បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រកឃើញថា ចំនួនកម្មករដែលដួលសន្លប់នៅកន្លែងការងារនៅក្នុងឆ្នាំ២០១៦ បានថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។
ក្រុមសហជីព និងសង្គមស៊ីវិលនៅតែចាត់ទុកចំនួននេះថា ឋិតក្នុងក្ដីព្រួយបារម្ភនៅឡើយ ដែលចាំបាច់ត្រូវមានការកែលំអបញ្ហាមួយចំនួន ដែលជាមូលហេតុនាំអោយកម្មករដួលសន្លប់។
របាយការណ៍ដែលផ្សព្វផ្សាយដោយបេឡាជាតិរបបសន្តិសុខសង្គម នៅក្នុងពិធីបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១៨ ខែមករា អោយដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះមានកម្មករដួលសន្លប់ចំនួន ១.១៦០នាក់ ពោលគឺបានថយចុះចំនួន ៦៤៦នាក់ ដែលស្មើ ៣៦ភាគរយ។
ករណីសន្លប់ទាំងនោះកើតមានក្នុងរោងចក្រចំនួន ១៨ ដោយបានថយចុះចំនួន ១៤រោងចក្រ ឬស្មើ ៤៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៥។ របាយការណ៍ដដែលបានបញ្ជាក់ពីមូលហេតុសំខាន់ៗចំនួន៤ រួមមានបញ្ហាចិត្តសាស្ត្រ បញ្ហារូបសាស្ត្រ បញ្ហាគីមី និងធ្វើការថែមម៉ោង។
ប្រធានការិយាល័យគោលនយោបាយ នៃ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ ពន្យល់ថា ក្រសួងបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាចោទទាំង៤ យ៉ាងនោះ ជាប្រចាំទើបជំរុញអោយចំនួនកម្មករដែលដួលសន្លប់បានថយចុះ៖ «យើងបានអោយនិយោជកម្ចាស់សហគ្រាស គ្រឹះស្ថានអោយគាត់ពិនិត្យបរិយាកាសនៅក្នុងរោងចក្រ ដូចជាកម្ដៅធ្វើយ៉ាងណាអោយត្រូវទៅតាមលក្ខណៈបច្ចេកទេស មានខ្យល់គ្រប់គ្រាន់ ហើយខ្យល់ហ្នឹងត្រូវមានសំណើម ហើយមានអុកស៊ីហ្សែនគ្រប់គ្រាន់។ កន្លងមកដែលគាត់បានបាញ់ថ្នាំសម្លាប់សត្វល្អិតទៅលើសាច់ក្រណាត់ គាត់ក៏ដូចជានៅកន្លែងការងារហ្នឹង អ៊ីចឹងយើងណែនាំគាត់យ៉ាងម៉េចអោយធ្វើតាមលក្ខណៈបច្ចេកទេស។ យើងក៏មានវិធានការមួយទៀត គឺផ្សព្វផ្សាយអប់រំទៅដល់កម្មករ កម្មការិនី អោយមានការយល់ដឹង ទី១ មានការសម្រាកគ្រប់គ្រាន់ គឺដេកអោយបានគ្រប់គ្រាន់ អោយគាត់មានកម្លាំងធ្វើការ បញ្ហាចំណីអាហារនេះគឺយើងអប់រំគាត់អោយទទួលទានចំណីអាហារណាមានថាមពល មានជីវជាតិ និងអាហារសរីរាង្គ។ បញ្ហាថែមម៉ោងក៏អ៊ីចឹងដែរ យើងមិនតម្រូវអោយរោងចក្រអោយកម្មករធ្វើការថែមម៉ោងជាប្រចាំទេ»។
ក្នុងចំណោមមូលហេតុទាំងនោះ ប.ស.ស រកឃើញថា ករណីសន្លប់ដោយបញ្ហាចិត្តសាស្ត្រ មាន៣៤% បញ្ហារូបសាស្ត្រ ២២% បញ្ហាគីមីមាន ១៨% និងការថែមម៉ោងធ្វើការ ២ម៉ោង ១៦%។ សហជីព និងអង្គការសង្គមស៊ីវិលដែលធ្វើការងារក្នុងវិស័យការងារ ទទួលស្គាល់ករណីនេះ ប៉ុន្តែនៅតែគិតថា ចំនួននៃអ្នកដួលសន្លប់នៅតែជាក្ដីព្រួយបារម្ភ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ពិតមែនថា មានការថយចុះ ប៉ុន្តែលោកស្នើអោយក្រសួងត្រូវមានវិធានការម៉ឺងម៉ាត់ចំពោះរោងចក្រដែលរកឃើញថា មិនបានកែលម្អស្ថានភាពក្នុងរោងចក្រ៖ «ខាងអាជ្ញាធររដ្ឋ បើឃើញបញ្ហាហ្នឹងកើតឡើងមិនព្រមដោះស្រាយអាចឈានទៅដល់បិទទៅកុំគិតតែណែនាំៗ បិទ ឬព្យួរគាត់មួយរយៈដើម្បីអោយគាត់ធ្វើអាហ្នឹង អោយគាត់រៀបចំឡើងវិញ។ ពាក់ព័ន្ធទៅហ្នឹងខាងក្រសួងដែនដីក៏អ៊ីចឹងដែរ បើសិនជាការសាងសង់ខាងសំណង់ហ្នឹង បើសិនជាអគារហ្នឹងវាខុសបច្ចេកទេសទៅហើយ កន្លែងធ្វើការវាមានបញ្ហា ហើយមិនដោះស្រាយ ទោះបីជាយ៉ាងណាក៏វានៅតែជាបញ្ហាដែរ»។
ចំណែកនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ទទួលស្គាល់ថា ការដួលសន្លប់របស់កម្មករដែលមានចំនួនរាប់រយនាក់ម្ដងពិតជាបានកាត់បន្ថយ។ លោកមានប្រសាសន៍ដែរថា ចាំបាច់ណាស់ដែលក្រសួងត្រូវពង្រឹងក្រុមអធិការកិច្ចធ្វើយ៉ាងណាអោយបំពេញការងារបានត្រឹមត្រូវតាមច្បាប់៖ «នៅក្នុងច្បាប់គេតម្រូវអោយចុះធ្វើអធិការកិច្ចហ្នឹងក្នុងមួយខែម្ដងដែរ ក្នុងរោងចក្រមួយ ប៉ុន្តែជាក់ស្ដែងយើងឃើញថា រោងចក្រមួយចំនួនមិនដែលបានស្គាល់មុខអធិការកិច្ចទេ ហើយការចុះអធិការកិច្ចហ្នឹង ក៏មិនសូវជាអនុវត្តអោយមានប្រសិទ្ធភាពដែរ»។
របាយការណ៍អង្គការអន្តរជាតិខាងការងារកន្លងទៅក៏រកឃើញដែរថា បញ្ហាដែលធ្វើអោយកម្មករដួលសន្លប់រួមមានទទួលទានអាហារខ្វះជីវជាតិ និងមានបញ្ហាចិត្តសាស្ត្រ កម្ដៅឡើងខ្លាំងក្នុងរោងចក្រ ខ្វះខ្យល់ចេញចូលសារជាតិគីមី និងកម្មករធ្វើការថែមម៉ោងច្រើន។
ក្នុងឆ្នាំ២០១៧ នេះ ប.ស.ស នឹងចាត់វិធានការ និងផ្សព្វផ្សាយអប់រំដល់និយោជក និងកម្មករនិយោជិតឱ្យយល់ដឹងពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ និងសុវត្ថិភាពការងារ ការថែទាំសុខភាព និងការពារបរិស្ថាននៅកន្លែងធ្វើការ។ រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញទប់ស្កាត់ករណីសន្លប់ និងការជួយសង្គ្រោះកម្មករតាមសហគ្រាសគ្រឹះស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
