ្ឋនៅភូមិព្រៃគ្រីខាងត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ដែលត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ គាត់បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ មេសា អ្នកជិតខាងគាត់ម្នាក់ឈ្មោះ ខែង សំអាត បានបាចស្រះឈូករបស់គាត់បានត្រីក្រពត ប្រមាណ ១០គីឡូក្រាម។ ខែង សំអាត ក៏បានចែកត្រីកំពត មួយចំនួនឲ្យគាត់ និងអ្នកភូមិដើម្បីធ្វើម្ហូប។ ជាមួយគ្នានោះគាត់ក៏បានអង្គុយហូបត្រីក្រពត អស់ចំនួន ៣ ដែលឈ្មោះ ខែង សំអាត បានចំហុយ ហើយបានអញ្ជើញគាត់ហូប។ ប្រហែលមួយម៉ោងក្រោយមក ស្រាប់តែគាត់ទទួលអារម្មណ៍ធីងធោង រួចក្អួតចង្អោរយ៉ាងខ្លាំង។ គ្រួសារក៏បានដឹកគាត់មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្ដង។
ប្រភពពីអាជ្ញាធរភូមិបានឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណ ២០នាក់ បានពុលដោយសារការហូបត្រីក្រពតដែលឈ្មោះ ខែង សំអាត ចាប់បានពីការបាចស្រះឈូករបស់គាត់។ ប្រភពដដែលក៏បានឲ្យដឹងដែរថា អ្នកភូមិ ២នាក់ បានស្លាប់នៅពេលបញ្ជូនដល់មណ្ឌលសុខភាពស្រុកជលគីរី។
បុរសអ្នកភូមិទាំង ២នាក់ ដែលស្លាប់នោះមានឈ្មោះ ខែង សំអាត អាយុ ៤៨ឆ្នាំ ជាម្ចាស់ស្រះឈូកដែលបាចបានត្រីកំពត និងអ្នកភូមិម្នាក់ទៀតឈ្មោះ ឈាន ឈី អាយុ ៤៨ឆ្នាំដែរ ជាក្លើម្រាក់របស់ឈ្មោះ ខែង សំអាត។
ប្រភពពីអាជ្ញាធរស្រុកបានឲ្យដឹងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២០ មេសា ថា មានអ្នកពុលធ្ងន់ដោយសារហូបត្រីក្រពតចំនួន ១៥នាក់ ត្រូវបានសង្គ្រោះរួចផុតពីការពុល ហើយខ្លះបានវិលត្រឡប់ទៅផ្ទះសំបែងវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
