សេចក្ដី​ថ្លែងការណ៍​រួម​បញ្ជាក់​គុណភាព​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ស្អូច

ក្រសួង​សុខាភិបាល អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​យូនីសេហ្វ (UNICEF) បាន​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា បញ្ជាក់​ពី​គុណភាព​នៃ​ថ្នាំ​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល និង​ស្អូច​ដល់​កុមារ បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ថ្នាំ​វ៉ាក់សាំង​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស។
ដោយ ទេព សុរ៉ាវី
2014.01.30

ទីប្រឹក្សា​ក្រសួង​សុខាភិបាល​និង​ជា​អតីត​ប្រធាន​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ លោក សាន់ ច័ន្ទសឿន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ថា ថ្មីៗ​នេះ​មាន​ពាក្យ​លេចឮ​មិន​ត្រឹមត្រូវ​ជា​ច្រើន​នៅ​តាម​សហគមន៍​មួយ​ចំនួន​ពី​ការ​ភ័ន្ត​ច្រឡំ និង​ការ​ភ័យ​ខ្លាច​មិន​មាន​ហេតុផល​ពី​គុណភាព​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​និង​ស្អូច។

ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ មាន​ការ​និយាយ​ត​គ្នា​ពី​មួយ​ទៅ​មួយ ថា​ថ្នាំ​វ៉ាក់សាំង​នោះ​មិន​មាន​គុណភាព ហើយ​យក​មក​ពី​ប្រទេស​វៀតណាម ដើម្បី​ចាក់​ឲ្យ​កុមារ​ដែល​មាន​អាយុ​ពី ៩​ខែ ដល់ ១៥​ឆ្នាំ​ស្លាប់​ក្នុង​រយៈពេល ៣​ឆ្នាំ​ក្រោយ។

លោក​បញ្ជាក់​ថា វ៉ាក់សាំង​ទាំង​ឡាយ​ដែល​ក្រសួង​សុខាភិបាល​សម្រេច​ដាក់​ឲ្យ​ប្រើ​ក្នុង​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ជា​ប្រចាំ​ថ្ងៃ និង​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​និង​ស្អូច រួម​បញ្ចូល​គ្នា សុទ្ធតែ​បាន​ផ្គត់ផ្គង់​តាម​រយៈ​អង្គការ​យូនីសេហ្វ ហើយ​ចេញ​ពី​រោងចក្រ​ផលិត​ដែល​បាន​ទទួល​ស្គាល់​គុណភាព​ជា​មុន​ពី​អង្គការ​សុខភាព​ពិភពលោក ហើយ​ក្រសួង​មិន​បាន​ទិញ​វ៉ាក់សាំង​ទាំង​នោះ​ពី​ប្រភព​ផ្សេង​ទៀត​ឡើយ ដើម្បី​ធានា​គុណភាព។

ឆ្នាំ​២០១៤ នេះ ក្រសួង​សុខាភិបាល​មាន​យុទ្ធនាការ​ផ្ដល់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល និង​ស្អូច​រួម​គ្នា​ដល់​កុមារ​អាយុ​ចាប់​ពី ៩​ខែ ដល់ ១៥​ឆ្នាំ ចំនួន ៤​លាន​កន្លះ ឬ​ស្មើ​នឹង​ចំនួន​កុមារ ១០០​ភាគរយ​នៃ​ចំនួន​កុមារ​សរុប​ដើម្បី​លុប​បំបាត់​ជំងឺ​កញ្ជ្រឹល​និង​ស្អូច​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។