ស្ថានភាព​គ្រោះថ្នាក់​នៃ​ផលិតផល​បន្លែ​ផ្លែ​ឈើ​ត្រី​សាច់​ដែល​មាន​ជាតិ​គីមី​នៅ​កម្ពុជា

0:00 / 0:00

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​គាំពារ​ផ្នែក​សុខភាព បាន​រក​ឃើញ​ថា ផលិត​ផល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា តែង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ គឺ​មាន​សារធាតុ​គីមី​ខ្ពស់​បំផុត ជាពិសេស​សារធាតុ​គីមី​ទាំង​នោះ​រក​ឃើញ​នៅ​ក្នុង​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ និង​ម្ហូប​អាហារ​គ្រឿង​កំប៉ុង​ដទៃ​ទៀត។

ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា បច្ចុប្បន្ន​កាំកុងត្រូល​ដែល​ជា​ផ្នែក​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​តាម​ដាន និង​ត្រួត​ពិនិត្យ​រឿង​ជាតិ​គីមី​នេះ កំពុង​បង្កើន​វិធានការ​ខ្លាំង​ជាង​មុន។

អ្នក​ឯកទេស​ជំនាញ​វិស័យ​កសិកម្ម​ដែល​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់ អំពី​គ្រឿង​ឧបភោគ​បរិភោគ​លើ​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ ទាំង​ផលិត​ផល​ក្នុង​ស្រុក និង​នាំ​ចូល​ពី​ខាង​ក្រៅ អះអាង​ថា ផលិត​ផល​ទាំង​នោះ​ដែល​នាំ​ចូល​មក​កម្ពុជា គឺ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​រហូត​ដល់ ៩៥​ភាគរយ។

ថ្លែង​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ មីនា លោក យ៉ង សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា​សេដាក (CEDAC) មាន​ប្រសាសន៍​ថា វា​ជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​សុខភាព។ លោក​បន្ត​ថា នៅ​ក្នុង​បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ គឺ​សុទ្ធតែ​មាន​សារធាតុ​គីមី ដែល​អ្នក​ផ្គត់ផ្គង់​ប្រើប្រាស់​វា​ដើម្បី​រក្សា​គុណភាព​ផលិតផល​សម្រាប់​ទុក​ឲ្យ​បាន​យូរ​ថ្ងៃ៖ «ក្រុម​គីមី​ទី​ពីរ​ដែល​គេ​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​ទាក់ទង​ទៅ​នឹង​ចំណី​អាហារ។ ទី​មួយ គេ​និយម​ប្រើ​ជាតិ​គីមី​ហៅ​ថា​ប៉ូរ៉ាក់ យើង​អ្នក​ផ្សារ​ធម្មតា​គេ​ហៅ​ថា​ទឹក​អន្សា​ហ្នឹង ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​វា​ស្វិត​ល្អ ដូច​គេ​ប្រើ​ទៅ​លើ​ប្រហិត ជាពិសេស​ប្រហិត​សាច់​គោ។ គេ​ប្រើ​ទៅ​លើ​សាច់​ប៉ាតេ គេ​ប្រើ​ទៅ​លើ​គុយទាវ មី​លឿង​មី​អី​ហ្នឹង។ ក្រុម​ទី​ពីរ អ្នក​ខ្លះ​ហៅ​ថា​ហ្វមម៉ល ឬ​ហ្វមមីលីន ថ្នាំ​ដែល​គេ​រក្សា​ទុក​ឲ្យ​ខ្មោច​នៅ​បាន​យូរ»

បើ​ទោះ​ជា​បែប​នេះ​ក្ដី សម្រាប់​អ្នក​ផ្គត់ផ្គង់​បន្លែ​នៅ​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ ភាគ​ច្រើន​បាន​បដិសេធ​ថា ពួក​គេ​មិន​ដឹង​ពី​បន្លែ​ផ្លែ​ឈើ ត្រី​សាច់​មាន​ផ្ទុក​ដោយសារ​ធាតុគីមី​ទេ។

អ្នក​លក់​ឪឡឹក​នៅ​ផ្សារ​ដើម​គ លោក វង់ វី ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៩ មីនា ថា លោក​មិន​ប្រាកដ​នៅ​ឡើយ​ទេ​ថា នៅ​ក្នុង​បន្លែ ឬ​ត្រី​សាច់​មាន​ជាតិ​គីមី​នោះ។ លោក វង់ វី ទទួល​ស្គាល់​ថា ពិត​ជា​បាន​ដឹង​តៗ​គ្នា​ថា​មាន​សារធាតុ​គីមី​មែន​នៅ​ក្នុង​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ ក៏ប៉ុន្តែ​គេ​មិន​ដឹង​ថា តើ​ត្រូវ​សម្គាល់​ដោយ​របៀប​ណា​នោះ​ទេ?

លោក យ៉ង សាំងកុមារ បណ្ឌិត​ផ្នែក​កសិកម្ម និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បង្ហាញ​តួលេខ​នៃ​ការ​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​កម្ពុជា ដែល​រក​ឃើញ​ពី​សារធាតុ​គីមី ហើយ​ត្រូវ​បាន​អ្នក​ផ្គត់ផ្គង់​រក្សា​គុណភាព​ផលិតផល ឲ្យ​ដឹង​ថា ៦១​ភាគរយ​នៃ​អ្នក​លក់​សាច់​ប៉ាតេ​មាន​ប្រើ​ជាតិ​គីមី​ប្រភេទ​បូរ៉ាក់ ឬ​ទឹក​អន្សា​រហូត​ដល់ ៨០​ភាគរយ។ ៦៨​ភាគរយ​នៃ​គុយទាវ​សរសៃ​ធំ សរសៃ​តូច មី​សំប៉ែត មី​ពង​ទា មាន​សិប្បកម្ម ១៣​ទីតាំង​ហើយ​ដែល​ប្រើ​សារធាតុ​គីមី ក្នុង​ចំណោម ១៩​កន្លែង​នៃ​ការ​ស្រាវជ្រាវ​ដែល​រក​ឃើញ​ថា បាន​ប្រើប្រាស់​គីមី។

ចំណែក​មឹក និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត​ប្រមាណ ៧៣​ភាគរយ ត្រូវ​បាន​គេ​ប្រើ​ជាតិ​គីមី​ខ្ពស់​ជាង​គេ ដើម្បី​រក្សា​គុណភាព។ ក្រៅ​ពី​នេះ​នៅ​មាន​ជ្រក់ស្ពៃ​ជាដើម អត្រា​ដែល​ប្រើ​សារធាតុ​គីមី​ប្រមាណ ៧​ភាគរយ។

លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ដឹង​តាម​រយៈ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ មីនា ថា ការ​ប្រើ​ផលិតផល​ដែល​មាន​ផ្ទុក​ដោយ​សារធាតុ​គីមី​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​អ្នក​ប្រើប្រាស់។ លោក​បន្ត​ថា បើ​ម្ហូប​អាហារ​បន្លែ​ត្រី​សាច់ ឬ​គ្រឿង​ឧបភោគ​បរិភោគ​ដទៃ​ទៀត​មាន​ជាតិ​គីមី​ខ្ពស់ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ឃើញ​លទ្ធផល​ភ្លាមៗ​តាម​រយៈ​ក្អួត​ចង្អោរ ឬ​រាករូស​ជាដើម។

បន្លែ​ផ្លែ​ឈើ ត្រី​សាច់ ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក្នុង​មួយ​ថ្ងៃៗ​ជាច្រើន​គីឡូក្រាម។ គ្រឿង​ប្រើប្រាស់​ទាំង​នេះ ភាគ​ច្រើន​មាន​ផ្ទុក​ដោយ​សារធាតុ​គីមី ដើម្បី​រក្សា​គុណភាព​ផលិតផល​ទុក​បាន​យូរ​ថ្ងៃ។ អ្នក​ប្រើប្រាស់​បាន​អះអាង​ថា ពួក​គេ​ដឹង​ថា បន្លែ និង​ម្ហូប​អាហារ​ដែល​ពលរដ្ឋ​កម្ពុជា ប្រើប្រាស់​សព្វថ្ងៃ ហើយ​មាន​ជាតិ​គីមី គឺ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម។

ចូលរួម​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ពី​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន បាន​លើក​ជា​សំណួរ​ថា តើ​ក្នុង​ករណី​ផលិតផល​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ជួយ​ទ្រទ្រង់​បន្លែ ផ្លែ​ឈើ ឲ្យ​នៅ​ស្រស់​បាន​យូរ តើ​មាន​ផល​ប៉ះពាល់​សុខភាព​កម្រិត​ណា៖ «ខេត្ត​របស់​ខ្ញុំ​ជាប់​ព្រំដែន​យួន វា​ឃើញ​តែ​បន្លែ​យួន និង​សាច់​ចូល​ជា​រាល់​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​សួរ​ថា តើ​បន្លែ​ដែល​មាន​ជាតិ​គីមី​ដាក់​មួយ​ថ្ងៃ​មិន​ឃើញ​ស្រពោន​ហ្នឹង វា​មាន​ផល​ប៉ះពាល់​អី​ខ្លះ​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង ឮ​តែ​ម្នាក់ៗ​ឈឺ​សន្លាក់​ដៃ​ជើង​គ្រប់​គ្នា»

លោក​បណ្ឌិត យ៉ង សាំងកុមារ ពន្យល់​ថា ការ​ព្យាយាម​ប្រើប្រាស់​ផលិតផល​ដែល​មាន​សារធាតុ​គីមី នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា មាន​ពេល​ខ្លះ​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រើប្រាស់​ក្អួត​ចង្អោរ ធ្វើ​ទុក្ខ​ភ្លាមៗ។ រឹត​តែ​ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន​បើ​សិន​សារធាតុ​គីមី​នោះ​មាន​កម្រិត​ខ្ពស់ អាច​បណ្ដាល​ឲ្យ​អ្នក​ប្រើប្រាស់​កើត​មហារីក​ថែម​ទៀត​ផង៖ «ក្រុម​ដែល​គេ​ធ្វើ​ទុក​ឲ្យ​វា​បាន​យូរ ពណ៌​ស​បាន​យូរ​ហ្នឹង ដូច​ខ្ញុំ​ពី​ខាង​ដើម ម្សៅ​ស​ដូចជា​ហ្វមលីន ដើម្បី​ឲ្យ​វា​ស្រស់​បាន​យូរ ហើយ​និង​មាន​ផល​វិបាក​សម្រាប់​សុខភាព​ស្មុគស្មាញ​ណាស់។ វា​ចាប់​លំបាក​ចាប់​តាំង​ពី​យើង​ពុល​ភ្លាម​រហូត​ដល់​យើង​អាច​ក្អួត​ចង្អោរ​រាក វិល​មុខ​ឈឺ​ក្បាល និង​ប៉ះពាល់​ដល់​សរសៃ​ប្រាសាទ​របស់​យើង»

អ្នក​ជំនាញ​ផ្នែក​វិស័យ​កសិកម្ម រក​ឃើញ​ថា គ្រឿង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​ទីផ្សារ​មាន​បន្លែ ត្រី​សាច់ គឺ​ពោរពេញ​ដោយ​សារធាតុ​គីមី។ មាន​ផលិតផល​ជាច្រើន​ដើម្បី​រក្សា​គុណភាព​ទុក​ឲ្យ​បាន​យូរ​ថ្ងៃ អ្នក​ផ្គត់ផ្គង់​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ជាតិ​គីមី​នៅ​ក្នុង​បន្លែ ឬ​ត្រី​សាច់ ជាដើម។ គ្រោះថ្នាក់​សម្រាប់​សុខភាព​ដោយ​ការ​ប្រើ​សារធាតុ​គីមី​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​វិស័យ​កសិកម្ម​បញ្ជាក់​ថា ផលិតផល​ដែល​មាន​ផ្ទុក​ដោយ​ជាតិ​គីមី​នេះ គឺ​មិន​ត្រឹម​តែ​របស់​នាំ​ចូល​ពី​ក្រៅ​នោះ​ទេ ក៏ប៉ុន្តែ​សម្រាប់​ការ​ផលិត​ក្នុង​ស្រុក​វិញ ក៏​ព្យាយាម​ប្រើប្រាស់​ខ្លាំង​ណាស់​ដែរ។

លោក យ៉ង សាំងកុមារ ឲ្យ​ដឹង​ថា សាច់ បន្លែ​ផ្លែ​ឈើ ត្រី រហូត​ដល់​របស់​ក្រៀម​មាន​ត្រីងៀត ផ្អក​ប្រហុក ជាដើម គឺ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​រហូត​ដល់ ៩៥​ភាគរយ។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា អះអាង​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ គឺ​កាំកុងត្រូល​ដែល​ជា​សេនាធិការ​របស់​ក្រសួង​ពាណិជ្ជកម្ម ព្យាយាម​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​បាន​ល្អ​ជាង​មុន។

បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក៏ដោយ​ចុះ ក៏​សង្កេត​ឃើញ​ថា ជាតិ​គីមី​ដែល​មាន​នៅ​ក្នុង​បន្លែ​ផ្លែ​ឈើ នៅ​តែ​មាន​កម្រិត​ខ្ពស់​ដូច​មុន ហើយ​អ្នក​ប្រើប្រាស់​កំពុង​ប្រឈម​ចំពោះ​មុខ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ​នៅ​ខេត្ត​សៀមរាប ប្រជាពលរដ្ឋ​ជិត ១​ពាន់​នាក់ ពុល​នំប៉័ង​ប៉ាតេ។ ការ​សង្ស័យ​ជា​បឋម​សន្និដ្ឋាន​ថា​ទំនង​ជា​នំ​បុ័ង​អាច​មាន​ជាតិ​គីមី ឬ​នៅ​ក្នុង​បន្លែ​មាន​សារធាតុ​គីមី។

លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ទម្លាក់​កំហុស​ក្នុង​រឿង​នេះ​ថា​ជា​បន្ទុក​របស់​អាជ្ញាធរ​រដ្ឋ។ លោក​ថ្លែង​បន្ត​ថា រដ្ឋាភិបាល​ហាក់​មើល​រំលង​អំពី​សុខភាព​របស់​ប្រជាជន ដែល​កំពុង​ប្រើប្រាស់​ផលិតផល​ប្រចាំ​ថ្ងៃ​ដែល​មាន​សារធាតុ​គីមី ហើយ​ជាតិ​គីមី​នៅ​ក្នុង​ម្ហូប​អាហារ​នេះ កំពុង​តែ​បំផ្លាញ​សុខភាព​របស់​ប្រជាជន​ដោយ​មិន​ដឹង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ស ម៉ូរ៉ា យល់​ឃើញ​ថា ដោយសារ​តែ​រដ្ឋាភិបាល​បណ្ដោយ​ឲ្យ​មាន​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​នាំ​ចូល​នេះ​ហើយ ដែល​ជា​មូលហេតុ​ចម្បង​ជំរុញ​ឲ្យ​មាន​ជាតិ​គីមី​កើន​ឡើង​កាន់​តែ​ខ្ពស់​ទៅៗ​នៅ​ក្នុង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា ទទួល​ស្គាល់​ថា ប្រហែល​ជា​អាច​មាន​ជាតិ​គីមី។ លោក​បន្ត​ថា ថ្វី​ត្បិត​កាំកុងត្រូល គឺ​ជា​ផ្នែក​មួយ​នៃ​ក្រសួង​ពាណិជ្ជកម្ម ក៏​ពិត​មែន ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​មាន​ជាប់​ទាក់ទិន​ទៅ​ស្ថាប័ន​ផ្សេង​ទៀត​របស់​រដ្ឋ​ដែរ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋ​នៅ​មិន​ទាន់​បាន​កំណត់​ជា​គោលការណ៍​រួម​មួយ ដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​ជាតិ​គីមី​នេះ​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​បែប​ណា លោក កែន រដ្ឋា អះអាង​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​កំពុង​តែ​ជំរុញ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ធានា​ពី​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ៖ «កាំកុងត្រូល គឺ​ជា​ផ្នែក​មួយ​នៃ​ក្រសួង​ពាណិជ្ជកម្ម ហើយ ប៉ុន្តែ​ទាក់ទង​រឿង​ការ​ប្រើប្រាស់​ដូចជា​បន្លែ​អី​ផ្សេងៗ ការ​ដាំ​ការ​អី​អា​ហ្នឹង​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម អី​ផ្សេងៗ»

បើ​ទោះ​ជា​បែប​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​នៅ​តែ​ពុំ​មាន​យន្តការ​ដើម្បី​ត្រួត​ពិនិត្យ​ផលិតផល ដែល​មាន​ផ្ទុក​ដោយ​សារធាតុ​គីមី​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ ម្យ៉ាង គួប​ផ្សំ​កម្រិត​ជំនាញ​របស់​មន្ត្រី​ដែល​ទទួល​បន្ទុក​លើ​ផ្នែក​នេះ នៅ​មាន​កម្រិត​ថែម​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។