សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កសាង​ប្រឡាយ​ទឹក​ឲ្យ​ត្រី​ផ្លាស់ទី​មុន​បិទ​ទន្លេ​សេសាន

ដោយ មែន សុធីរ
2015.08.01
ផែនទី សេសានក្រោម២ ៦២០ ផែនទី​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Men Sothyr

សមាជិក​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា ជំរុញ​ឲ្យ​ក្រុមហ៊ុន​ពន្លឿន​ការ​កសាង​ប្រឡាយ​ទឹក ដើម្បី​ឲ្យ​ត្រី​ផ្លាស់​ទី មុន​ពេល​បិទ​ទន្លេ​សេសាន​ទាំង​ស្រុង។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កសាង​សម្រេច​បាន​ជាង ៣០​ភាគរយ ហើយ​ក្រុមហ៊ុន​នៅ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​ពី​គម្រោង និង​យន្តការ​នៃ​ការ​កសាង​ប្រឡាយ​ទឹក​ដើម្បី​ធានា​ពី​ការ​បន្លាស់​ទី​របស់​ត្រី។

សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​ពី​សកម្មភាព​គម្រោង​កសាង​ប្រឡាយ​ទឹក​របស់​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ កំពុង​ដំណើរការ​សាងសង់​រួចរាល់​នៅ​ចុង​ឆ្នាំ​២០១៧ នឹង​បិទ​ទន្លេ​ទាំង​ស្រុង ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​បន្លាស់​ទី​របស់​ត្រី។

មន្ត្រី​សម្របសម្រួល​អង្គការ​បណ្តាញ​ទន្លេ​បី លោក មៀច មាន រក​ឃើញ​ថា នៅ​ពេល​ដែល​ទំនប់​បិទ​ទាំង​ស្រុង ត្រី​មិន​អាច​បន្លាស់​ទី​ឡើង​ទៅ​ទន្លេ​ផ្នែក​ខាងលើ​ដើម្បី​ពង​កូន ហេតុ​នេះ​ចាំបាច់​ឲ្យ​ការ​កសាង​ប្រឡាយ​ទឹក​ដែល​ជា​ច្រក​ផ្លូវ​សម្រាប់​ត្រី​ឡើង​ចុះ ឬ​ក៏​បន្លាស់​ទី​បាន។ លោក​ថា ការ​កសាង​ប្រឡាយ​ទឹក​សម្រាប់​ការ​បន្លាស់​ទី​របស់​ត្រី ធ្វើ​យ៉ាង​ណា​តម្រូវ​ឲ្យ​មាន​អ្នក​ជំនាញ​ផ្នែក​ជលផល​សិក្សា​ឲ្យ​លម្អិត ដែល​ធានា​ថា ត្រី​ទាំង​តូច​ទាំង​ធំ​អាច​បន្លាស់​ទី​បាន។

លោក មៀច មាន បារម្ភ​ថា នៅ​ពេល​ត្រី​បន្លាស់​ទី​ប្រែប្រួល​ទៅ​តាម​អាកាសធាតុ និង​រដូវ​កាល៖ «ការ​ផ្លាស់ប្ដូរ ការ​បន្លាស់​ទី​របស់​ត្រី គឺ​ប្រភេទ​ត្រី​ដែល​បន្លាស់​ទី​ពី​ខាង​ក្រោម​ឡើង​ទៅ​លើ គឺ​ការ​បន្លាស់​ទី​ទៅ​រក​កន្លែង​ពង​កូន​របស់​ពពួក​ត្រី​ទាំង​អស់​ហ្នឹង ហើយ​បើ​សិន​ណា​ត្រី​ទាំង​អស់​ហ្នឹង​មិន​អាច​បន្លាស់​ទី​ទៅ​ផ្នែក​ខាង​លើ​បាន​ទេ គឺ​នឹង​បាត់​ការ​ពង​កូន​របស់​វា ជួនកាល​អាច​ងាយ​ស្រួល​ដល់​ផ្នែក​ខាង​ក្រោម​ចាប់​យក​អស់»

​តំណាង​ក្រុមហ៊ុន​កសាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ លោក អ៊ុំ រ៉េត មិន​ផ្ដល់​អធិប្បាយ​ចំពោះ​បញ្ហា​នេះ​ទេ ដោយ​លោក​ថា បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ជនជាតិ​ចិន ខាង​បច្ចេកទេស​ផ្នែក​គ្រប់គ្រង​បរិស្ថាន។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជលផល រួម​ទាំង​អ្នក​មន្ត្រី​ជំនាញ បាន​សិក្សា និង​វាយ​តម្លៃ​ពី​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ផល​ប៉ះពាល់​រួច​រាល់​ហើយ តែ​អ្វី​ដែល​អាច​កែតម្រូវ​បាន គេ​នឹង​កែប្រែ​ទាក់ទិន​ការ​កសាង​ប្រឡាយ​ទឹក​នោះ។

លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ជ្រើស​យក​លក្ខណៈ​កសាង​ប្រឡាយ​ទឹក​ដែល​មាន​លក្ខណៈ​បច្ចេកទេស​សុក្រឹត​មួយ ដែល​ធានា​ពី​បទដ្ឋាន​ច្បាស់លាស់ ដើម្បី​បម្រើ​ឲ្យ​ការងារ​បច្ចេកទេស​ទាំង​មូល៖ «ផ្លូវ​ពង្វាង​ត្រី យើង​មើល​ទាំង​អស់​គ្នា តើ​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ដល់​ត្រី? វា​ប៉ះពាល់​តិចតួច​ជៀស​មិន​ផុត​ទេ តែ​ប៉ះពាល់​ទាំង​ស្រុង វា​មិន​ប៉ះ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ជា​ជនជាតិ​ចិន លោក មួ វ៉ុនផេង (Mou Wonpeng) ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ផែនការ​រៀបចំ​ប្រឡាយ​ទឹក​ធ្វើ​ឡើង​តាម​អូរ​ចាស់​ជាប់​ពី​ទន្លេ​រំលង​ទំនប់​វារីអគ្គិសនី​ជា​ច្រើន​គីឡូម៉ែត្រ។ លោក​ថា ប្រឡាយ​ទឹក​ត្រូវ​កសាង​ទទឹង​ប្រវែង ១០​ម៉ែត្រ។ តែ​យ៉ាង​ណា លោក​មិន​កំណត់​ពេល​ជាក់លាក់​កសាង​ប្រឡាយ​ទឹក​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​លោក​ថា គម្រោង​នេះ​នឹង​ដំណើរការ​ឆាប់ៗ​ខាង​មុខ។

អង្គការ​អភិរក្ស​ធន​ធាន​ជលផល​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏​ធ្លាប់​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ បង្កើត​ប្រព័ន្ធ​ចរន្តទឹក​រំលង​ទំនប់​វារីអគ្គិសនី ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​ផ្លាស់​ទី​បាន​មុន​ពេល​ទន្លេ​ត្រូវ​បិទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។