ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែតុលា បានបដិសេធជាថ្មីទៀតនឹងព័ត៌មានដែលថា មានវត្តមានអង្ករប្លាស្ទិក ចរាចរក្នុងទីផ្សារកម្ពុជា។ ទន្ទឹមគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអោយផ្ដល់ភស្តុតាងជាក់លាក់ជុំវិញវត្តមានអង្ករប្លាស្ទិកនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្ម ស្នើឲ្យប្រជាពលរដ្ឋផ្ដល់ភស្តុតាងជាក់លាក់ជុំវិញវត្តមានអង្ករប្លាស្ទិកនៅកម្ពុជា មកកាន់មន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលដើម្បីពិនិត្យ និងពិសោធន៍ឲ្យបានជាក់លាក់ចៀសវាងគ្រាន់តែចែកចាយព័ត៌មានចចាមអារ៉ាមតៗគ្នា ដោយគ្មានមូលដ្ឋានច្បាស់លាស់។
ការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មនៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលបានចែករំលែកតៗគ្នាពីការបារម្ភថា អង្ករនេះកំពុងត្រូវគេចរាចរក្នុងទីផ្សារ និងអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បានប្រាប់អាស៊ីសេរី នៅថ្ងៃទី២៧ ខែតុលា ថា ក្រសួងពាណិជ្ជកម្ម និងសាខាកាំកុងត្រូលដែលមានតួនាទីត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារ បានសិក្សារកប្រភពព័ត៌មានដែលផ្សព្វផ្សាយ និងយកអង្ករដែលគេសង្ស័យនោះ ធ្វើពិសោធន៍ដោយអ្នកជំនាញ ហើយលទ្ធផលបញ្ជាក់ថា អង្ករនោះមិនមែនជាអង្ករប្លាស្ទិក ឡើយ៖ «យោងតាមកាំកុងត្រូល មិនទាន់រកឃើញវត្តមានអង្ករប្លាស្ទិកនោះទេ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បញ្ជាក់ដែរថា ករណីប្រជាពលរដ្ឋ ឬស្ថាប័នពាក់ព័ន្ធរកឃើញវត្តមាន ឬមានការសង្ស័យថា មានអង្ករប្លាស្ទិកនៅកម្ពុជា សូមរាយការណ៍ ឬផ្ដល់ភស្តុតាងជាក់លាក់ពីប្រភពអង្ករមកមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលដើម្បីសិក្សារកឲ្យឃើញឫសគល់បកស្រាយជូនសាធារណជន៖ «ខ្ញុំសំណូមពរ បើសិនជាឃើញមានអ៊ីចឹងមែន សូមអញ្ជើញយកភស្តុតាងមកដល់ដៃក្រសួង មន្ទីរពាណិជ្ជកម្ម និងកាំកុងត្រូលផ្ទាល់ ហើយក្រសួងនឹងយកចូលមន្ទីរពិសោធន៍ (LAB) ពិនិត្យ ហើយរកប្រភពឲ្យច្បាស់លាស់ថា ចេញពីអ្នកណា? ជួយផ្ដល់ជាភស្តុតាងតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន តែជាភស្តុតាងពិត មិនមែនក្លែងបន្លំនោះទេ ព្រោះក្រសួងមិនមែនចេះ តែធ្វើដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ មិនមែនមូលដ្ឋានដោយគ្រាន់តែឮតាមខ្យល់តៗគ្នានោះទេ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ អះអាងថា ករណីរកឃើញមានបន្លំ និងនាំចូលអង្ករប្លាស្ទិកមែន ក្រសួងនឹងសហការជាមួយអាជ្ញាធរសាខាកាំកុងត្រូល និងការិយាល័យច្រកចេញចូលតែមួយដើម្បីដាក់ទោសជននោះទៅតាមច្បាប់ ព្រោះនេះជាបទឧក្រិដ្ឋពាណិជ្ជកម្ម ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជា។
ទាក់ទិននឹងព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបានចែករំលែកតៗគ្នាពីការបារម្ភថា អង្ករប្លាស្ទិកនេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឲ្យដឹងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា បានតាមដាននូវសកម្មភាពនេះយ៉ាងយកចិត្តទុកដាក់ ដោយមានការសហការពីសំណាក់អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញអាហរ័ណ-នីហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដោយធ្វើតេស្តបញ្ជាក់តាមបច្ចេកទេសច្បាស់លាស់។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវឲ្យសាធារណជន និងបណ្ដាក្រុមហ៊ុននានា ចូលរួមសហការដោះស្រាយបញ្ហានេះជាមួយអាជ្ញាធរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើការរៀបចំប្រព័ន្ធការពារគុណភាពជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីពង្រឹង និងការពារគុណភាពអង្ករកម្ពុជា។
កន្លងមកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយនូវការផលិតអង្ករតាមរយៈសកម្មភាពពិសោធន៍ជាលក្ខណៈផ្ទាល់ខ្លួន ដូចជា លីង ដុតជាដើម ព្រមទាំងបានបង្ហាញនូវឈ្មោះរោងម៉ាស៊ីន និងក្រុមហ៊ុនផ្គត់ផ្គង់អង្ករនោះផងដែរ ដែលគេអះអាងថា មានសារធាតុផ្សំពីប្លាស្ទិក ជាប្រភេទអង្ករដែលគេនាំចូលពីប្រទេសវៀតណាម និងចិន ហើយមើលទៅដូចជាអង្ករធម្មជាតិ។ ការបង្ហាញផលិតផលនូវអង្ករប្លាស្ទិកតាមបណ្ដាញសង្គមនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនព្រួយបារម្ភ និងភ័យខ្លាចថាអាចបង្កឲ្យប៉ះពាល់ដល់សុខភាពចំពោះអ្នកប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
