ពលរដ្ឋ​នៅ​ពោធិ៍សាត់​ត្អូញ​ពី​ផល​ប៉ះពាល់​ដោយសារ​អាជីវកម្ម​បូម​ខ្សាច់

0:00 / 0:00

ការដ្ឋាន​បូម​ខ្សាច់​ខ្នាត​តូច និង​ធំ​ចំនួន ៥ នៅ​តាម​ដង​ស្ទឹង​ពោធិ៍សាត់ ប៉ែក​ខាង​លើ ​មាន​សកម្មភាព​បូម និង​ដឹក​ជញ្ជូន​ខ្សាច់​ទាំង​យប់​ទាំង​ថ្ងៃ។ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​ការដ្ឋាន​ទាំង​នោះ បារម្ភ​ពី​បញ្ហា​បាក់​ច្រាំង​ស្ទឹង និង​ត្អូញត្អែរ​ពី​បញ្ហា​ធូលី​ដី​ហុយ​ប៉ះពាល់​សុខភាព​កូន​ចៅ បណ្ដាល​មក​ពី​សកម្មភាព​ដឹក​ជញ្ជូន​ដី​ខ្សាច់​ចេញ​ពី​ការដ្ឋាន​ កាត់​តាម​ភូមិឋាន​របស់​ពួកគាត់។

ឡាន​បែន​ដឹក​ខ្សាច់​ធុន​ធ្ងន់ និង​ស្រាល​ជា​ច្រើន​គ្រឿង បាន​ជញ្ជូន​ខ្សាច់​ពី​ស្ទឹង​ពោធិ៍សាត់ ដែល​ឈ្មួញ និង​ពលរដ្ឋ​ខ្លះ​បូម​ពី​ស្ទឹង​ស្ដុក​ទុក​ក្បែរ​ច្រាំង បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​ជិត ៣​ឆ្នាំ​ហើយ។ ពលរដ្ឋ​រស់នៅ​ក្រុង​ពោធិ៍សាត់​ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា​​ ថា ធូលី​ដី​ហុយ​ស្ទើរ​​ងងឹត​មេឃ​ដោយសារ​ឡាន​ដឹក​ខ្សាច់​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥ និង​ផ្លូវ​អ្នកតា​ឃ្លាំង​មឿង នៃ​ក្រុង​ពោធិ៍សាត់។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ដប់បាត្រ សង្កាត់​លលកស អ្នកស្រី អៀម ផល រៀបរាប់​ថា ក្រៅ​ពី​បញ្ហា​សុខ​ភាព​របស់​អ្នក​ភូមិ និង​បរិស្ថាន ឡាន​ដឹក​ខ្សាច់​បង្ក​ឲ្យ​ផ្លូវ​ខូច​ខ្ទេចខ្ទី​ដែរ ហើយ​អ្នកស្រី​សង្កេត​ឃើញ​នៅ​រដូវ​ភ្លៀង​មក​ដល់​ម្ដងៗ មាន​ម៉ូតូ​ដួល​បន្ត​កន្ទុយ​គ្នា​ចន្លោះ​ពី​៥ ទៅ ១០​គ្រឿង​ ​ក្នុង​១​ថ្ងៃ។

អ្នកស្រី​ថា បញ្ហា​ទាំង​នេះ​ពលរដ្ឋ​ធ្លាប់​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​មិន​ឃើញ​មាន​វិធានការ​អ្វី​សោះ៖ «អា​រឿង​បញ្ហា​ដឹក​ខ្សាច់​ហ្នឹង វា​មាន​ការ​លំបាក​ធ្ងន់ធ្ងរ​ជា​ទី​បំផុត​ហើយ! មួយ​ថ្ងៃៗ គឺ​ឡាន​បើក​បន្ត​កន្ទុយ​គ្នា​សុទ្ធ​តែ​ឡាន​ដឹក​ខ្សាច់​ទាំង​អស់។ ហុយ​ប៉ះពាល់​ដល់​កូន​ខ្លះ​ឈឺ កើត​ជំងឺ​សួត​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ។ ចាស់ៗ​ក៏​លំបាក​ពេល​ហូប​បាយ ហូប​នំ​ចំណី ដូច​ហូប​ដី​អ៊ីចឹង»

ចំណែក​អាជីវករ​លក់​នំ​បញ្ចុក​នៅ​មុខ​ផ្ទះ​​​ ឋិត​នៅ​បណ្ដោយ​ផ្លូវ​លេខ​៥៥​ គឺ​អ្នកស្រី ស្រី សាវិន ដៃ​កំពុង​រវល់​ចិត​ល្បោយ​នំ​បញ្ចុក​បណ្ដើរ និង​មាន​ប្រសាសន៍​បណ្ដើរ​ថា សកម្មភាព​ដឹក​ខ្សាច់​ច្រើន និង​ហុយ​កាន់​តែ​ខ្លាំង គឺ​នៅ​ក្នុង​ឆ្នាំ​២០១៥​​ នេះ។
អ្នកស្រី​ថា បើ​នៅ​តែ​ហុយ​បែប​នេះ​ទៀត​​ ​មុខ​របរ​លក់​នំ​បញ្ចុក​គាត់​នឹង​ត្រូវ​ខាត​បង់ ដូច្នេះ​អាជ្ញាធរ​ ​ឬ​ម្ចាស់​ការដ្ឋាន​ខ្សាច់​ត្រូវ​តែ​គិតគូរ និង​ដោះស្រាយ​បញ្ហា​នេះ៖ «ការ​លក់​ដូរ​អី​វា​ហុយ​ពេក មើល​អីវ៉ាន់​ខ្ញុំ​ហ្នឹង​ពូ​ឯង​មើល​ឃើញ​ស្រាប់​ហើយ​សុទ្ធ​តែ​ដី។ សូម​ឲ្យ​រដ្ឋ​អំណាច​ជួយ​ដោះស្រាយ​ចាក់​ទឹក​កុំ​ឲ្យ​ហុយ បាន​អី​ក្នុង​មួយ​ថ្ងៃ​បាន​ស្រោច​ម្ដង​ក៏​គ្រាន់​បន្តិច​ដែរ»

ឆ្លើយ​តប​បញ្ហា​នេះ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ពោធិ៍សាត់ លោក សេង ប៊ុនថុល បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ការដ្ឋាន​បូម​ខ្សាច់​ចំនួន​២៤ នៅ​ដង​ស្ទឹង​ពោធិ៍សាត់ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចំនួន ១៩​ ហើយ បាន​ទទួល​​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ បន្ទាប់​ពី​ពិនិត្យ​ភាព​ត្រឹមត្រូវ​លើ​ឯកសារ និង​សិក្សា​លើ​បច្ចេកទេស​បូម។

ចំពោះ​ក្រុមហ៊ុន​ផ្សេង​ទៀត​ លោក​ថា ​នឹង​ពិនិត្យ​មើល​បច្ចេកទេស មុន​នឹង​សម្រេច​ផ្ដល់​អាជ្ញាប័ណ្ណ​ជា​បន្ត​បន្ទាប់​ទៀត ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​បណ្ដាល​ឲ្យ​ខូច​ផ្លូវ ឬ​ហុយ​ធូលី​ដី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នោះ​​​ ខាង​លោក​នឹង​ចុះ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ជា​ប្រចាំ៖ «ការងារ​បូម​ខ្សាច់​ខាង​ខ្ញុំ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ អា​រឿង​ចាក់​ទឹក (កុំ​ឲ្យ​ហុយ) ហូរ​ចូល​ក្នុង​ផ្ទះ​គាត់​អី​ហ្នឹង​ខាង​ខ្ញុំ​បាន​ដោះស្រាយ​ជួស​ជុល​ផ្លូវ​អី​ឲ្យ​គាត់ តែ​ដល់​ពេល​រឿង​នេះ​ខ្ញុំ​ទើប​តែ​ឮ​ដំណឹង»

យ៉ាង​ណា​ក្រុម​ពលរដ្ឋ និង​អាជ្ញាធរ​សង្កាត់​លលកស នៃ​ក្រុង​ពោធិ៍សាត់ រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​ថា មិន​ទាន់​គ្រប់គ្រង​ធនធាន​ខ្សាច់​ក្នុង​ស្ទឹង​ពោធិ៍សាត់ បាន​ត្រឹមត្រូវ​នៅ​ឡើយ។ នៅ​ទី​តាំង​ខ្លះ​មាន​សកម្មភាព​បូម​ខ្សាច់​ទាំង​យប់​​ថ្ងៃ​ ​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ បណ្ដាល​ឲ្យ​បាក់​ច្រាំង​ស្ទឹង​ស្ទើរ​ក្លាយ​ទៅ​ជា​ទន្លេសាប និង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ ខណៈ​ធនធាន​ខ្សាច់​កាន់​តែ​ខ្សត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។