ស្ថានភាព​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង​រយៈពេល​ជាង​១​ឆ្នាំ

0:00 / 0:00

ការ​ផ្ទុះ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ មាន​ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​ជិត ៣០០​នាក់ ក្នុង​ចំណោម​នោះ ១១​នាក់​បាន​ស្លាប់។ ចំណែក​ឯ​គ្រូពេទ្យ​ដែល​ចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ចូល​ថវិកា​រដ្ឋ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​នោះ​ទេ ដោយ​ពួក​គាត់​ចង់​ឲ្យ​តុលាការ​ដាក់​ទោស​អស់​មួយ​ជីវិត។

តើ​ស្ថានភាព​រស់នៅ​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​យ៉ាង​ដូចម្ដេច​ដែរ? តើ​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ មាន​វិធានការ​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួក​គាត់​ក្នុង​ឆ្នាំ​ខាង​មុខ?

ចាប់​តាំង​ពី​មេរោគ​អេដស៍​ផ្ទុះ​ឡើង​នៅ​ឃុំ​រកា មក មាន​រថយន្ត​តូច​ធំ ទាំង​របស់​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ព្រម​ទាំង​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ចេញ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​នោះ​ជា​បន្តបន្ទាប់។ ចំណែក​ឯ​ការ​អភិវឌ្ឍ​វិញ ទាំង​ផ្នែក​ផ្លូវ​ថ្នល់ និង​សុខាភិបាល ជាដើម មាន​ការ​រីក​ចម្រើន​ជាង​ពេល​មុនៗ មាន​ជាអាទិ៍ ការ​ពង្រីក​ផ្លូវ​លំ​ធំ​ជាង​មុន និង​ក្រាល​កៅស៊ូ​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​ឃុំ​រកា និង​សាងសង់​អគារ​មណ្ឌល​សុខភាព​មួយ​ខ្នង​កម្ពស់ ៣​ជាន់ សម្រាប់​ព្យាបាល​ជំងឺ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​មូលដ្ឋាន​នេះ ជាដើម។

ប្រជាពលរដ្ឋ​ទៅ​ជួប​គ្រូពេទ្យ​ក្នុង​មណ្ឌល​សុខភាព​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​ទៅ​ជួប​គ្រូពេទ្យ​ក្នុង​មណ្ឌល​សុខភាព​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ (RFA/Hum Chamroeun)

ទោះ​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រចាំ​ការ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ លើក​ឡើង​ថា ការ​អភិវឌ្ឍ​នេះ​មិន​ស្មើ​នឹង​សោកនាដកម្ម​របស់​ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​នោះ​ឡើយ។

ប្រធាន​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​បាត់ដំបង លោក ប៉ុក សុជាតិ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​នោះ​គ្រាន់​តែ​ជា​ការ​ជួយ​រំលែក​ទុក្ខ​ដល់​ប្រជាពលរដ្ឋ​បាន​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ មាន​ន័យ​ថា ប្រជាពលរដ្ឋ​មិន​ទទួល​បាន​ផល​ចំណេញ​ពី​ការ​អភិវឌ្ឍ​នេះ​ឡើយ៖ «យើង​គិត​ថា ភាព​អាម៉ាស់​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា នឹង​មាន​ដិតដាម​ជា​បន្តបន្ទាប់​គ្មាន​ថ្ងៃ​លុប​លាង​បាន​នោះ​ទេ»

ចាប់​តាំង​ពី​ផ្ទុះ​មេរោគ​អេដស៍​នៅ​ឃុំ​រកា នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៤ មក ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង ដូច​ពេល​មិន​ទាន់​ផ្ទុក​មេរោគ​អេដស៍​នោះ​ទេ។ ពួក​គាត់​ត្រូវ​ជាប់​រវល់​ទៅ​បើក​ថ្នាំ​ពន្យារ​អាយុ​ជីវិត​សម្រាប់​លេប​សឹង​រៀង​រាល់​ខែ ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ញឹកញាប់​ទៀត​ផង។ អំឡុង​ពេល​លេប​ថ្នាំ​នេះ ប្រជាពលរដ្ឋ​ខ្លះ​ដែល​ថ្នាំ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​ខ្លាំង​ពេក ធ្វើ​ឲ្យ​គ្មាន​កម្លាំង​កំហែង និង​ពុំ​អាច​ធ្វើ​ការងារ​អ្វី​ធ្ងន់​បាន​ឡើយ។ បញ្ហា​នេះ គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​ដែល​ជំពាក់​ប្រាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ធ្វើ​ឲ្យ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​សង​បំណុល​គេ​បាន​នោះ​ទេ។ ត្រង់​ចំណុច​នេះ កន្លង​ទៅ​មាន​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ជាច្រើន បាន​ចុះ​អប់រំ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​មាន​ភាព​កក់ក្ដៅ និង​បង្កើត​សហគមន៍​បណ្ដុះ​ផ្សិត​នៅ​ក្នុង​វត្ត​រកា ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​ជូន​គ្រួសារ​ពួក​គាត់។ ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បោះបង់​ការ​លេប​ថ្នាំ​ពន្យារ​អាយុ​ជីវិត ដោយសារ​លេប​ថ្នាំ​ទៅ​ថ្នាំ​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​របស់​ពួក​គាត់។

ប្រធាន​អង្គការ​បណ្ដាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​នៅ​កម្ពុជា លោក ស៊ន សុធារិទ្ធ មាន​ប្រសាសន៍​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​បោះបង់​ការ​លេប​ថ្នាំ​ពន្យារ​អាយុ​ជីវិត​មាន​ប្រមាណ ២៥​នាក់ ដែល​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​មាន​សុខភាព​ទ្រុឌទ្រោម ក្នុង​ចំណោម​នោះ​មាន​ប្រជាពលរដ្ឋ​ប្រហែល ២​នាក់​ប៉ុណ្ណោះ ដែល​ងាក​ទៅ​ប្រើប្រាស់​ថ្នាំ​ពន្យារ​អាយុ​ជីវិត​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ណែនាំ​ពី​សំណាក់​គ្រូពេទ្យ​នោះ៖ «ពួក​គាត់​លើក​ឡើង​ថា សុខ​ចិត្ត​ស្លាប់​មិន​លេប​ថ្នាំ​ពន្យារ​អាយុ​ជីវិត​ទៀត​ទេ។ បញ្ហា​នេះ ខាង​បុគ្គលិក​អង្គការ​របស់​ខ្ញុំ​នៅ​តែ​បន្ត​ការងារ​ចុះ​ពន្យល់​ដល់​ពួក​គាត់​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​លេប​ថ្នាំ ប្រឆាំង​នឹង​មេរោគ​អេដស៍​ឲ្យ​បាន​គ្រប់​គ្នា»

ទិដ្ឋភាព​ថ្ងៃ​បុណ្យ​សព លោក សឿម ឆម ជំទប់​ទី២​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង រូបថត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។
ទិដ្ឋភាព​ថ្ងៃ​បុណ្យ​សព លោក សឿម ឆម ជំទប់​ទី២​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង រូបថត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។ (RFA/Hum Chamroeun)

ត្រង់​ចំណុច​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក ស៊ូ សានិត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​បោះបង់​ការ​លេប​ថ្នាំ​ពន្យារ​អាយុ​ជីវិត​មាន​ចំនួន​តិចតួច​ទេ ហើយ​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ។ លោក​អះអាង​ថា បញ្ហា​នេះ មន្ទីរ​សុខាភិបាល​តែង​ចុះ​អប់រំ​ពួក​គាត់​ឲ្យ​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍ នៃ​ការ​ប្រើប្រាស់​ថ្នាំ​នោះ​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល៖ «បាទ! បញ្ហា​នេះ​ពុំ​មែន​ខាង​មន្ទីរ​សុខាភិបាល ឲ្យ​គាត់​បង់​ថ្នាំ​លេប​ទេ តែ​ពួក​គាត់​មិន​លេប​ថ្នាំ​ដោយ​ខ្លួន​ឯង បើ​ទោះ​ជា​យើង​ពន្យល់​គាត់​យ៉ាង​ណា ក៏​គាត់​មិន​ស្ដាប់​ដែរ»

លោក ស៊ូ សានិត បញ្ជាក់​ទៀត​ថា ក្រសួង​សុខាភិបាល បាន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ប្រចាំ​ការ​នៅ​មណ្ឌល​សុខភាព​រកា ដើម្បី​ព្យាបាល​ប្រជាពលរដ្ឋ​រៀង​រាល់​ម៉ោង​ធ្វើ​ការ។ ដោយឡែក​នៅ​ឆ្នាំ​២០១៦ នឹង​បើក​សម្ពាធ​អគារ​សាងសង់​ថ្មី​នៅ​មណ្ឌល​សុខភាព​រកា ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ជា​មន្ទីរពេទ្យ​បង្អែក​កម្រិត​ទី​១ សម្រាប់​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​មនុស្ស​ចាស់ និង​កុមារ ដោយ​មិន​បាច់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ឬ​មន្ទីរពេទ្យ​ផ្សេង​ទៀត​ឡើយ។ លោក​ឲ្យ​ដឹង​ទៀត​ថា មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បាត់ដំបង នឹង​ផ្ដល់​ជំនួយ​ក្នុង​ការ​សង់​អណ្ដូង​ទឹក បង្គន់​អនាម័យ​ជូន​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​សង់​ប្រព័ន្ធ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ឃុំ​រកា តែ​ម្ដង។

កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ កន្លង​ទៅ សាលា​ដំបូង​ខេត្ត​បាត់ដំបង ប្រកាស​សាលក្រម​ផ្ដន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិន ដាក់​គុក ២៥​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន ៣​ករណី គឺ​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល បទ​អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​បទ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ដោយ​ចេតនា ប៉ុន្តែ​ក្នុង​ករណី​នេះ តុលាការ​បាន​កែប្រែ​បទ​ចោទ​មួយ​ករណី គឺ​ពី​បទ​អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម ទៅ​ជា​បទ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​តែ​មរណភាព​នៃ​ជន​រងគ្រោះ​ប្រព្រឹត្ត​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង អំឡុង​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០១៤ នៃ​ក្រមព្រហ្មទណ្ឌ។ រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង សរុប​ចំនួន ២៩២​នាក់ ក្នុង​ចំណោម​នោះ មាន​អ្នក​ស្លាប់​ចំនួន ១១​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។