អ្នក​ភូមិ​បណ្ដែត​ទឹក​នៅ​សៀមរាប​ខ្វះ​មណ្ឌល​សុខភាព

0:00 / 0:00

ភូមិ​ចល័ត​បណ្ដែត​ទឹក​ពាម​តាអួ ឃុំ​កែវពណ៌ ស្រុក​ពួក មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បឹង​ទន្លេសាប ប្រមាណ​ជាង ២៧០​គ្រួសារ បើ​គិត​ចំនួន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​ពាន់​នាក់ ដែល​បច្ចុប្បន្ន ពួក​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ពីរ​យ៉ាង គឺ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​គ្មាន​មណ្ឌល​សុខភាព​សម្រាប់​បម្រើ​សេវា​សុខភាព​សាធារណៈ។

តើ​ក្រុម​អ្នក​ភូមិ​ទី​នោះ​ពេល​ឈឺ​ម្ដងៗ នឹង​ទៅ​ទទួល​ការ​ព្យាបាល​នៅ​កន្លែង​ណា ហើយ​តើ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ពួក​គេ​រស់នៅ?

ភូមិ​បណ្ដែត​ទឹក​ពាម​តាអួ ក្នុង​បឹង​ទន្លេសាប ចម្ងាយ​ប្រមាណ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

អ្នក​ភូមិ​ទី​នោះ​បាន​ឱ្យ​ដឹង​ថា ពួក​គេ​មាន​កង្វល់​ជាច្រើន​ជំនាន់​មក​ហើយ​ទៅ​លើ​ការ​គ្មាន​មន្ទីរពេទ្យ​របស់​រដ្ឋ​នៅ​ក្នុង​សហគមន៍។ ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា ផល​លំបាក​របស់​ពួក​គេ​នៅ​ពេល​មាន​អ្នក​ជំងឺ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ម្ដងៗ គឺ​ចំណាយ​ប្រាក់​ថ្លៃ​ជួល​ទូក ឬ​ក៏​ថ្លៃ​រ៉ឺម៉ក​ម៉ូតូ​ប្រមាណ​ពី ១៥.០០០​រៀល ឬ​ក៏ ៤​ម៉ឺន​រៀល ចំណែក​ឯ​ការ​ធ្វើ​ដំណើរ​ទៀត​សោត ក៏​ចំណាយ​ពេល​យូរ ដោយសារ​តែ​ផ្លូវ​ឆ្ងាយ។

ក្រុម​អ្នក​ភូមិ​បាន​អំពាវនាវ​រក​សប្បុរស​ជន ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា សូម​ឱ្យ​ជួយ​សង់​មណ្ឌល​សុខភាព​ចល័ត​តាម​ទឹក​មួយ ប្រសិន​បើ​មាន​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន។

ស្ត្រី​អ្នក​ភូមិ​ពាម​តាអួ ម្នាក់ គឺ​អ្នកស្រី កេង ចិន។ គាត់​អង្គុយ​នៅ​ក្រោម​ដំបូល​ខ្ទម​តូច​មួយ ដែល​ប្រក់​ស្លឹក​ត្នោត ដោយ​មាន​ដាក់​លក់​ដូរ​ផ្លែ​ឈើ និង​នំ​បន្តិចបន្តួច បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​គាត់​មិន​មាន​អារម្មណ៍​កក់ក្ដៅ​ទេ ដោយសារ​តែ​គ្មាន​មណ្ឌល​សុខភាព​សម្រាប់​ព្យាបាល​ជំងឺ​នៅ​ក្នុង​ភូមិ​របស់​គាត់។

ស្ត្រី​ដដែល​មាន​ប្រសាសន៍​ថា គាត់​មាន​កូន​ជាច្រើន​នាក់ ហើយ​នៅ​ពេល​ដែល​កូន​របស់​គាត់​ឈឺ​ម្ដងៗ គឺ​គាត់​ពិបាក​នាំ​ទៅ​មណ្ឌល​សុខភាព ដែល​មាន​តែ​នៅ​ឯ​ឃុំ​កែវពណ៌ ចម្ងាយ​ប្រមាណ ១៧​គីឡូម៉ែត្រ​ពី​ភូមិ​របស់​គាត់។ ចំណែក​ការ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​ទៀត​សោត គឺ​ប្រហែល ១៥.០០០​រៀល ទាំង​ទៅ​ទាំង​មក៖ «សូម​ឱ្យ​ទី​នេះ​មាន​ទឹក​ស្អាត ហើយ​និង​មណ្ឌល​សុខភាព។ មាន​មណ្ឌល​សុខភាព​នៅ​ក្នុង​ភូមិ​អីចឹង​ធ្ងន់​ខ្លួន ទោះ​បី​ជា​យប់​ថ្ងៃ​យ៉ាង​ណា ក៏​គ្រាន់។ ដូច​ថា មាន​កូន​ចៅ​ឈឺ​អីចឹង គឺ​វា​ជិត។ គិត​វែង​ឆ្ងាយ​ណាស់ ពេល​កូន​ឈឺ​អីចឹង បើ​អ្នក​មាន​លុយ​គេ​ចេះ​តែ​ទៅ បើ​ខ្ញុំ​ខែ​ណា​រក​អត់​បាន​អីចឹង កូន​ឈឺ គឺ​សំកុក​នៅ​ផ្ទះ អត់​មាន​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​សុខភាព​ទៀត»

ចំណែក​លោក ឈាន ណារិទ្ធិ ជា​អ្នក​ភូមិ​បណ្ដែត​ទឹក​ពាម​តាអួ ម្នាក់​ទៀត មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ថា រូប​លោក និង​អ្នក​ភូមិ​ទាំងអស់​មាន​ការ​ពិបាក​ជា​ខ្លាំង នៅ​ពេល​ដែល​មាន​អ្នក​ឈឺ​ម្ដងៗ គឺ​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ដឹក​អ្នក​ឈឺ​ទៅ​កាន់​មណ្ឌល​សុខភាព នៅ​ឯ​ឃុំ​កែវពណ៌។ នៅ​រដូវ​វស្សា ថ្លៃ​ជួល​កាណូត​ដឹក​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ គឺ ៤​ម៉ឺន​រៀល ស្មើ​នឹង ១០​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ឈាន ណារិទ្ធិ៖ «ខ្ញុំ​មក​នៅ​ទី​ហ្នឹង​ប្រហែល​ចូល ២០​ឆ្នាំ​ហើយ អត់​មាន​ឃើញ​មណ្ឌល​សុខភាព​ទេ។ រួច​ផ្លូវ​វា​យ៉ាប់ ប្រើ​ពេល​តិច​ណាស់​ក៏ ២ ទៅ ៣​ម៉ោង បាន​ទៅ​ដល់​មណ្ឌល​សុខភាព។ ថវិកា​ចំណាយ​ប្រហែល​ជា ១០​ដុល្លារ បាន​ទៅ​ដល់​កន្លែង​នោះ។ ឈឺ​រាល់​ថ្ងៃ បើ​ថា​ល្មមៗ​ស្រាលៗ​អី យើង​អាច​ញ៉ាំ​ថ្នាំ បើ​ថា​រាង​ធ្ងន់​អី បញ្ជូន​ទៅ​ពេទ្យ​ភ្លាម។ ស្ត្រី​ដែល​ជិត​គ្រប់​ខែ ឱ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ ដល់​ពេល​គ្រប់​ខែ​ហើយ​គឺ​ឡើង​ទៅ​សម្រាក​ចាំ​សម្រាល​តែ​ម្ដង»

ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​បណ្ដែត​ទឹក​ពាម​តាអួ គឺ​ទី​ពឹង​លើ​មុខ​របរ​នេសាទ​ត្រី​តែ​មួយ​មុខ​គត់ ហើយ​ចំណូល​តិចតួច​ដែល​បាន​ពី​ការ​លក់​ផល​នេសាទ គឺ​យក​ទៅ​ចំណាយ​លើ​ថ្លៃ​ទិញ​អង្ករ បន្លែ ផ្លែ​ឈើ​ពី​អ្នក​ភូមិ​ដែល​នៅ​លើ​គោក។ ដូច្នេះ ប្រសិន​បើ​ពួក​គេ​ត្រូវ​ចំណាយ​ច្រើន​លើ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​សុខភាព​ដែល​នៅ​ឆ្ងាយ​ទៀត​នោះ គឺ​ជា​បញ្ហា​ប្រឈម​មុខ​ទៅ​នឹង​ជីវភាព។

ក្រុម​អ្នក​ភូមិ​កំពុង​អំពាវនាវ​រក​សប្បុរស​ជន ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​មាន​លទ្ធភាព ឱ្យ​ជួយ​សង់​ប៉ុស្តិ៍​សុខភាព​មួយ ដែល​អាច​បណ្ដែត​ទឹក​ចល័ត​ទៅ​តាម​ពួក​គេ​បាន នោះ​ជា​ការ​ត្រេកអរ​បំផុត។

អនុប្រធាន​ភូមិ​ពាម​តាអួ គឺ​លោក លី មោង បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ភូមិ​របស់​លោក​គឺ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ១​ពាន់​នាក់។ លោក លី មោង បាន​មាន​ប្រសាសន៍​ទៀត​ថា ជាច្រើន​ជំនាន់​មក​ហើយ ក្នុង​ភូមិ​របស់​លោក​មិន​ដែល​មាន​មណ្ឌល​សុខភាព​ទេ៖ «ខ្ញុំ​ចង់​ឱ្យ​អង្គការ​ណា​ក៏​ដោយ បើ​សិន​ជា​មាន​លទ្ធភាព​អាច​ផ្ដល់​ជា​មណ្ឌល​សុខភាព​ឱ្យ​គ្រួ​សារ ប្រជាពលរដ្ឋ នៅ​ភូមិ​នេះ អរគុណ​ច្រើន។ តូច​ធំ​ក៏​ដោយ ឱ្យ​តែ​មាន​គ្រូពេទ្យ​នៅ​ប្រចាំ​ការ»

ក្រុម​ប្រឹក្សា​ឃុំ​កែវពណ៌ បាន​ឱ្យ​ដឹង​ថា គេ​ធ្លាប់​ទាក់ទង​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​បង្កើត​មណ្ឌល​សុខភាព​នៅ​ភូមិ​ពាម​តាអួ នោះ ក៏ប៉ុន្តែ​ការ​ស្នើសុំ​នៅ​តែ​មិន​បាន​លទ្ធផល ដោយសារ​តែ​ចំនួន​អ្នក​ភូមិ​ដែល​រស់នៅ​ទី​នោះ មិន​គ្រប់​តាម​គោលការណ៍​ស្ថិតិ​ដែល​ត្រូវ​ឱ្យ​សង់​ជា​មណ្ឌល​សុខភាព​បាន​នៅ​ឡើយ។

លោក លួស ឡាយ ជា​មេ​ឃុំ​កែវពណ៌ បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ស្នើសុំ​ឱ្យ​មាន​ប៉ុស្តិ៍​សុខភាព​មួយ​ប្រចាំ​នៅ​ទី​នោះ​សិន នៅ​ពេល​ដែល​ចំនួន​អ្នក​ភូមិ​មិន​ទាន់​គ្រប់​អាច​ឱ្យ​សង់​ជា​មណ្ឌល​សុខភាព​បាន​នៅ​ឡើយ ក៏ប៉ុន្តែ​ដំណោះស្រាយ​នៅ​តែ​គ្មាន ពីព្រោះ​រដ្ឋាភិបាល​នៅ​ខ្វះ​គ្រូពេទ្យ​ដើម្បី​ទៅ​ប្រចាំ​ការ​ទី​នោះ។

ចំណែក​លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល គឺ​អាច​សង់​មណ្ឌល​សុខភាព​នៅ​ទី​ណា​មួយ​បាន លុះ​ណា​តែ​នៅ​ទី​នោះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចាប់​ពី ៥​ពាន់​នាក់។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ការ​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ​ទេ គឺ​តែង​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ដែល​អាច​ធ្វើ​បាន ក៏ប៉ុន្តែ​ចំពោះ​ភូមិ​បណ្ដែត​ទឹក​ដូច​ពាម​តាអួ នោះ មិន​ត្រឹម​តែ​រស់នៅ​លើ​ទឹក​ទេ គឺ​ថែម​ទាំង​ចល័ត​មិន​ទៀង​ទាត់ ជា​ហេតុ​ដែល​ពិបាក​ក្នុង​ការ​សាងសង់​មណ្ឌល​សុខភាព​សម្រាប់​អ្នក​ភូមិ​ទី​នោះ។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់៖ «សុខាភិបាល​គិតគូរ​ណាស់! ដូច​នៅ​កំពង់ភ្លុក អីចឹង យើង​កំពុង​តែ​មាន​គម្រោង​រៀបចំ ស្ថានទូត​អាមេរិក ទៅ​សាងសង់​ឱ្យ។ ហើយ​ដូច​នៅ​កន្លែង​ហ្នឹង​អី គឺ​ថា​ភូមិ​បណ្ដែត​ទឹក​ហើយ​ចល័ត​ទៀត វា​ជា​រឿង​យើង​ប្រឈម​មួយ។ ក៏ប៉ុន្តែ យើង​មាន​អង្គការ​មួយ​គេ​ហៅ​ថា ទន្លេ​គ្លីនិក គឺ​គាត់​បាន​ធ្វើ​ការងារ​ហ្នឹង​ជាមួយ​នឹង​បងប្អូន ប្រជាជន​នៅ​តាម​ដង​ទន្លេ ភូមិ​ចល័ត​ហ្នឹង។ បុគ្គលិក​មណ្ឌល​សុខភាព យើង​ចុះ​ទៅ​តាម​ទន្លេ​គ្លីនិក​ហ្នឹង។ ទូក​គេ​ធំ​ណាស់ យើង​ធ្វើ​តាម​ហ្នឹង​រហូត»

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ជាច្រើន​ឆ្នាំ​មក​ហើយ ក្រសួង​សុខាភិបាល​បាន​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​ដៃគូ និង​ម្ចាស់​ជំនួយ​ធំៗ ដើម្បី​ធ្វើ​ឱ្យ​មណ្ឌល​សុខភាព​នៅ​តាម​សហគមន៍​ជនបទ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ នៅ​ខេត្ត​សៀមរាប បច្ចុប្បន្ន​មាន​មណ្ឌល​សុខភាព​តាម​ឃុំ​ចំនួន ៨៤​កន្លែង ហើយ​នៅ​ឆ្នាំ​២០១៣ នេះ គេ​មាន​គម្រោង​សម្ពោធ​មណ្ឌល​សុខភាព​ថ្មី​ចំនួន ៥​កន្លែង​ទៀត​សម្រាប់​បម្រើ​សុខភាព​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។