អ្នក​ឯកទេស​ជប៉ុន​និយាយ​ពី​ចំណី​អាហារ​និងគ្រោះថ្នាក់​នៃ​​ជំងឺ​លើស​ឈាម

0:00 / 0:00

គ្រូពេទ្យ​មក​ពី​ប្រទេស​ជប៉ុន អះអាង​នៅ​ក្នុង​សិក្ខាសាលា​សុខភាព ថា​ជំងឺ​លើសឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​ជា​ឃាតក​បិទ​មុខ​ស្ងៀមស្ងាត់​បំផុត។ ប្រសិនបើ​ការ​លើសឈាម​បន្ត​យូរ​នាំ​ឲ្យ​​ខូច​សរសៃ​ឈាម។ លោក​ណែនាំ​ឲ្យ​ពិនិត្យ​សម្ពាធ​ឈាម​រៀងរាល់​ថ្ងៃ ហើយ​កត់ត្រា​សម្ពាធ​ឈាម​ទុក ប្រើ​ឱសថ​ការពារ​រាល់​ថ្ងៃ ទទួល​ទាន​បន្លែ ៥​មុខ​ក្នុង ១​ថ្ងៃ និង​ផ្លែឈើ ៥​មុខ​បន្ថែម​ទៀត។

វេជ្ជបណ្ឌិត​ច្រើន​នាក់​មកពី​មន្ទីរពេទ្យ​សាន់រ៉ាយ ជប៉ុន បង្ហាញ​ទៅ​អ្នក​ចូល​រួម​ស្តាប់​នៅ​ថ្ងៃ​២៤ ខែ​មករា ក្នុង​សិក្ខាសាលា​សុខភាព ថា​អ្នក​ជំងឺ​លើសឈាម​ត្រូវ​អោយ​អ្នក​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រក​មើល​ការ​ខូចខាត​នៃ​ប្រព័ន្ធ​សរីរាង្គ។

លោក​វេជ្ជបណ្ឌិត យូស៊ីហ៊្វូមី ហាយ៉ាស៊ី (Yoshifumi Hayashi) ឯកទេស​ខាង​ជំងឺ​លើស​ឈាម​ថ្លែង​ក្នុង​សិក្ខាសាលា «ចូរ​កម្ចាត់​ជំងឺ​លើស​ឈាម​ពី​ថ្ងៃ​នេះ» ថា ជំងឺ​លើស​សម្ពាធ​ឈាម គឺ​ជា​ឃាដក​បិទ​មុខ​ស្ងៀមស្ងាត់​​បំផុត។ លោក​ថា មនុស្ស​គ្រប់​រូប​មុន​ឈាន​ទៅ​រក​ការ​លើសឈាម ត្រូវ​ដឹង​ពី​កម្រិត​សម្ពាធ​ឈាម​របស់​ខ្លួន​ដោយ​ត្រូវ​ធ្វើ​តេស្ត​ឈាម ទឹក​នោម ការ​វាស់​ចរន្ត​បេះដូង និង​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ស្ថានភាព​នៃ​សរសៃ​ឈាម។

លោក​ថា សម្ពាធ​ឈាម​ធម្មតា​មាន ១២០ លើ ៨០។ ប៉ុន្តែ​អ្នក​ត្រៀម​នឹង​លើស​ឈាម​​គឺ​សម្ពាធ​ឈាម​ឡើង​ចន្លោះ​ពី ១២១ ទៅ ១៣៩ លើ ៨១ ទៅ ៨៩។ ប្រសិនបើ​អ្នក​លើស​ឈាម​មិន​​លេប​ថ្នាំ​ការពារ​រាល់​ថ្ងៃ អាច​ប៉ោង​សរសៃ​ឈាម ក្លាយ​ទៅ​ជា​លើស​ឈាម គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​លើស​ពី ១៤០ លើ ៩០ ឡើង​ទៅ៖ «ឧទាហរណ៍​ថា បើ​វា​ប៉ះពាល់​ដល់​សរសៃ​ឈាម​នៅ​ក្នុង​ខួរក្បាល​ដែល​យើង​ហៅ​ថា ជំងឺ​ស្ត្រូក (stroke) ឬ​ហៅ​ថា ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល យើង​តែងតែ​ច្រឡំ​ជាមួយ​នឹង​ខ្យល់គរ មនុស្ស​ហ្នឹង​ដួល ដល់​ពេល​ដឹង​ខ្លួន​ឡើង​វិញ ឬ​ជួន​កាល​ស្លាប់។ ជួនកាល​ដឹង​ខ្លួន​ឡើង​វិញ តែ​កម្រើក​ដៃ​ជើង​បញ្ជា​អត់​រួច នេះ​វា​ជា​សញ្ញា​ផល​លំបាក​នៃ​របស់​ការ​ឡើង​ឈាម​បន្ត​យូរ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល វា​ងាយ​ហូរ​ឈាម វា​អាច​ខ្វះ​ឈាម​ក្នុង​ហ្នឹង។ បើ​វា​ប៉ះពាល់​ដល់​ភ្នែក​វា​ធ្វើ​ឲ្យ​ខ្វាក់​ភ្នែក បើ​ប៉ះពាល់​ដល់​ពោះ វា​អាច​ប៉ោង​សរសៃ​ឈាម​នៅ​ក្នុង​ពោះ​យើង ដែល​មាន​សរសៃ​ឈាម​ច្រើន ហើយ​វា​ប៉ោង។ បើ​កន្លែង​ប៉ោង​ហ្នឹង​វា​ស្ដើង គឺ​វា​ធ្លាយ​ហូរ​ឈាម​ទៅ​ក្នុង​ពោះ​យើង ហើយ​បើ​​ប៉ះ​ទៅ​តម្រង​នោម វា​ខូច​តម្រង​នោម បើ​តម្រងនោម​អត់​ច្រោះ​ជាតិពុល​ទៀត វា​ធ្វើ​ឲ្យ​មាន​បញ្ហា​សព្វ​បែប​សព្វ​យ៉ាង»

​លោក យូស៊ីហ៊្វូមី ហាយ៉ាស៊ី ណែនាំ​ឲ្យ​អ្នកជំងឺ​លើសឈាម ត្រូវ​តម​អាហារ​ប្រៃ តម​ខ្លាញ់ តម​បារី បន្ថយ​គ្រឿង​ស្រវឹង ត្រូវ​លេប​ថ្នាំ​ការពារ​លើស​ឈាម​រាល់​ថ្ងៃ ទទួល​ទាន​ដំណេក​ឲ្យ​បាន​ទៀងទាត់ ហូប​បន្លែ​ឲ្យ​បាន ៥​មុខ និង​ផ្លែឈើ ៥​មុខ​បន្ថែម​ទៀត​ក្នុង​១​ថ្ងៃ ប្រើ​ប្រេងឆា​ផលិត​ពី​គ្រាប់​ធញ្ញជាតិ និង​ហាត់​កីឡា​ក្នុង​មួយ​អាទិត្យ​ឲ្យ​បាន ៥​ដង ក្នុង​ម្ដង​គឺ​ហាត់ ៤០​នាទី។ លោក​បន្ថែម​ថា អ្នក​ដែល​ធ្លាប់​តែ​ខ្វះ​ឈាម មិន​ប្រាកដ​ថា​ទៅ​អនាគត​អ្នក​នោះ​មិន​លើស​ឈាម​ទេ។

​ការណែនាំ​អំពី​សុខភាព​ដែរ គ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​ចលនា លោក យូស៊ីហ៊្វូមី ហាយ៉ាស៊ី មក​ពី​មន្ទីរពេទ្យ​គីតាហារ៉ា ជប៉ុន ឲ្យ​ដឹង​ថា ការ​ព្យាបាល​ដោយ​ចលនា​ផ្ទុយ​ពី​ការ​ម៉ាស្សា។ ការ​ព្យាបាល​ដោយ​ចលនា គឺ​សម្រួល​សរសៃ និង​សាច់ដុំ​ដែល​រឹង​ខុស​ប្រក្រតី​ឲ្យ​មក​ធម្មតា​វិញ។ ចំណែក​ការ​ម៉ាស្សា គឺ​ការ​ព្យាបាល​ឆាប់​ជា​ក្នុង​រយៈ​ខ្លី​ដែល​ផ្ទុយ​ពី​ការ​ព្យាបាល​ដោយ​ចលនា ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ជា​បាន​យូរ​ឆ្នាំ។

​វេជ្ជបណ្ឌិត រ៉ាវី មក​ពី​ក្រុមហ៊ុន​ឥន្ទ្រី​បៃតង ពន្យល់​ថា សាច់ បន្លែ ផ្លែឈើ តាំង​លក់​នៅ​ទីផ្សារ ភាគ​ច្រើន​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​បំប៉ន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​របស់​អ្នក​ទទួលទាន។ អ្នកស្រី​បន្ត​ថា ដើម្បី​ឲ្យ​មាន​សុខ​ភាព​ល្អ ការ​ជ្រើសរើស​អាហារ​សម្រាប់​ហូប គឺ​ដាំ​ដុះ​ដោយ​ធម្មជាតិ​សុទ្ធ។

ប្រធាន​មន្ទីរ​ពេទ្យ​សាន់រ៉ាយ ជប៉ុន លោក គូគូដា អះអាង​ថា ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ប្រទេស​កម្ពុជា នឹង​មាន​មន្ទីរពេទ្យ​សាន់រ៉ាយ ដែល​មាន​វេជ្ជបណ្ឌិត​ជំនាញ​ចម្រុះ​មក​ពី​ប្រទេស​ជប៉ុន ២៥​នាក់ និង​គិលានុបដ្ឋាន​ច្រើន​នាក់ ជា​ជនជាតិ​ខ្មែរ នឹង​ជួយ​ព្យាបាល​ថែទាំ​អ្នក​ជំងឺ។ បច្ចុប្បន្ន​អគារ​មន្ទីរពេទ្យ​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ខណ្ឌ​ជ្រោយចង្វារ ត្រើយ​ម្ខាង​នៃ​ទន្លេសាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។