មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះពិនិត្យគុណភាព និងកាលបរិច្ឆេទនៃការប្រើប្រាស់មុខទំនិញអាហារហូបចុក ឬនំចំណី ដែលលក់ដូរតាមសាលារៀនមួយចំនួន ដើម្បីរួមចំណែកថែរក្សាសុខភាពកុមារ។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល ស្នើឲ្យមន្ត្រីជំនាញកាំកុងត្រូល ត្រូវបន្តរឹតបន្តឹង និងដាក់ពិន័យចំពោះអាជីវករ ឬអ្នកលក់ដូរនំចំណី និងបន្លែត្រីសាច់មានសារធាតុគីមី ឬគ្មានកាលបរិច្ឆេទប្រើប្រាស់ ជាដើម។
យុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញ ឬកាលបរិច្ឆេទលើចំណីអាហារដែលដាក់លក់នៅតាមសាលារៀន របស់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា កើតឡើងក្រោយពេលមានសិស្សសាលា ឬកុមារតូចៗមួយចំនួននៅតាមខេត្តខ្លះ បានពុលចំណីអាហារដែលនាំចូលពីក្រៅប្រទេសដោយគ្មានគុណភាព ឬហួសកំណត់ប្រើប្រាស់រួចមក។
ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា យុទ្ធនាការនេះ មន្ត្រីជំនាញរបស់លោក បានបែងចែកគោលដៅចុះត្រួតពិនិត្យនៅតាមសាលារៀនទាំងក្នុងទីប្រជុំជន និងសាលានៅតាមស្រុកនានា ជាដើម។ យុទ្ធនាការនេះ ក៏បានស្នើឲ្យអ្នកគ្រប់គ្រង ឬលោកគ្រូអ្នកគ្រូនៅតាមសាលារៀននីមួយៗ ចូលរួមសហការជាមួយស្ថាប័នកាំកុងត្រូលដោយមិនត្រូវឲ្យមានទំនិញ ឬនំចំណីគ្មានកាលបរិច្ឆេទ ឬហួសកាលបរិច្ឆេទប្រើប្រាស់ មានដាក់លក់តាមសាលារៀនទៀតទេ។
លោក ស៊ីណេត បន្ថែមថា យុទ្ធនាការត្រួតពិនិត្យទំនិញខូចគុណភាពនៅតាមសាលាពេលនេះ មន្ត្រីជំនាញរបស់លោក នឹងចុះអនុវត្តជាប្រចាំដូចភ្លៀងរលឹម បន្ថែមលើការចុះពិនិត្យទំនិញ ឬចំណីត្រីសាច់ដែលគេដាក់លក់នៅលើទីផ្សារ ឬផ្សារទំនើប ជាដើម។
យុទ្ធនាការនេះទទួលបានការសាទរ និងគាំទ្រពីនាយកសាលា គ្រូបង្រៀន អាណាព្យាបាល និងមន្ត្រីសង្គមស៊ីវិលជាដើមនាខេត្តព្រះសីហនុ។
នាយិកាសាលាបឋមសិក្សា ជា ស៊ីម ខេត្តព្រះសីហនុ អ្នកស្រី ឆេង ផាត បានបង្ហាញការគាំទ្រ និងសហការជាមួយមន្ត្រីកាំកុងត្រូល នៅពេលក្រុមមន្ត្រីស្ថាប័ននេះបានចុះធ្វើការងារ ឬណែនាំអ្នកលក់នំចំណីដល់បរិវេណសាលារបស់ខ្លួន។ នាឱកាសនោះ អ្នកស្រីក៏បានផ្តល់ឱកាសឲ្យមន្ត្រីកាំកុងត្រូល ធ្វើបទបង្ហាញអំពីផលអវិជ្ជមាន និងផលប៉ះពាល់សុខភាព ជូនលោកគ្រូអ្នកគ្រូដើម្បីជួយផ្សព្វផ្សាយបន្ត។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ស៊ិន សុផន ដែលបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនំចំណី ឬមុខទំនិញផ្សេងៗ ដែលដាក់លក់ក្នុងបរិវេណសាលាបឋមសិក្សា ជា ស៊ីម ក៏បានសំណូមពរដល់ក្រុមអាជីវករ ឬអាណាព្យាបាល ពិសេសគ្រូបង្រៀន ត្រូវយកចិត្តទុកដាក់ទៅលើគុណភាពអាហារហូបចុក ឬនំចំណីនៅតាមសាលារៀងៗខ្លួន ដើម្បីរក្សាសុខភាពកូនចៅនាថ្ងៃអនាគត៖ «ខ្ញុំបានណែនាំដល់គ្រូបង្រៀនឲ្យគាត់បានយល់អំពីនំចំណីអាហារ ដែលពួកគាត់បានយកមកតាំងលក់នៅក្នុងបរិវេណសាលាឲ្យមានសុវត្ថិភាព ជាពិសេសត្រូវឲ្យមានកាលបរិច្ឆេទត្រឹមត្រូវ មុននឹងដាក់តាំងលក់ជូនកុមារតូចៗ ពីព្រោះយើងព្រួយបារម្ភអំពីសុខភាពរបស់កូនចៅ ឬកុមារតូចៗ ហើយការព្រួយបារម្ភនេះ ក៏មិនខុសពីឪពុកម្តាយកុមារតូចៗទាំងនោះដែរ គឺពួកគាត់បានចំណាយថវិកាខ្លះពីផ្ទះឲ្យកូនមកសាលារៀន ដើម្បីទុកទិញនំចំណីហូបចុក ប៉ុន្តែពួកគាត់ក៏ចង់ឲ្យកូនមានសុខភាពល្អដែរ»។
លោកបន្តថា តាមការចុះពិនិត្យជាក់ស្តែងរបស់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ទាំងទំនិញដែលដាក់លក់នៅលើទីផ្សារ ឬតាមសាលារៀនជាដើម បានរកឃើញមានមុខទំនិញជាគ្រឿងភេសជ្ជៈកំប៉ុង ឬអាហារបន្លែត្រីសាច់ ជាដើម បានហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីជាដើម។
ទាក់ទិនបញ្ហានេះ លោក ឃុន សាវឿន មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ប្រកាសគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល បានចុះពិនិត្យគុណភាពទំនិញ ឬចំណីអាហារនៅលើទីផ្សារ និងតាមសាលារៀនពេលនេះ។ ប៉ុន្តែមន្ត្រីរូបនេះ ស្នើឲ្យមន្ត្រីជំនាញស្ថាប័ននេះ ត្រូវអនុវត្តការងារឲ្យបានជាប្រចាំ និងជៀសឲ្យផុតពីអំពើពុករលួយផ្សេងៗ ដែលអាចនឹងកើតមាននៅក្នុងយុទ្ធនាការដ៏មានសារប្រយោជន៍នេះ។
ជាងនេះ លោកក៏ស្នើដល់មន្ត្រីជំនាញ ត្រូវដាក់ពិន័យឲ្យបានធ្ងន់ធ្ងរចំពោះម្ចាស់ទីតាំង ឬផ្សារទាំងឡាយណាដែលដាក់លក់ទំនិញហួសពេលវេលាប្រើប្រាស់ ឬទំនិញមានសារធាតុគីមី មិនស្តាប់តាមការណែនាំរបស់មន្ត្រីជំនាញ៖ «នាយកសាលាទាំងអស់ត្រូវតែទទួលខុសត្រូវចំពោះគុណភាព និងកាលបរិច្ឆេទទៅលើមុខទំនិញ ឬអាហារហូបចុក ដែលអនុញ្ញាតឲ្យនាំចូលទៅលក់នៅក្នុងបរិវេណសាលានីមួយៗ ព្រោះក្មេងមិនបានគិតវែងឆ្ងាយទេ ឲ្យតែមាននំចំណី គឺទិញទុកញ៉ាំ ឬទទួលទានជាដើម។ ដូច្នេះស្នើឲ្យគ្រូបង្រៀន ពិសេសនាយកសាលា ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហានេះឲ្យបានជាប្រចាំ។ តាមការអង្កេតក្នុងរយៈពេលចុងក្រោយនេះ ទំនិញដែលបាននាំចូលមកពីប្រទេសវៀតណាម គឺមានទំនិញក្លែងក្លាយច្រើនប្រភេទណាស់ ជាពិសេសនំចំណីអាហាររបស់ក្មេងៗ ដូចមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ឬបណ្ដាញព័ត៌មានស្រាប់ គឺមានក្មេងៗពុលចំណីអាហារជាច្រើនករណី»។
ត្រង់ចំណុចនេះ លោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានអះអាងថា មន្ត្រីជំនាញរបស់លោកមិនទាន់ឈានដល់ធ្វើការផាកពិន័យអាជីវករ ឬអ្នកលក់ដូរមុខទំនិញមានសារធាតុគីមីនៅតាមផ្ទះ ឬតាមផ្សារនោះទេ ប៉ុន្តែជាជំហានដំបូង គឺបានត្រឹមចុះអប់រំឲ្យអ្នកលក់ទំនិញ ឬបន្លែត្រីសាច់ ត្រូវមានគុណភាព និងមិនហួសកាលបរិច្ឆេទប្រើប្រាស់។ បើមិនដូច្នេះទេ អាចនឹងរងការផាកពិន័យផ្សេងៗ ដែលអាចនឹងកើតមានឡើងនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។