ប៉ូលិស​សម្រេច​មិន​ចោទ​ប្រកាន់​គ្រូពេទ្យ​ធំ​ករណី​ជួញដូរ​ក្រលៀន

ដោយ ទេព សុរ៉ាវី
2014.08.12

នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា​មាន​ករណី​ជួញដូរ​ក្រលៀន​មនុស្ស ចំនួន​១០​គូ​នៅ​កម្ពុជា ប៉ុន្តែ​ជា​ការ​ស្ម័គ្រចិត្ត​បរិច្ចាគ​ក្រលៀន​របស់​សាមីខ្លួន ទៅ​ឲ្យ​អ្នកជំងឺ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ឬ​បោក​បញ្ឆោត​ណា​មួយ​ឡើយ​។ ម្យ៉ាង​ការវះកាត់​ផ្លាស់​ប្ដូរ​ប្រ​លៀន​នេះ គឺ​គ្រូពេទ្យ​ចិន​ធ្វើឡើង ក្នុងនាម​ជា​មនុស្សធម៌ និង​ជា​ការ​អភិវឌ្ឍន៍​បច្ចេកទេស​វិទ្យាសាស្ត្រ ជូន​ដល់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ឬ​ហៅថា​ពេទ្យ​ធំ ដើម្បី​ឲ្យ​គ្រូពេទ្យ​ខ្មែរ មាន​ជំនាញ​វះកាត់​ក្រលៀន​ទៅ​ថ្ងៃ​អនាគត។

បន្ទាប់ពី​មានការ​ស៊ើបអង្កេត រយៈពេល​២​ថ្ងៃ​មក ទីបំផុត​សមត្ថកិច្ច​នគរបាល​នៃ​ក្រសួងមហាផ្ទៃ សម្រេច​ដោះលែង​ជនសង្ស័យ​៧​នាក់ ឲ្យ​មាន​សេរីភាព បន្ទាប់ពី​រក​ឃើញ​ថា​ការដោះដូរ​ក្រលៀន មនុស្ស​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​ជា​ការ​ស្ម័គ្រចិត្ត។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​រសៀល​ថ្ងៃ​ទី​១១ សីហា ស្នង​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ព្រុំ សន្ធរ ទទួល​ស្គាល់​ថា មាន​ករណី​ជួញដូរ​ក្រលៀន​មនុស្ស​១០​គូ ដែល​កើតឡើង​នៅ​មន្ទីរ ពេទ្យ​ព្រះ​កេតុមាលា ហើយ​ករណី​នេះ​គឺ​កើតឡើង​ទៅលើ​ជនជាតិ​វៀតណាម ដែល​មក​កម្ពុជា​ដើម្បី ទទួល​សេវា​វះកាត់ ដែល​ខាង​មន្ទីរពេទ្យ មាន​គ្រូពេទ្យ​ចិន​ម្នាក់​ជំនាញ​លើ​ផ្នែក​វះកាត់​នេះ។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ច្បាស់លាស់​ពី​ករណី​នេះ ហើយ​ជា​លទ្ធផល​រក​ឃើញ​ថា ការដោះដូរ​ក្រលៀន​នោះ ធ្វើឡើង​ក្នុង​ន័យ​មនុស្សធម៌ មានការ​ស្ម័គ្រចិត្ត​រៀង​ៗ​ខ្លួន និង​បាន​ព្រម ព្រាង​គ្នា​ច្បាស់ លាស់ ដោយ​មិន​មាន​ការ​បង្ខិតបង្ខំ ឬ​លក់ដូរ​ជា​ប្រាក់​កាក់​នោះ​ទេ។

«សំឡេង»

ករណី​សង្ស័យ​មានការ​ជួញដូរ​ក្រលៀន​មនុស្ស​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ឧត្ដមសេនីយ៍​ឯក លី សុវណ្ណ ជា​ប្រធាន​មន្ទីរពេទ្យ​ព្រះ​កេតុមាលា និង​លោក​ឧត្ដមសេនីយ៍​ទោ កែវ រ៉ាវុទ្ធ ជា​អនុប្រធាន មន្ទីរពេទ្យ​និង​មនុស្ស​៤​នាក់​ទៀត រួមមាន​គ្រូពេទ្យ​ចិន​ម្នាក់ អ្នក​បក​ប្រែ​ម្នាក់ និង​ជនជាតិ​វៀតណាម ចំនួន​៣​នាក់។ លោក ព្រុំ សន្ធរ អះអាង​ថា ពួកគេ​ទាំង​៧​នាក់​នោះ ត្រូវ​បាន​ដោះលែង ដោយ​មិន​ជាប់ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ទេ។ ប៉ុន្តែ​ជា​ការ​ងារ​ក្នុង​ន័យ​មនុស្សធម៌ និង​អភិវឌ្ឍន៍​បច្ចេកទេស ពេទ្យ។

យ៉ាងណា​មន្ត្រី​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត គិត​ថា​សមត្ថកិច្ច​មិន​គួរ​ណា ប្រញាប់ប្រញាល់ ធ្វើការ​សន្និដ្ឋាន​លឿន​ពេក ចំពោះ​ករណី​ជួញដូរ​សរីរាង្គ​នេះ​ទេ ខណៈ​ដែល​នៅ លើ​ពិភពលោក កំពុងតែ​ព្យាយាម​បំបាត់ចោល នូវ​ការ​ជួញ​ដូរ​សរីរាង្គ​នេះ​។ ពិសេស​ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោក​គិត​ថា​ករណី​នេះ​នៅ​មាន​មន្ទិល​ច្រើន មាន​អាថ៌កំបាំង​ដោយ​សារតែ​កើតឡើង​ចំ​ទៅលើ​មន្ទីរ ពេទ្យ​ព្រះ​កេតុមាលា ដែល​ជា​ពេទ្យ​ទាហាន។ លោក​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ស៊ើបអង្កេត​ករណី​ឲ្យ​ច្បាស់លាស់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​ការដោះដូរ​ក្រលៀន​នេះ។

«សំឡេង»

មេធាវី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក គង់ ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ច្បាប់​នៅ​កម្ពុជា គឺ​ហាម​វះកាត់​យក​សរីរាង្គ​ខាងក្នុង​របស់​មនុស្ស រួមមាន​បេះដូង​ឬ​ក្រលៀន​ជាដើម បើ​ទោះ​បី​ជា​បុគ្គល នោះ​ស្លាប់​ក៏ដោយ​។ លោក​ពន្យល់​ថា​ទោះបី​មានការ​ព្រមព្រៀងគ្នា ពី​សាមីខ្លួន​ក៏​ការដោះដូរ​នោះ ត្រូវ​ធ្វើ​ឡើយ​ដោយ​តម្លាភាព ឧទាហរណ៍​ថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាង​មន្ទីរពេទ្យ ឲ្យ​យោបល់​ថា គាត់​មិន​អាច​រស់​បាន ដូច្នេះ​មាន​ក្រុមប្រឹក្សា​មួយ​ពិភាក្សា​ជាមួយ​គ្រួសារ សម្រាប់​ជួយ​អ្នកជំងឺ​ផ្សេងទៀត ដែល​ត្រូវការ​ដោះដូរ​សរីរាង្គ​ចាំបាច់។

លោក​មេធាវី គង់ ពិសី គូស​បញ្ជាក់​ថា​កម្ពុជា​មាន​ច្បាប់​ការពារ​ចំពោះ​សាកសព។ ចំណែក​ទោស ទណ្ឌ​នៃ​ការវះកាត់​លក់ដូរ​សរីរាង្គ​របស់​មនុស្ស គឺជា​បទ​មជ្ឈឹម ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​៦​ខែ ដល់​៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។